សញ្ញា៥យ៉ាងដែលបង្ហាញថា លក្ខណៈសម្បត្តិរបស់អ្នកអាចធ្វើជាអ្នកគ្រប់គ្រងគេបាន
តើអ្នកមានអារម្មណ៏ដែរទេថា អ្នកអាចធ្វើការងារធំៗបាន? អ្នកចង់ក្លាយជាអ្នកគ្រប់គ្រងគេ ឬចង់ឱ្យគេគ្រប់គ្រងអ្នក? បើអ្នកស្រមៃចង់ក្លាយជាអ្នកគ្រប់គ្រងគេ អ្នកគួរត្រៀមខ្លួនឱ្យហើយ។ ខាងក្រោមនេះ ជាសញ្ញាទាំង ៥ដែលបញ្ជាក់ថា អ្នកពិតជាអាចធ្វើជាប្រធានគេបាន។
១) អ្នកបានបង្ហាញពីភាពដឹកនាំ និងការគ្រប់គ្រង៖ បុគ្គលិករួមក្រុមស្រលាញ់ និងគោរពអ្នក ហើយម៉្យាងវិញទៀត អ្នកតែងតែស្មគ្រ័ចិត្តធ្វើកិច្ចការផ្សេងៗ ពេលដែលអ្នកបញ្ចប់ការងារអ្វីមួយ។ អ្នកសុខចិត្តធ្វើការងារដែលពិបាក ហើយអ្នកមិនខ្លាច នឹងធ្វើការជាមួយមេធំក្នុងក្រុមហ៊ុនឡើយ។
២) អ្នកមានភាពម្ចាស់ការ៖ នៅពេលដែលអ្នកចាប់ផ្តើមគិតពីពាក្យ "របស់អ្នក" ទៅជា "របស់យើង" នេះជាសញ្ញាមួយដែលបង្ហាញថា អ្នកបានចំណាយពេល ឬ កម្លាំងញើសឈាមជាច្រើនក្នុងក្រុមហ៊ុន ហើយអ្នកត្រៀមខ្លួនជាស្រេចសម្រាប់ជំហានបន្ទាប់។អ្នកក៏មានទំនួលខុសត្រូវជួយបុគ្គលិករួមក្រុមឱ្យជោគជ័យជាមួយគ្នាដែរ។
៣) អ្នកសម្រេចការងារបានតាមការរំពឹងទុក៖ អ្នកត្រូវប្រាកដថាអ្នកមិនមែនធ្វើតែការងារដែលក្រុមហ៊ុនដាក់ឱ្យអ្នកធ្វើនោះទេ អ្នកត្រូវជួយបំពេញការងារតាមការរំពឹងទុករបស់មេរបស់អ្នកទៀតផង។ មិនថាការងារនោះស្រួលឬពិបាកទេ អ្នកត្រូវធ្វើឱ្យអស់ពីសមត្ថភាព។
៤) អ្នកជាមនុស្សដែលត្រៀមចាំទប់ទល់នឹងបញ្ហាជាមុន៖ អ្នកគ្រប់គ្រង ឬមេ តែងតែឃើញបញ្ហាមុនពេលដែលវាមកដល់ ហើយព្យាយាមរកមធ្យោបាយដើម្បីដោះស្រាយ។ បើសិនជាអ្នកអាចមើលឃើញបញ្ហា អ្នកអាចមើលឃើញពីអនាគត និងមើលបានវែងឆ្ងាយ នោះហើយជាលក្ខខណៈសម្បត្តិរបស់មេដឹកនាំ។
៥) អ្នកពង្រឹងការគោរព៖ អ្វើដែលមេ ឬ អ្នកគ្រប់គ្រងអាចធ្វើបាន ទៀតនោះគឺពង្រឹងការគោរពរវាងបុគ្គលិកក្នុងក្រុមហ៊ុន។ នេះមានន័យថាអ្នកមិនមែនគោរពតែអ្នកធ្វើការជាមួយអ្នកទេ ថែមទាំងគេក៏គោរពអ្នក ហើយស្តាប់អ្នក។ ហើយអ្នកក៏ព្យាយាមឱ្យបុគ្គលិករបស់អ្នកសម្រេចកិច្ចការរួមគ្នាប្រកបដោយភាពជោគេជ័យ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.cheatsheet.com