មុនពេលសម្រេចចិត្តរៀបការ ត្រូវគិតលើចំណុចសំខាន់ៗទាំងនេះសិនដើម្បីសាងសុភមង្គលពិតប្រាកដ!
ជីវិតមនុស្សម្នាក់ៗ ជៀសមិនផុតពីការរៀបការនោះឡើយ ព្រោះវាជាក្រិត្យក្រមធម្មជាតិដែលតម្រូវឲ្យមនុស្ស គ្រប់រូបត្រូវមានគូគ្រងដើម្បីចាប់ដៃគ្នាសាងអនាគត។ ប៉ុន្តែយ៉ាងណាក៏ដោយ មុនពេលសម្រេចចិត្តរៀបការជាមួយនរណាម្នាក់ អ្នកត្រូវគិតគូរឲ្យបានច្បាស់ ដើម្បីជៀសវាងបញ្ហាស្មុគស្មាញក្នុងជីវិតដោយសារតែ គំនិតខ្លីរបស់អ្នក។ មុននឹងសម្រេចចិត្តរៀបការ អ្នកត្រូវគិតឲ្យច្បាស់លើចំណុចសំខាន់ៗដូចតទៅ៖
១) មានប្រភពចំណូលច្បាស់លាស់៖ កុំទាន់គិតដល់រឿងបង្កើតគ្រួសារ ប្រសិនបើសូម្បីតែខ្លួនឯងតែម្នាក់ ចិញ្ចឹមមិនរស់ផង។ មនុស្សជាច្រើន គ្មានការងារច្បាស់លាស់ និងប្រភពចំណូលច្បាស់លាស់នោះទេ ប៉ុន្តែបែរជាសម្រេចចិត្តរៀបការទៅវិញ។ ការធ្វើបែបនេះ នឹងបង្កបញ្ហាស្មុគស្មាញខ្លាំង ព្រោះថានៅពេលមានគ្រួសារគឺ ប្រាកដជាមានបន្ទុកជាច្រើនដែលអ្នកត្រូវរ៉ាប់រង ដូច្នេះហើយសូមកុំគិតថា វាជារឿងធម្មតាឲ្យសោះ។ ដូច្នេះហើយ បើចង់រៀបការមែន ត្រូវប្រាកដថា អ្នកមានចំណូលគ្រប់គ្រាន់ដើម្បីចំណាយលើគ្រួសារ។
២) មានលក្ខណៈដូចគ្នា និងស្គាល់ចិត្តគ្នា៖ មានមនុស្សជាច្រើន គឺតែងជួបភ្លាមស្រឡាញ់ភ្លាម ដោយមិនបានគិតគូរ និងព្យាយាមស្វែងយល់ពីគ្នាឲ្យបានស៊ីជម្រៅនោះទេ។ លើសពីនេះទៀត ក្រោយពេលបង្កើតទំនាក់ទំនងជាមួយគ្នាមួយរយៈ ក៏សម្រេចចិត្តរៀបការ ដែលប្រការនេះអាចនឹងធ្វើឲ្យអ្នកទាំងពីរនឹងត្រូវ ប្រឈមនឹងបញ្ហារាប់មិនអស់។ ដូច្នេះហើយមុននឹងអ្នកសម្រេចចិត្តថា រៀបការជាមួយនរណាម្នាក់ គឺត្រូវប្រាកដថា អ្នកនិងមនុស្សដែលអ្នកស្រឡាញ់គឺពិតជា មានលក្ខណៈដូចគ្នាច្រើន ដែលអាចកាន់ដៃគ្នាសាងអនាគតបាន។
៣) ភាពស្មោះត្រង់៖ ជីវិតគូរភរិយានិង ស្វាមីទាំងអស់ ពិតជាមិនអាចខ្វះភាពស្មោះត្រង់បានឡើយ។ ដូច្នេះហើយ មុននឹងឈានដល់ដំណាក់កាលរៀបការ អ្នកត្រូវប្រាកដថា ខ្លួនពិតជាស្រឡាញ់ និង មានភាពស្មោះត្រង់កម្រិតណា ហើយដៃគូរបស់អ្នកវិញគឺយ៉ាងម៉េចដែរ។ ដូច្នេះហើយ ប្រសិនបើមិនទាន់ច្បាស់ចំណុចនេះទេ សូមកុំទាន់ប្រញាប់រៀបការ ព្រោះអ្នកអាចនឹងស្តាយក្រោយនៅពេលខាងមុខ។
៤) ការអធ្យាស្រ័យ៖ ការរស់នៅជាមួយគ្នា គឺជៀសមិនផុតពីមានបញ្ហារកាំរកូសជាមួយគ្នា។ ជាមួយគ្នានេះប្រសិនបើភាគីទាំងសងខាងមានការអធ្យាស្រ័យខ្ពស់លើគ្នាទៅវិញទៅមក នោះអ្នកទាំងពីរនឹងអាចបន្តវិថីជីវិតជាមួយគ្នាបានយូរអង្វែង។ ប៉ុន្តែប្រសិនបើអ្នកប៉ះដៃយកដៃប៉ះជើងយកជើងនោះ គ្រួសារថ្មីនេះនឹងគ្មានថ្ងៃស្គាល់សុភមង្គលនោះឡើយ។ ដូច្នេះហើយ អ្នកត្រូវតែប្រាកដថា អ្នកមានការអធ្យាស្រ័យល្អ នៅពេលគេធ្វើខុស ហើយអ្នកក៏ត្រូវប្រាកដថា ដៃគូរបស់អ្នកមានការអធ្យាស្រ័យខ្ពស់ប្រហាក់ប្រហែលអ្នកដែរ៕
ដោយ៖ អ៊ុន ភក្តី