បើ​រៀន​ខាង​ទីផ្សារ​ តើ​ចប់​ហើយ​អ្នក​គួរ​ធ្វើ​ការ​ផ្នែក​អ្វី?​ដូចដែលអ្នកបានដឹងហើយថា ការសិក្សាខាងផ្នែកទីផ្សារនេះគឺផ្ដោតសំខាន់លើការស្រាវជ្រាវនិងវិភាគទីផ្សារអាជីវកម្ម ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយ លក់ និងចែកចាយផលិតផលដោយផ្ដល់សេវាកម្មល្អបំផុតទៅដល់អតិថិជន។ ហើយការងារអាជីវកម្មណា ក៏ត្រូវការអ្នកដែលមានចំណេះដឹងផ្នែកទីផ្សារផងដែរ។ ខាងក្រោមនេះគឺជាការងារដែលស័ក្ដិសមបំផុតសម្រាប់អ្នកដែលសិក្សាផ្នែកទីផ្សារ៖ ១) អ្នកគ្រប់គ្រងផ្នែកទីផ្សារ៖ មានតួនាទីបង្កើតយុទ្ធសាស្ត្រទីផ្សារ ចង្អុលបង្ហាញផ្លូវដើម្បីធ្វើឲ្យផលិតផលនិងសេវាកម្មកាន់តែប្រសើរឡើង និងប៉ាន់ស្មានទឹកប្រាក់ដែលក្រុមហ៊ុនត្រូវចំណាយសម្រាប់ការអភិវឌ្ឍផលិតផលនោះ។ ២) អ្នកតំណាងផ្នែកលក់៖ មានតួនាទីដឹងពីអ្វីដែលអតិថិជនចង់បានដើម្បីងាយស្រួលផ្ដល់ព័ត៌មានពីផលិតផលពួកគេ ណែនាំផលិតផលដល់អ្នកអតិថិជនថាតើមួយណាស័ក្ដិសមជាងគេ ឆ្លើយនូវអ្វីគ្រប់យ៉ាងដែលអតិថិជនចង់ដឹងរួមមានតម្លៃ ប្រភេទផលិតផល និងអត្ថប្រយោជន៍របស់វា។ ៣) អ្នកឯកទេសផ្នែកទីផ្សារ៖ មានតួនាទីដូចជារៀបចំឯកសារពាក់ព័ន្ធនឹងទិន្នន័យទីផ្សារ ប្រមូលព័ត៌មានរបស់ដៃគូប្រកួតប្រជែងដើម្បីមកធ្វើការផ្ទៀងផ្ទាត់ វិភាគអំពីតម្រូវការរបស់អ្នកប្រើប្រាស់ដើម្បីស្វែងរកទីផ្សារដែលមានសក្ដានុពលសម្រាប់ក្រុមហ៊ុន។ ៤) អ្នកគ្រប់គ្រងផ្នែកលក់៖ មានតួនាទីដោះស្រាយការមិនពេញចិត្តនានារបស់អតិថិជនពាក់ព័ន្ធនឹងផ្នែកលក់និងសេវាកម្ម មើលការខុសត្រូវបុគ្គលិក ពិនិត្យរបាយការណ៍ព្រមទាំងពិនិត្យប្រាក់ចំណេញផងដែរ។ ៥) អ្នកឯកទេសផ្នែកធនធានមនុស្ស៖ រៀបចំការជ្រើសរើស បុគ្គលិកថ្មី ជួល បញ្ចប់ និងការផ្ទេរទៅកាន់កន្លែងណាមួយ យល់ដឹងអំពីនីតិក្រមផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុនផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.rasmussen.edu
X
5s