សំណួរទាំង៤ដែលអ្នកគួរតែសួរខ្លួនឯងនៅពេលមានឱកាសថ្មីមកម្ដងៗ
ឱកាសមិនមានចេះតែមានរហូតនោះទេ គឺអ្នកខ្លួនឯងដែលត្រូវបង្កើតឱកាសសម្រាប់ខ្លួនឯង យ៉ាងណានៅពេលដែលឱកាសបានមកដល់ហើយ តើអ្នកគួរធ្វើយ៉ាងណា? តើគួរតែទទួល ឬបណ្ដោយឲ្យវាហួសទៅបាត់។ ទាំងអស់នេះគឺជាសំណួរខ្លះៗ ដែលអ្នកអាចយកទៅសួរខ្លួនឯង ទាក់ទងទៅនឹងបញ្ហាមួយនេះ៖
១) វាត្រូវនឹងគោលដៅរបស់អ្នកទេ៖ នេះគឺជាធម្មជាតិរបស់មនុស្សដែលគិតថា ឲ្យតែមានឱកាសថ្មីមកដល់ហើយវាផ្ដល់ប្រយោជន៍ច្រើនជាងអ្វីដែលអ្នកមានតែបន្តិច អ្នកនឹងទទួលយកវាភ្លាម ដោយមិនសូវបានគិតវែងឆ្ងាយអីណាស់ណាទេ។ យ៉ាងណាមិញ អ្នកគួរតែគិតឲ្យបានម៉ត់ចត់ថា ឱកាសថ្មីមួយនោះ នឹងជួយអ្នកក្នុងការសម្រេចគោលដៅរបស់អ្នកដែរឬទេ?
២) ដោយសារតែវាមានភាពងាយស្រួលជាងមុនឬ៖ តើធ្វើការងារងាយស្រួលៗបែបនេះនឹងធ្វើឲ្យខ្លួនអ្នកមានភាពរីកចម្រើនដែរឬមួយក៏អត់ទេ? ទោះបីវាមើលទៅហាក់បីដូចជាស្រួលមែន តែអ្នកនឹងមិនងាយមានបទពិសោធន៍ថ្មីៗនោះទេ។
៣) អ្វីខ្លះដែលទាក់ទាញអ្នកក្នុងការចាប់យកវា៖ នៅពេលដែលចាប់យកឱកាសថ្មីរឹតតែច្រើន អ្នកនឹងត្រូវតែបោះបង់ឱកាសចាស់ខ្លះៗ។ ដូចនេះ អ្នកក៏គួរតែសួរខ្លួនឯងដែរ ថាអ្វីខ្លះដែលធ្វើឲ្យអ្នកហ៊ានលះបង់អ្វីដែលអ្នកមាន ហើយទៅរកឱកាសថ្មីនោះវិញ។
៤) នេះជាពេលត្រឹមត្រូវហើយមែនទេ៖ គ្រប់ឱកាសទាំងអស់មិនមែនមកចំពេលត្រឹមត្រូវរហូតនោះទេ ដូចនេះអ្នកក៏គួរតែមើលផងដែរ ថាអ្នកកំពុងតែនៅក្នុងស្ថានភាពបែបណា ហើយឱកាសនេះមកចំពេលហើយឬមួយយ៉ាងណា ហើយបើពេលមិនស័ក្ដិសមអ្នកក៏មិនគួរទទួលយកវានោះដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com