វិធីសាស្ត្រ​ទាំង​៣​ក្នុង​ការ​បង្កើត​ទម្លាប់​មួយ​ដែល​អ្នក​ប៉ង​ចង់​មាន​



ជីវិតរបស់អ្នកសព្វថ្ងៃនេះ គឺជាលទ្ធផលនៃទម្លាប់របស់អ្នក ហើយអ្វីៗច្រើនផ្សេងៗទៀតដូចជា អ្នកជាមនុស្សបែបណា អ្នកមានសេចក្ដីសុខទេ អ្នកទទួលបានភាពជោគជ័យដែរឬទេ សុទ្ធតែលទ្ធផលនៃទម្លាប់របស់អ្នកទាំងអស់។ ដូចនេះ ឥទ្ធិពលនៃទម្លាប់របស់អ្នកពិតជាមានសក្ដានុពលខ្លាំងមែនទែន ហើយអ្នកគួរត្រលប់មកសួរខ្លួនឯងវិញ ថាតើមានទម្លាប់អាក្រក់ច្រើនជាងទម្លាប់ល្អឬយ៉ាងណា? ហើយបើមាន តើអ្នកចង់ជំនួសវាដោយទម្លាប់ល្អវិញទេ? ចម្លើយរបស់អ្នកគឺប្រាកដជាយល់ព្រម តែអ្នកមិនអាចធ្វើបាន។ ខាងក្រោមនេះគឺជាគន្លឹះដែលធ្វើឲ្យអ្នកសម្រេចវាបាន៖ ១) រំលឹកខ្លួនឯងជានិច្ច៖ ជាដំបូង អ្នកត្រូវតាំងចិត្តមួយថាអ្នកត្រូវតែធ្វើវាឲ្យបាន ទោះបីជាវាអាចមានភាពលំបាកនៅពេលដំបូង តែមិនយូរមិនឆាប់នោះទេ អ្នកនឹងសាំជាមួយវា ហើយអ្នកអាចធ្វើការតឿនខ្លួនឯងដូចជាការសរសេរជាដើម ដោយសរសេរចូលនូវទម្លាប់ដែលអ្នកចង់ផ្លាស់ប្ដូរឬបង្កើតថ្មី តែចៀសវាងកុំសរសេរវាច្រើនចំណុចពេក ព្រោះចុងក្រោយអ្នកនឹងមានអារម្មណ៍ថាខ្ជិលហើយបោះបង់វាចោលជាក់ជាមិនខាន ដូចនេះរើសតិច តែខ្លឹមប្រសើរជាជាង។ ២) ធ្វើវារាល់ថ្ងៃ៖ ចំណុចនេះអ្នកចោលវាមិនបាននោះទេ ព្រោះថាបើអ្នកចង់ឲ្យវាក្លាយជាទម្លាប់ អ្នកត្រូវតែធ្វើដដែលៗជារៀងរាល់ថ្ងៃ តែអ្នកអាចសម្រាកបាន១ថ្ងៃឬ២ថ្ងៃ តែមិនមែនក្នុងពេលវេលាមួយដែលនឹងធ្វើឲ្យបាត់បង់ការតាំងចិត្តទៅវិញនោះទេ។ ដូចនេះប្រសិនបើអ្នកមានតែគម្រោង ឬមានតែការគិត តែគ្មានការអនុវត្តជាក់ស្ដែងក៏វាគ្មានន័យអ្វីនោះដែរ។ ៣) គិតពីលទ្ធផល៖ ការគិតពីលទ្ធផលគឺជាការលើកទឹកចិត្តមួយ ព្រោះថាអ្នកនឹងសួរខ្លួនឯងថា តើខ្លួនឯងនឹងទទួលបានអ្វីបន្ទាប់ពីសម្រេចនូវការផ្លាស់ប្ដូរទម្លាប់នេះបានហើយ? តើជីវិតរបស់អ្នកនឹងក្លាយទៅជាយ៉ាងណា? តើវាមានភាពប្រសើរឡើងជាងមុនទេ? យ៉ាងណាមិញ ព្យាយាមកុំគិតពីលទ្ធផលពេក ហើយគួរតែផ្ដោតអារម្មណ៍ទៅលើសកម្មភាពដែលអ្នកកំពុងធ្វើវិញទៅល្អជាជាង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.jamesclear.com
X
5s