តើត្រូវធ្វើយ៉ាងណាដើម្បីបំពេញការងាររបស់អ្នកឲ្យឆាប់ហើយ?
ម្នាក់ៗសុទ្ធតែមានភារកិច្ចហើយរវល់រៀងៗខ្លួន តែអ្នកដែលឆ្ងល់ទេ ថាហេតុអ្វីបានជាអ្នកខ្លះបំពេញការងាររបស់ពួកគេឆាប់ហើយថែមទាំងល្អទៀតផង រីឯអ្នកខ្លះវិញ ហេតុអ្វីក៏ធ្វើកិច្ចការរបស់ពួកគេមិនចេះចប់មិនចេះហើយអីចឹង? ខាងក្រោមនេះ គឺជាវិធីល្អដែលអ្នកអាចយកទៅអនុវត្តបាន៖
១) យល់ពីខ្លួនឯង៖ មុននឹងចង់ធ្វើអ្វីមួយ អ្នកត្រូវតែយល់ពីខ្លួនឯងសិន ដូចជាតើពេលណា ឬក្នុងចន្លោះម៉ោងណាដែលអ្នកមានកម្លាំងនិងអារម្មណ៍ល្អជាងគេ? អ្នកខ្លះថាពេលយប់ជ្រៅ រីឯអ្នកខ្លះទៀតថា ពេលព្រឹកព្រលឹមបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួច។ ដូចនេះអ្នកគួរសួរខ្លួនឯងថាពេលណាដែលអ្នកបំពេញការងាររបស់អ្នកល្អជាងគេ។
២) បែងចែកការងារ៖ អ្នកត្រូវតែរៀបចំគម្រោងឲ្យបានល្អថាតើសម្រាប់ការងារមួយនេះ អ្នកគួរចំណាយពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃសម្រាប់ធ្វើវា ហើយអ្នកគួរតែគិតផងដែរថា តើការងារមួយណាដែលអ្នកគួរយកវាមកធ្វើមុននោះ មិនមែនធ្វើតាមតែចិត្តអ្នកចង់នោះទេ។
៣) បង្កើតជាទម្លាប់៖ ជាទូទៅ កាលវិភាគរបស់អ្នកស្រដៀងៗគ្នា ឬសឹងតែដូចគ្នាជារៀងរាល់ថ្ងៃ ដូចនេះអ្នកគួរតែបង្កើតទម្លាប់ល្អមួយសម្រាប់ធ្វើការ ដោយបែងចែងម៉ោងធ្វើការ ម៉ោងសម្រាក ឬម៉ោងអានសៀវភៅឲ្យបានល្អ។
៤) កុំច្របល់ចូលគ្នា៖ អ្នកគួរតែបញ្ចប់ការងារមួយមុននឹងចូលទៅធ្វើការងារមួយទៀត។ ប្រសិនបើអ្នកធ្វើនេះបន្តិច នោះបន្តិច នោះចុងក្រោយអ្នកនឹងមិនទទួលបានលទ្ធផលអ្វីទាំងអស់ ដូចនេះសូមកុំព្យាយាមច្របល់វាចូលគ្នាឲ្យសោះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.forbes.com