សញ្ញាទាំង៤ដែលបញ្ជាក់ថាម្ដាយអ្នកចិញ្ចឹមអ្នកបានយ៉ាងល្អ
ម្ដាយស្ទើរតែគ្រប់ៗរូប គិតថាវាមានការលំបាកជាខ្លាំងក្នុងការចិញ្ចឹមកូនឲ្យបានល្អ តែមានតែអ្នកម្ដាយដ៏ឆ្លាតវៃនោះទេ ដែលដឹងថាពួកគេត្រូវចិញ្ចឹមកូនរបស់ពួកគេតាមរបៀបណា។ ហើយវិធីទាំងអស់នោះមិនមានអ្វីពិបាកនោះទេ ដែលអ្នកម្ដាយដ៏ល្អបានអនុវត្ត៖
១) លើកទឹកចិត្តឲ្យអ្នកនិយាយអ្វីដែលនៅក្នុងចិត្ត៖ ទំនាក់ទំនងគឺជារឿងមួយដ៏សំខាន់ ដូចនេះប្រសិនជាម្ដាយគ្រប់រូបបើកចិត្តឲ្យទូលាយ ហើយព្រមទទួលយកគំនិតរបស់ពួកគេ នោះពួកគេក៏នឹងមានក្លាហានក្នុងការនិយាយអ្វីដែលខ្លួនគិត ឬនិយាយពីអារម្មណ៍ដែលគេកំពុងមានចេញមក។
២) ឲ្យអ្នកមានគំនិតផ្ទាល់ខ្លួន៖ អ្នកម្ដាយទូទៅតែងតែចង់ឲ្យកូនរបស់ពួកគេធ្វើបែបនេះ ឬបែបនោះទោះបីជាកូនៗរបស់ពួកគេមិនពេញចិត្តក៏ដោយ ព្រោះពួកគេយល់ថាវាជារឿងល្អសម្រាប់កូនៗ តែអ្នកម្ដាយមួយចំនួនមិនធ្វើបែបនេះនោះទេ ផ្ទុយទៅវិញពួកគេបង្រៀនឲ្យកូនៗរបស់ពួកគេចេះមានការគិតផ្ទាល់ខ្លួន ហើយចេះជ្រើសរើសអ្វីដែលត្រឹមត្រូវសម្រាប់ខ្លួនពួកគេ។
៣) បង្រៀនឲ្យអ្នកចេះតស៊ូ៖ គ្មានម្ដាយឯណាចង់ឃើញកូនជួបទុក្ខលំបាកនោះទេ តែជាមួយគ្នានេះដែរ ក្នុងនាមជាម្ដាយមួយរូប ការបង្រៀនកូនឲ្យចេះមានភាពតស៊ូនៅក្នុងឆាកជីវិត គឺជារឿងមួយដែលមិនអាចរំលងបាន ព្រោះថាក្នុងឆាកជីវិតរបស់យើង យើងមិនអាចមានតែរឿងល្អៗបាននោះទេ។
៤) ឲ្យអ្នកមានភាពឯករាជ្យ៖ ពេលខ្លះពួកគេបណ្ដោយអ្នកឲ្យធ្វើអ្វីតាមតែការគិតរបស់អ្នកក៏ព្រោះតែពួកគេចង់បង្រៀនអ្នកពីភាពឯករាជ្យគឺការដែលចេះធ្វើអ្វីៗដោយខ្លួនឯង ដោយមិនបាច់ត្រូវការពឹងពាក់ពីអ្នកដទៃនោះទេ ព្រោះវានឹងធ្វើឲ្យជីវិតរបស់អ្នកមានភាពងាយស្រួលជាងមុនច្រើន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org