មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!​



មិត្តភក្ដិ​គឺ​ជា​មនុស្ស​សំខាន់​ដែល​​គ្រប់​គ្នា​ត្រូវ​ការ​។ ​ដោយសារ​តែ​សំខាន់​បែបនេះ​ហើយ​ ​បាន​ជា​​​មុន​នឹង​រាប់អាន​​ជា​មិត្តភក្ដិ​ ​​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​សិន​ថា ​មនុស្ស​ប្រភេទ​ណា​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ​​សម​​ក្លាយ​ជា​មិត្តភក្ដិ​ ​ឬ ​អាច​និយាយ​បាន​ថា ​មនុស្ស​ណា​ដែល​មិនអាច​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​អ្នក​​ជាពិសេស​​នាំ​ទៅ​រក​ផ្លូវ​អន្តរាយ​។ ​​​ខាង​ក្រោម​នេះ​ ​គឺ​ជា​ប្រភេទ​មនុស្ស​​ដែល​អ្នក​មិន​គួរ​រាប់​អាន​ជា​មិត្តភក្ដិ​ដាច់ខាត​៖

១) ពូកែ​អែបអប​៖ ​មនុស្ស​​ប្រភេទ​នេះ​​ ​គ្មាន​ថ្ងៃ​អាច​ក្លាយ​ជា​មិត្ត​ល្អ​របស់​អ្នក​ជា​ដាច់ខាត​ ​ព្រោះ​រាល់​ទង្វើ​ដែល​គេ​ធ្វើ​នោះ ​​គឺ​​ដើម្បី​ចង់​ចំណេញ​អ្វី​មួយ​ពី​អ្នក​ប៉ុណ្ណោះ ​មិន​មែន​​ធ្វើ​ដោយ​ចេញ​ពី​ចិត្ត​នោះ​ឡើយ​។ ​មាន​ន័យ​ថា​ ​បើ​អ្នក​លែង​មាន​ប្រយោជន៍​សម្រាប់​​គេ​ហើយ​ ​នោះ​​គេ​ក៏​លែង​មើល​មុខ​អ្នក​ដែរ​។​ ​ដូច្នេះ​ហើយ​ ​​មិន​បាច់​ចាត់ទុក​មនុស្ស​ប្រភេទ​នេះ​ជា​មិត្តភក្ដិ​​ទេ​ ​ព្រោះ​វា​គ្មាន​បាន​ផល​អ្វី​ទាំង​អស់​។

២) ​មនុស្ស​ដែល​ស្គាល់​តែ​លុយ​៖ ​មនុស្ស​ដែល​ស្គាល់​តែ​លុយ​ ​នឹង​មិន​អាច​ក្លាយ​ជា​មិត្ត​ស្លាប់​រស់​របស់​អ្នក​បាន​ឡើយ​ ​ព្រោះ​ថា​គេ​មិន​ដែល​ចាត់​ទុក​មិត្តភាព​ជា​សំខាន់​នោះ​ឡើយ​។ ដូច្នេះ​ហើយ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ ​គេ​គិត​តែ​រឿង​ចំណេញ​ ​និង ខាត​ប៉ុណ្ណោះ​ហើយ​ក៏​មិន​ខ្វល់​ថា ​អ្នក​​បាន​សុខ​ឬ​អត់​ដែរ​។

៣) ​មនុស្ស​ដែល​ចូលចិត្ត​និយាយ​អាក្រក់​ពី​គេ​៖ ​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​ ​ពី​ការ​និយាយ​អំពី​រឿង​អ្នកដទៃ​នោះ​ឡើយ​ ​ប៉ុន្តែ​គ្រាន់តែ​ក្នុង​របៀប​ផ្សេង​គ្នា​ប៉ុណ្ណោះ​។ អ្នក​ខ្លះ​ចូលចិត្ត​និយាយ​អាក្រក់​ពី​គេ​រហូត​ ​ហើយ​ទោះបី​ជា​មាន​ចំណុច​ល្អ​ក៏​ដោយ​ ​ក៏​ព្យាយាម​ជាន់ពន្លិច​ដែរ​។ ​មនុស្ស​ប្រភេទ​នេះ​ ​អ្នក​មិន​គួរ​​រាប់អាន​ជាមួយ​នោះ​ឡើយ​ ​ព្រោះ​អ្នក​នឹង​ក្លាយ​ជា​គោលដៅ​សំខាន់​បន្ទាប់​ ​ដែល​គេ​ត្រូវ​និយាយ​។

៤) ​មនុស្ស​គ្មាន​ភាព​ស្មោះត្រង់​៖ ​ក្នុង​ការ​​សាង​មិត្តភាព​ ​និង​រក្សា​ឲ្យ​បាន​យូរអង្វែង​នោះ​ ​ទាល់​តែ​គ្រប់​ភាគី​ទាំង​អស់​មាន​ភាព​ស្មោះត្រង់​ ​ព្រោះ​បើ​​គ្មាន​ចំណុច​នេះ​ទេ​ ​អ្វីៗ​នឹង​ត្រូវ​រលាយ​ទៅ​វិញ​យ៉ាង​លឿន​បំផុត​។ ដូច្នេះ​ ​មុន​នឹង​សម្រេច​ចិត្ត​រាប់អាន​​នរណា​ម្នាក់​ជា​មិត្តសម្លាញ់​របស់​អ្នក ​​គឺ​ត្រូវ​គិត​លើ​ភាព​ស្មោះត្រង់​ជា​សំខាន់​ ​បើ​មិន​ដូច្នោះ​ទេ​​ ​អ្នក​នឹង​​​មាន​ការ​សោកស្តាយ​មិនខាន​។

៥) ​មនុស្ស​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា​៖​ ​មនុស្ស​ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា​ ​គឺ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក ​ជាពិសេស​នៅពេល​មាន​បញ្ហា​អ្វី​មួយ​។ ​ដូច្នេះ​ហើយ​ ​ដើម្បី​កុំ​ឲ្យ​នាំ​ទុក្ខ​ដាក់​ខ្លួន​ ​អ្នក​គួរតែ​គេច​ឲ្យ​ផុត​ ​ពី​មនុស្ស​ប្រភេទ​នេះ​៕

ដោយ​៖ រតនា វិចិត្រ​

X
5s