នៅ​ពេល​អ្នក​បាក់ទឹកចិត្ត​ខ្លាំង​​ ​កុំ​ភ្លេច​អនុវត្ត​ចំណុច​សំខាន់ៗ​ទាំង​៣​នេះ​ដើម្បី​​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​!​​



​​​នៅ​ពេល​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ ​មនុស្ស​ភាគច្រើន​​តែង​ប្រឈម​មុខ​នឹង​ការ​បាក់ទឹកចិត្ត​ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​លែង​ចង់​ធ្វើ​អ្វី​តទៅ​ទៀត​។ ​​ការ​បាក់ទឹកចិត្ត​នេះ​ ​គឺ​ពិត​ជា​​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ​ព្រោះ​បើ​មិន​មាន​វិធី​ដើម្បី​ដោះស្រាយ​ ​ឬ ​លើក​ទឹកចិត្ត​ឲ្យ​ប្រសើរ​ឡើង​វិញ​ទេ ​ជីវិត​របស់​អ្នក​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​អាក្រក់ ​ហើយ​ពេល​ខ្លះ​អាច​នឹង​ធ្វើ​អ្វី​ដែល​​កាន់​តែ​ខុស​ឆ្គង​ ​ដោយសារតែ​គិត​ខ្លី​។ ​ប្រសិនបើ​អ្នក​ជួប​ប្រទះ​នឹង​ការ​បាក់​ទឹកចិត្ត​​​ ​គឺ​ត្រូវ​ព្យាយាម​ធ្វើ​រឿង​ខាង​ក្រោម​​នេះ​៖​

១) ​​រក​មិត្ត​ល្អ​ដើម្បី​លើក​ទឹកចិត្ត​៖ ​ក្នុង​ស្ថានភាព​ដែល​អ្នក​មាន​អារម្មណ៍​ថា ​បាក់ទឹកចិត្ត​ខ្លាំង​នោះ​ ​អ្នក​គួរ​តែ​រក​មិត្ត​ល្អ​របស់​អ្នក​​ដើម្បី​មក​ពិភាក្សា​គ្នា​ ​និង​ ​​​និយាយ​រឿង​ដែល​អ្នក​បាន​ជួប​ប្រទះ​ដើម្បី​​​ឲ្យ​ធូរ​ក្នុង​ចិត្ត។ ​លើស​ពី​នេះ​ទៀត​​អ្នក​នឹង​ទទួល​បាន​ពាក្យ​លើក​ទឹក​ចិត្ត​​ល្អៗ​ ​ដែល​ជួយ​ឲ្យ​អារម្មណ៍​ប្រសើរ​ ​ហើយ​អាច​​ក្រោក​ឈរ​ជា​ថ្មី​វិញ​ម្តង​ទៀត​។

២) ​​លើក​​ទឹកចិត្ត​ខ្លួន​ឯង​៖ ​បើ​ទោះបីជា​ ​មាន​អ្នកដទៃ​ជួយ​លើក​ទឹក​ចិត្ត​ក្តី ប៉ុន្តែ​បើ​ខ្លួន​អ្នក​​នៅ​តែ​មិន​ព្រម​លើក​ទឹកចិត្ត​ខ្លួន​ឯង​ទេ ​នោះ​បញ្ហា​​នឹង​មិន​ងាយ​នឹង​ដោះស្រាយ​បាន​ដោយ​ងាយ​ឡើយ​។ ដូច្នេះ​ហើយ​ ​​​នៅ​មាន​ការ​បាក់ទឹកចិត្ត​ខ្លាំង​ ​អ្នក​មិន​ត្រូវ​ស្ទាក់ស្ទើរ​​ក្នុង​ការ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្លួន​ឯង​នោះ​ឡើយ​ ​ដោយ​គិតថា ​អ្វីៗ​ក៏​អាច​ដោះស្រាយ​បាន​ដែរ​ ​ពោល​គឺ​ឲ្យ​តែ​មាន​ការ​តាំង​ចិត្ត​។

៣) ​ចាត់ទុក​កំហុស​ ​ឬ ការ​បរាជ័យ​ជា​មេរៀន​សំខាន់​៖​ ​គ្មាន​នរណា​ម្នាក់​​មិន​ធ្លាប់​ខុស ​ឬ ​បរាជ័យ​ឡើយ​ ​​ដូច្នេះ​ហើយ​សូម​កុំ​មាន​អារម្មណ៍​ពិបាក​ចិត្ត​ហួសហេតុ​ពេក​ ​ប្រសិនបើ​អ្នក​ជួប​បញ្ហា​​​ ​ព្រោះ​គ្រប់គ្នា​សុទ្ធតែ​​មាន​បញ្ហា​នេះ​ដូច​គ្នា​។ ​រឿង​សំខាន់​ដែល​​​​អ្នក​ត្រូវ​ធ្វើ​នោះ ​គឺ​ចាត់ទុក​កំហុស​ ​ឬ​ ​ការ​បរាជ័យ​ទាំង​នោះ​ជា​​មេរៀន​ជីវិត​ដ៏​សំខាន់​​ ​ដើម្បី​ប្រាកដ​ថា ​អ្នក​មិន​ដើរ​ជាន់​លើ​ផ្លូវ​ចាស់​៕

ដោយ​៖ ​អ៊ុន ​ភក្តី​ ​​​

X
5s