តើអ្នកមានដឹងទេ ថាអ្វីដែលអ្នកកំពុងធ្វើកំពុងបំផ្លាញសម្ពូ័ន្ធភាពនៅក្នុងគ្រួសារ?
ឪពុកម្ដាយរវល់ធ្វើការរហូតភ្លេចតម្លៃនៅក្នុងគ្រួសារ រីឯកូនៗក៏រវល់រៀនរហូតមិនបានខ្វល់ពីឪពុកម្ដាយ ចុះពេលវេលាសម្រាប់គ្រួសារនៅឯណាទៅ? អ្នកមិនអាចជោគជ័យតែក្នុងការសិក្សាក៏ដូចជាការងារបានតែមួយមុខនោះទេ ព្រោះថាបើអ្នកមានភាពបរាជ័យខាងសម្ពន្ធភាពគ្រួសារក៏វាឥតប្រយោជន៍ដែរ។ ខាងក្រោមនេះគឺជាកំហុសដែលអ្នកប្រព្រឹត្តសឹងតែរាល់ថ្ងៃ ធ្វើឲ្យសម្ពន្ធភាពគ្រួសាររបស់អ្នកធ្លាក់ចុះ៖
១) ប្រើប្រាស់ពាក្យសម្ដីបំបាក់ទឹកចិត្ត៖ ពេលខ្លះ នៅពេលដែលអ្នកមកពីធ្វើការ ឬសាលារៀនហត់ អ្នកមិនដែលសូវបានចាប់អារម្មណ៍ពីសមាជិកគ្រួសារណាមួយនោះទេ ហើយពេលខ្លះ ថែមទាំងប្រើប្រាស់ពាក្យសម្ដីគំរោះគំរើយរហូតមានការអន់ចិត្តរៀងៗខ្លួនផងក៏មាន ហេតុនេះបើអ្នកមានទម្លាប់បែបនេះ សូមអ្នកព្យាយាមកែប្រែវាពីឥឡូវនេះទៅចៀសវាងមានការស្ដាយក្រោយទៅថ្ងៃក្រោយ។
២) ការកុហក៖ នេះជាទម្លាប់ដ៏អាក្រក់មួយនៅក្នុងគ្រួសារ អ្នកគួរតែរៀនប្រើប្រាស់ពាក្យសម្ដីត្រង់ៗជាមួយគ្នាទៅ ប្រសើរជាងការកុហកគ្នា ព្រោះមិនយូរមិនឆាប់នោះទេ ការពិតនឹងត្រូវលាតត្រដាងចេញមក។ នៅពេលដែលកុហកម្ដងៗ វាធ្វើទំនុកចិត្តដែលធ្លាប់តែមានសម្រាប់គ្នានឹងគ្នា ត្រូវបានបាត់បង់ទៅបន្តិចម្ដងៗ ដោយមិនងាយនឹងសាងឡើងវិញបាននោះទេ។
៣) ទទួលនូវភាពខុសគ្នាមិនបាន៖ មនុស្សម្នាក់ៗកើតមកតែងតែមានភាពខុសគ្នា ទាំងការគិត ការយល់ឃើញ ក៏ដូចជាចំណាប់អារម្មណ៍ផងដែរ ដូចជាអ្នកមិនអាចចាប់បង្ខំនរណាម្នាក់ឲ្យមកមានចំណង់ចំណូលចិត្តដូចអ្នកបាននោះទេ ហេតុនេះ អ្នកក៏ត្រូវតែរៀនគោរពពីភាពខុសគ្នាខ្លះផងទៅទើបអាចនៅចុះសម្រុងជាមួយគ្នាបាន។
៤) គ្មានការអភ័យទោស៖ អ្នកណាៗក៏ធ្លាប់ខុសដែរ ជាពិសេសបើអ្នកមានសាច់ឈាមតែមួយទៀតនោះ អ្នកគួរតែចេះអភ័យទោសក៏ដូចជាអត់អោនឲ្យគ្នាទៅវិញទៅមកឲ្យបានច្រើន។ មិនតែប៉ុណ្ណោះនោះទេ អ្នកក៏គួរតែរៀនមើលចំណុចល្អពីមនុស្សជាទីស្រលាញ់ឲ្យបានច្រើនជាងកំហុសឬចំណុចមិនល្អរបស់ពួកគេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org