ធ្វើយ៉ាងណាដើម្បីឲ្យអ្នកមមាញឹកតិចជាងមុន?
មានកិច្ចការច្រើនដែលត្រូវបំពេញមែនទេ? តែអ្នកបែរជាយល់ថារយៈពេល២៤ម៉ោងក្នុងមួយថ្ងៃគឺជាពេលវេលាមួយដ៏តិចតួចសម្រាប់អ្នកក្នុងការបំពេញភារកិច្ចរបស់អ្នក។ ប្រាកដណាស់ អ្នកមិនអាចផ្លាស់ប្ដូរពេលវេលាឲ្យមានច្រើនជាង២៤ម៉ោងបាននោះទេ តែអ្នកអាចផ្លាស់ប្ដូរទម្លាប់របស់ខ្លួនឯងបានដូចជា៖
១) កាត់បន្ថយកិច្ចការមួយចំនួន៖ មនុស្សភាគច្រើនតែងតែគិតថា ថ្ងៃនេះពួកគេត្រូវធ្វើអ្វី ថ្ងៃនោះពួកគេត្រូវធ្វើអ្វី តែមិនប្រាកដថា អ្នកទាំងអស់បានបំពេញគ្រប់ការងារដែលពួកគេបានគិតនោះទេ ដូចនេះសម្រាប់អ្នកក៏ដូចគ្នានោះដែរ អ្នកមិនគួរកត់ត្រាទុកនូវអ្វីដែលអ្នកត្រូវធ្វើ យកមកធ្វើក្នុងមួយថ្ងៃនោះទេ ព្រោះថាបើអ្នកធ្វើបែបនេះ អ្នកប្រហែលជាមិនបានបញ្ចប់ការងារទាំងអស់នោះផងក៏ថាបាន។
២) ស្គាល់នូវម៉ោងជោគជ័យរបស់អ្នក៖ អ្នកគួរតែស្គាល់ខ្លួនឯងឲ្យបានច្បាស់ ថាអ្នកធ្វើការល្អបំផុតនៅម៉ោងណា នេះហើយគឺជាម៉ោងជោគជ័យរបស់អ្នកនោះ ដោយសារតែវានឹងជួយឲ្យអ្នកបំពេញការងារបានល្អនិងរហ័សថែមទៀតផង។ ហើយអ្នកក៏មិនចាំបាច់ខ្វល់ពីអ្នកដទៃនោះដែរ ព្រោះម្នាក់ៗមានម៉ោងជោគជ័យខុសៗគ្នា ដោយអ្នកខ្លះធ្វើការល្អនៅពេលយប់ជ្រៅ ខ្លះទៀតនៅពេលព្រឹកព្រលឹមជាដើម។
៣) ម៉ោងដែលត្រូវញាំគឺញាំ ម៉ោងដែលត្រូវសម្រាកគឺសម្រាក៖ ទម្លាប់អាក្រក់របស់មនុស្សជាច្រើននោះគឺ នៅពេលដែលមានកិច្ចការដែលត្រូវបំពេញច្រើន ពួកគេបែរជាភ្លេចអស់នូវម៉ោងទទួលទានអាហារក៏ដូចជាម៉ោងដែលត្រូវសម្រាក ដែលផ្ដល់ផលប៉ះពាល់ក្នុងការបំពេញការងាររបស់ពួកគេ និងសុខភាពរបស់ពួកគេទៅថ្ងៃមុខជាដើម ហេតុនេះហើយ បើដល់ម៉ោងដែលត្រូវញាំ អ្នកគួរតែញាំ ហើយបើដល់ម៉ោងសម្រាក អ្នកក៏គួរតែសម្រាកទើបអាចប្រមូលថាមពលមកធ្វើការបន្ត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com