រឿងល្អទាំង៣យ៉ាងនេះនឹងកើតឡើងមិនខាន នៅពេលអ្នកឈប់ចាយលុយខ្ជះខ្ជាយទិញសម្ភារៈដែលមិនចាំបាច់!
មនុស្សភាគច្រើន ចូលចិត្តទិញរបស់របរផ្សេងៗ ដើម្បីបំពេញតាមការចង់បានរបស់ខ្លួន។ ប្រសិនបើ ជាអ្នកដែលមានជីវភាពល្អប្រសើរគឺមិនមានបញ្ហាអ្វីទេ ប៉ុន្តែមនុស្សមួយចំនួនមិនមានជីវភាពល្អនោះទេ បែរជាខំទិញវត្ថុជាច្រើនដែលមិនមែនជាតម្រូវការចាំបាច់សម្រាប់ការរស់នៅទៅវិញ ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរ។ ដូច្នេះហើយ មុននឹងសម្រេចចិត្តទិញអ្វីមួយ ត្រូវតែគិតឲ្យច្បាស់ជាមុនសិនថា វាមានប្រយោជន៍ និង ចាំបាច់កម្រិតណាសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ខាងក្រោមនេះ ជាចំណុចល្អមួយចំនួនដែលនឹងកើតឡើង ក្រោយពេលអ្នកឈប់ទិញរបស់របរដែលមិនចាំបាច់៖
១) សល់លុយដើម្បីសន្សំ៖ មិនថា មានចំណូលច្រើន ឬ តិចនោះទេ បើអ្នកគ្មានការសន្សំសំចៃទេ នោះគឺគ្មានអាចសល់ឡើយ។ សម្រាប់អ្នកដែលចូលចិត្តទិញរបស់របរដែលមិនចាំបាច់នោះ នឹងត្រូវខាត់បង់ដោយគ្មានន័យព្រោះថា របស់ទាំងនោះវាមិនមែនជាវត្ថុសំខាន់ដែលជួយឲ្យការរស់នៅរបស់អ្នកមានជីវភាពប្រសើរនោះឡើយ។ ប៉ុន្តែបើអ្នកទិញវត្ថុដែលចាំបាច់ និង ជៀសផុតពីការទិញអ្វីដែលមិនសូវមានប្រយោជន៍នោះ វានឹងជួយឲ្យអ្នកសល់ប្រាក់ដើម្បីសន្សំមិនខាន។
២) ស្គាល់ច្បាស់អំពីតម្លៃមនុស្ស៖ មនុស្សភាគច្រើនចូលចិត្តផ្តល់តម្លៃខ្ពស់ហួសហេតុពេកលើ សម្ភារៈដែលធ្វើឲ្យទំនាក់ទំនងក្នុងសង្គមហាក់ដូចជា ចុះខ្សោយ។ មានន័យថា បើអ្នកផ្តល់តម្លៃលើសម្ភារៈ នោះអ្នកនឹងភ្លេចគិតថា មនុស្សដែលមានតម្លៃមិនមែនអាស្រ័យលើសម្ភារៈនោះទេ គឺអាស្រ័យលើសកម្មភាព និង អំពើល្អរបស់គេប៉ុណ្ណោះ។ ដូច្នេះហើយ នៅពេលអ្នកឈប់ផ្តល់តម្លៃលើសម្ភារៈ និង ឈប់ទិញអ្វីដែលមិនចាំបាច់នោះ អ្នកនឹងដឹងច្បាស់ថា តម្លៃរបស់មនុស្សគឺសំខាន់ជាងតម្លៃរបស់សម្ភារៈទៅទៀត។
៣) មានសេចក្តីសុខផ្លូវចិត្ត៖ មនុស្សដែលចូលចិត្តទិញសម្ភារៈថ្លៃៗនោះ គឺនៅមិនស្ងៀមនោះទេ នៅពេលឃើញអ្នកដទៃប្រើអ្វីល្អជាងខ្លួន។ ប៉ុន្តែបើអ្នកឈប់ប្រកាន់គំនិតទិញអ្វីដែលថ្លៃៗ និង មិនចាំបាច់វិញ វានឹងជួយឲ្យអ្នកមានសេចក្តីសុខក្នុងចិត្ត គឺចេះស្កប់ស្កល់ជាមួយនឹងអ្វីដែលខ្លួនមាន និង ប្រើប្រាស់របស់ទាំងនោះឲ្យមានប្រយោជន៍សម្រាប់ជីវិត៕
ដោយ៖ រតនា វិចិត្រ