ដើម្បីទាញយកប្រយោជន៍ពីការប្រើ Facebook អ្នកត្រូវធ្វើកិច្ចការសំខាន់ៗទាំងនេះ!
បច្ចុប្បន្ន Facebook ជាបណ្តេញសង្គមដែលពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យតែម្តង។ ការប្រើប្រាស់បណ្ដាញសង្គម ពិតជាមានសារសំខាន់ខ្លាំងណាស់ ប្រសិនបើអ្នកចេះប្រើវាដើម្បីទាញយកប្រយោជន៍ ព្រោះវាផ្តល់មកនូវចំណេះដឹងថ្មីៗ និង ការបង្កើតទំនាក់ទំនងក្នុងសង្គមជាដើម។ ប៉ុន្តែមនុស្សមួយចំនួន មិនបានប្រើវាក្នុងផ្លូវដើម្បីទទួលប្រយោជន៍នោះទេ ជាហេតុនាំឲ្យពួកគេខាតពេលវេលា និង លុយកាក់ទៅវិញ។
ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលអ្នកត្រូវធ្វើ ដើម្បីទាញយកប្រយោជន៍៖
១) ចុចLike លើទំព័រ Facebookសំខាន់ៗ៖ មានទំព័រ Facebookជាច្រើនត្រូវបានគេបង្កើតឡើង ក្នុងនោះមានទាំងឈ្មោះអង្គការ ក្រុមហ៊ុន និង បុគ្គលល្បីៗជាច្រើន។ ដើម្បីទទួលបានព័ត៌មានថ្មីៗពីទំព័រទាំងនោះ អ្នកអាចចុចLike លើទំព័រ Facebook ។ ការធ្វើបែបនេះ គឺផ្តល់ភាពងាយស្រួលដល់អ្នក ដោយមិនចាំបាច់ចូលទៅស្វែងរកក្នុងទំព័រទាំងនោះដោយ ផ្ទាល់ ព្រោះរាល់ពេលមានព័ត៌មានថ្មីៗ អ្នកនឹងទទួលបានដោយស្វ័យប្រវត្ត។
២) Unfriend មិត្តភក្ដិដែលមិនស្គាល់ ឬ មិនសំខាន់៖ ដើម្បីធានាថា អ្នកនឹងទទួលបានប្រយោជន៍ក្នុងការប្រើប្រាស់ Facebookនោះ អ្នកមិនគួរបន្តមានមិត្តភក្ដិច្រើនហួសពេកនោះទេ ជាពិសេសមនុស្សដែលមិនសូវស្គាល់ ព្រោះថា ពួកគេអាចនឹងបង្ហោះរឿងដែលគ្មានប្រយោជន៍ជាច្រើន ក្នុងនោះរួមទាំងlink រឿងអាសអាភាសផងដែរ។ មួយវិញទៀត កាលណាអ្នកមានមិត្តភក្ដិច្រើនពេកក្នុងFacebook វានាំឲ្យទទួលព័ត៌មានដែលសំខាន់ៗមានការយឺតយ៉ាវ ជាពិសេសនៅពេលមនុស្សភាគច្រើនបង្ហោះរូប ឬ ពាក្យសម្ដីផ្សេងៗព្រមៗគ្នា។ ដូច្នេះហើយ អ្នកគួរតែបន្តជាមួយមិត្តភក្ដិណា ដែលបង្ហោះអ្វីសំខាន់សម្រាប់អ្នក ហើយគួរUnfriend មិត្តភក្ដិដែលមិនស្គាល់ចេញ។
៣) ចូលរួមក្នុងក្រុម(Group) សំខាន់ៗ៖ ក្នុងបណ្ដាញសង្គម Facebook មានក្រុម(Group)ជាច្រើនណាស់ត្រូវបានបង្កើតឡើងក្នុងទិសដៅផ្សេងៗ ដូចជា ក្រុម(Group)អចលនទ្រព្យ ក្រុម(Group)ដំណឹងការងារ ក្រុមនិស្សិតIT និង ក្រុមផ្សេងទៀត។ ដូច្នេះហើយ អ្នកអាចចូលរួមក្រុម(Group)ណាមួយដែលអ្នកគិតថា សំខាន់ដើម្បីទទួលបានចំណេះដឹង និង បទពិសោធន៍ល្អៗ ដែលសមាជិកបានចែករំលែក។
៤) កុំប្រើវាក្នុងពេលកំពុងធ្វើការ ឬ សិក្សា៖ ដើម្បីកុំឲ្យខាតពេលវេលា ឬ បែកអារម្មណ៍ក្នុងពេលកំពុងធ្វើការ ឬ សិក្សានោះ អ្នកមិនគួរប្រើFacebook នោះឡើយ ព្រោះបើមិនដូច្នោះទេ អ្នកនឹងរវល់តែមើលនេះមើលនោះជាប់រហូត។ ជម្រើសដ៏ល្អ អ្នកគួរបើកវា នៅពេលណាអ្នកទំនេរ ទើបជាការប្រសើរ។
ដោយ៖ អ៊ុន ភក្តី