​ហេតុផល​ ៥​​យ៉ាង​ដែល​​មនុស្ស​ខ្ជិល​​អាច​ក្លាយ​ជា​មនុស្ស​ជោគជ័យ​​



សូម​កុំ​និយាយ​ថា​ មនុស្ស​ជោគជ័យ​សុទ្ធ​តែ​​ជា​ប្រភេទ​មនុស្ស​ឧស្សាហ៍​ទាំង​អស់​នោះ​។ ក៏​មាន​មួយ​ចំនួន​ដែរ​ ដែល​ពី​មុន​ជា​បុគ្គល​ដែល​ខ្ជិល​ច្រអូស​តែ​​ដើរ​តាម​វិថី​របស់​គេ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បាន។ ​តើ​មាន​កត្តា​ខ្លះ​ដែល​ធ្វើ​​ឱ្យ​មនុស្ស​ខ្ជិល​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ទៅ​បាន?

  1. ពួក​គេ​ជា​មនុស្ស​​មាន​គំនិត​ច្នៃ​ប្រឌិត​៖ ជា​សណ្ដាន​របស់​គេ​ មនុស្ស​ខ្ជិល​មាន​គំនិត​ច្នៃ​ប្រឌិត​​ខ្លាំង​​នៅ​​ពេល​ដែល​ពួក​គេ​ដាក់​ចិត្ត​ធ្វើ​ការ។ ​ពួក​គេ​មិន​ចំណាយ​ពេល​ទៅ​លើ​រឿង​អត់​ប្រយោជន៍​​ ​ហើយ​​ផ្ដោត​ទៅ​លើ​​ចំណុច​ដែល​ត្រូវ​ធ្វើ។ ដោយ​ឡែក​ បើ​បុគ្គលិក​ដែល​ខ្ជិល​វិញ​គឺ​នឹង​ស្វែង​រក​វិធី​​ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​ការងារ​ដែល​ពួក​គេ​ធ្វើ​រាល់​ថ្ងៃ​កុំ​ឱ្យ​សាំញ៉ាំ​ និង​​ស្មុគស្មាញ។ ​មនុស្ស​​​ខ្ជិល​តែង​តែ​ធ្វើ​ឱ្យ​ជីវិត​របស់​គេ​ងាយ​ស្រួល។ ​គេ​​​​ខ្ជិល​ជីក​ដី​ គេ​បង្កើត​​ម៉ាស៊ីន​ជីក​ដី​ បើ​គេ​ខ្ជីល​សម្អាត​ បង្កើត​ម៉ាស៊ីន​​ប៉ូម​ធូលី។
  2. មនុស្ស​​ខ្ជិល​គឺ​ជា​សហគ្រិន​ដ៏​ពូកែ​ម្នាក់៖ កុំ​ថា​មនុស្ស​​ខ្ជិល​សុទ្ធ​តែ​ជា​មនុស្ស​គ្មាន​​គំនិត​រក​ស៊ី។ ភាគ​ច្រើន​ ពួក​គេ​មាន​គំនិត​ និង​គម្រោង​ជា​ច្រើន​នៅ​ក្នុង​ខួរក្បាល​របស់​គេ​ពាក់ព័ន្ធ​នឹង​ការ​រក​ស៊ី​ ​ព្រោះ​​​ថា​មនុស្ស​​ខ្ជិល​​មិន​សូវ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ដូច​គេ​មិន​សូវ​​គិត​ពី​រឿង​ការងារ​ស្មុគស្មាញ​ច្រើន។ ​ដូច្នេះ​បើ​មនុស្ស​​ខ្ជិល​ដាក់​ចិត្ត​ក្នុង​ការ​រកស៊ី​ ច្បាស់​ណាស​​គេ​ហ៊ាន​​ប្រថុយ​ខ្លាំង​ ​ហើយ​នោះ​ហើយ​ជា​គោល​គំនិត​មួយ​នៃ​ភាព​ជា​សហគ្រិន។
  3. ពួក​គេ​ដឹង​នៅ​ពេល​ដែល​ត្រូវ​សម្រាក៖ រឿង​ដែល​សំខាន់​នៅ​ក្នុង​ជីវិត​ គឺ​ដឹង​​ថា​ នៅ​ពេល​ណា​ដែល​ត្រូវ​សម្រាក​ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ចំណាយ​ថាមពល​កាន់​តែ​ច្រើន​ ​នោះ​អ្នក​នឹង​កាន់​តែ​អស់​ថាមពល​ដើម្បី​​បំពេញ​​ផែនការ​របស់​អ្នក។ ​មនុស្ស​ខ្ជិល​គេ​មាន​វិធី​សម្រាក​របស់​គេ​ ហើយ​ពួក​គេ​​ច្រើន​​គិត​គូរ​ពី​សុខភាព​ (ដូច​ជា​គេង​ ឬ​ហូប​ចុក) ​ដូច្នេះ​គេ​រក្សា​បាន​នូវ​ថាមពល​ដើម្បី​សម្រេច​ផែនការ​ការងារ។ ​មិន​តែ​ប៉ុណ្ណោះ​ គេ​ប្រហែល​​រក​វិធី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​គេ​បន្ថែម​ទៀត​ផង​ ពោល​គឺ​នៅ​ពេល​ដែល​គេ​មាន​ការងារ​ធ្វើ​ច្រើន​ គេ​ព្យាយាម​ស្វែង​រក​វិធី​ធ្វើ​ការងារ​ឱ្យ​បាន​កាន់​តែ​ស្រួល​សម្រាប់​ខ្លួន​គេ។​
  4. គេ​ដឹង​ពី​គោលដៅ​ដែល​ត្រូវ​ទៅ​៖មនុស្ស​​ខ្ជិល​គឺ​ដឹង​ពី​កិច្ចការ​អាទិភាព​ដែល​ត្រូវ​ធ្វើ​​ហើយ​ចេះ​​ផ្ដោត​ទៅ​លើ​គោលដៅ​ដែល​បាន​កំណត់។​ពួក​គេ​ប្រហែល​ជា​គ្មាន​ពេល​​ទៅ​គិត​រឿង​អាទិភាព​របស់​អ្នក​ដទៃ​​​ ឬ​ទៅ​ឈឺ​ឆ្អាល​រឿង​របស់​អ្នក​ដទៃ​នោះ​ទេ។ ​នៅ​ពេល​ដែល​គេ​ដាក់​ចិត្ត​ គឺ​គេ​ផ្ដោត​ទៅ​លើ​គោលដៅ​ដែល​ត្រូវ​​សម្រេច​ឱ្យ​បាន​សម្រាប់​​ផែនការ​របស់​គេ។
  5. ​គេ​ចេះ​រិះ​​រក​​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​គេ​ខ្ជិល​បាន៖ មនុស្ស​​ខ្ជិល​​ គឺ​ចេះ​រក​វិធី​​​ជួយ​សម្រួល​ដល់​ខ្លួន​ឯង។ ​មនុស្ស​ខ្ជិល​ខ្លះ​ទៀត​ចេះ​ស្វែង​រក​បច្ចេកវិទ្យា​ជា​ជំនួយ​សម្រាប់​ខ្លួន​គេ​ថែម​ទៀត។ ​បច្ចុប្បន្ន​នេះ​ មាន​កម្មវិធី​កុំព្យូទ័រ​ ទូរស័ព្ទ​ ថេប​ផ្លេត​ និង​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​ជួយ​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ។ មនុស្ស​ខ្ជិល​ចូលចិត្ត​ស្វែង​យល់​ សិក្សា​ និង​តាមដាន​ពី​បច្ចេកវិទ្យា​ទាំង​អស់​នេះ​ ដូច្នេះ​ពួក​គេ​ដើរ​ទាន់​បច្ចេកវិទ្យា​ និង​ចេះ​រក​​បច្ចេកវិទ្យា​ដែល​ថ្មី​ជួយ​សម្រួល​ដល់​កិច្ចការ​របស់​គេ៕​

    ដោយ៖ រតនៈ​វិភូ​
X
5s