ត្រូវជម្រុះចំណុចមិនល្អទាំង៦យ៉ាងនេះចេញឲ្យអស់ ដើម្បីឲ្យជីវិតជោគជ័យ
ឆ្នាំ២០១៦ កំពុងខិតជិតមកដល់ហើយ ដែលមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា។ ក្នុងនោះដែរ ម្នាក់ៗសុទ្ធតែរំពឹងថា ឆ្នាំថ្មីនឹងជួយឲ្យពួកគេជួបអ្វីដែលល្អៗ និង រស់នៅប្រកបដោយសុភមង្គល។ យ៉ាងណាក៏ដោយ ដើម្បីប្រាកដថា ឆ្នាំ២០១៦ខាងមុខ នឹងជួបតែរឿងល្អៗនោះអ្នកគួរតែជម្រុះរឿងមិនល្អទាំងអស់នេះចេញឲ្យអស់៖
១) ទម្លាប់ខឹងក្រោធផ្តេសផ្តាស៖ ប្រសិនបើអ្នកតែងជួបបញ្ហាជាច្រើន បណ្តាលឲ្យឆេវឆាវ និង ខឹងក្រោធផ្តេសផ្តាសជាប្រចាំនោះ អ្នកមិនគួរបន្តវាទៀតនៅឆ្នាំថ្មី២០១៦ខាងមុខឡើយ។ ត្រូវព្យាយាមក្លាយជាមនុស្សម្នាក់ ដែលមានការអត់ធ្មត់ខ្ពស់បំផុត ហើយព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងការប្រើកំហឹងទៅដោះស្រាយនាំឲ្យបញ្ហាកើតឡើងកាន់តែធ្ងន់ជាងមុន។
២) ការភូតកុហក៖ ការភូតភរមិនមែនជាអ្វីដែល មនុស្សគ្រប់គ្នាពេញចិត្តនោះឡើយ ព្រោះថា វាជាការបំផ្លាញទំនុកចិត្តរវាង មិត្តភក្ដិ ឬ ក្រុមការងារ។ ដូច្នេះហើយ អ្នកគួរតែលុបបំបាត់ចោលនូវទម្លាប់ភូតកុហកចេញឲ្យអស់ ដើម្បីក្លាយជាមនុស្សដែលមានសម្ដីថ្លៃ ដែលមនុស្សគ្រប់គ្នាចង់ស្តាប់ជាមួយនឹងទំនុកចិត្តខ្ពស់។
៣) ការមិនផ្តល់តម្លៃលើខ្លួនឯង៖ គេមិនផ្តល់តម្លៃឲ្យអ្នក គឺមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែបើអ្នកមិនផ្តល់តម្លៃឲ្យខ្លួនឯងវិញ គឺប្រាកដជាចប់គ្មានអ្វីនិយាយតែម្តង។ ដូច្នេះហើយបើអ្នកជាមនុស្សដែលធ្លាប់តែមិនផ្តល់តម្លៃឲ្យខ្លួនឯងនោះ គឺត្រូវធ្វើយ៉ាងណាជម្រុះវាចេញឲ្យអស់មុនពេលឆ្នាំ២០១៦ឈានមកដល់។
៤) ការឈ្នានីសអ្នកដទៃ៖ ការឈ្នានីសគ្នា ជាហេតុមួយដ៏សំខាន់នាំមកនូវបញ្ហារាប់មិនអស់ ដែលមនុស្សគ្រប់គ្នាមិនត្រូវធ្វើនោះឡើយ។ ដូច្នេះហើយអ្នកមិនគួរបន្តវាទៀតឡើយសម្រាប់ឆ្នាំថ្មី ដើម្បីប្រាកដថា ជីវិតរបស់អ្នកពោរពេញទៅដោយសន្តិភាពផ្លូវចិត្ត។
៥) ទម្លាប់ពឹងគេ៖ មនុស្សដែលមានសមត្ថភាពខ្ពស់ ជាមនុស្សដែលហ៊ានជំនះបញ្ហាជាច្រើន ដោយកណ្តាប់របស់ខ្លួន ពោលគឺមិនមែនចាំតែពឹងគេគ្រប់ពេលនោះទេ។ បើលទ្ធផលដែលអ្នកទទួលបាន ដោយសារតែការពឹងគេឲ្យជួយនោះ វានៅតែមិនមែនជាសមត្ថភាពរបស់អ្នកដដែល ហើយអ្នកគ្មានថ្ងៃអាចពង្រឹងសមត្ថភាពរបស់ខ្លួនបានឡើយ។
៦) ទម្លាប់មើលងាយអ្នកដទៃ៖ ការមើលងាយអ្នកដទៃ គឺជារឿងមួយដែលគួរជៀសវាងឲ្យបាន ព្រោះថា វាជារឿងដែលគ្មានតម្លៃនោះឡើយ។ មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួន ហើយបើអ្នកមិនមានអ្វីអស្ចារ្យជាងគេ នោះទេ សូមកុំមើលងាយគេឲ្យសោះ ហើយទោះបីជាអ្នកខ្លាំងជាគេក៏ដោយ ក៏នៅតែមិនត្រូវមើលងាយអ្នកដទៃដែរ ប៉ុន្តែគួរតែផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមកវិញទើបជាការប្រសើរ៕
ដោយ៖ អ៊ុន ភក្តី