​ត្រូវ​​ចេះ​ជំនាញគោល​​ទាំង ៤ ​នេះ ប្រសិន​បើ​អ្នក​​​មាន​សុបិន​ចង់​ក្លាយ​ជា​វិស្វករ​​ក៏​អស្ចារ្យ​មួយ​រូប​



អ្នក​សាក​គិត​ទៅ​មើល​ថា​តើ​ការ​ខូចខាត​អ្វី​ខ្លះ​នឹង​អាច​កើតឡើង​ប្រសិន​បើ​អាគារ​សាងសង់​មួយ មិន​មាន​នូវ​គ្រឹះ​មូលដ្ឋាន​ជា​ទម្រ​ដ៏​រឹងមាំ​នោះ ? ភាព​ដែល​អាច​ទៅ​រួច​នៃ​ការ​ក្ស័យធន​របស់​ជំនួញ​នៃ​អាគារ​មួយ​នោះ ខូចខាត​បរិស្ថាន ខូចខាត​ទ្រព្យសម្បត្តិ និង​រឹតតែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​នោះ​គឺ​ការ​បាត់បង់​ជីវិត​របស់​មនុស្ស​នោះ​ឯង។

ការ​សាងសង់​អាគារ​ដ៏​រឹងមាំ​មួយ​បាន ពិត​ជា​សំខាន់​ណាស់ ព្រោះ​បើ​វា​មាន​បញ្ហា​អ្វី​កើតឡើង​ដោយ​ការ​ធ្វេសប្រហែស​និង​សមត្ថភាព​មិន​គ្រប់គ្រាន់​របស់​អ្នក​សាងសង់ វា​មិន​ត្រឹមតែ​ខូចខាត​កេរ្តិ៍ឈ្មោះ​របស់​បុគ្គល​នោះ​ទេ តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ពី​វា​ទាំងអស់​ទៀត​ផង។

ហេតុនេះ ដើម្បី​ផ្ដល់​មូលដ្ឋាន​ដ៏​រឹងមាំ​ទៅ​ដល់​អាគារ​មួយ​បាន តើ​អ្នក​ដឹង​ទេ​ថា វិស្វករ​មួយ​រូប​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​មក​ធានា​អ្វី​ខ្លះ ?

១) ជំនាញ​ឫ​ចំណេះដឹង​អំពី STEM

តើ​អ្វី​ទៅ​ជា STEM ? STEM កំពុង​តែ​ក្លាយ​ជា​ចំណេះដឹង​ដ៏​ចាំបាច់​ខ្លាំង​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ជា​ប្រទេស​កម្ពុជា​យើង​នេះ​ហើយ។ STEM មក​ពីS (Science) វិទ្យាសាស្ត្រ T (Technology) បច្ចេកវិទ្យា E (Engineering) វិស្វកម្ម និងM (Math) គណិតវិទ្យា។ ចំណេះដឹង​ទាំង៤​នេះ​គឺជា​ចំណេះដឹង​មូលដ្ឋាន ដែល​ទាមទារ​យ៉ាង​ចាំបាច់​សម្រាប់​វិស្វករ​គ្រប់​រូប។

២) ជំនាញ​ប្រាស្រ័យ​ទាក់ទង

គ្រប់​គម្រោង​សាងសង់​ទាំងអស់ សុទ្ធតែ​ជា​ការ​រួម​សហការ​គ្នា​រវាង​សមាជិក​ក្នុង​ក្រុម​ជា​ច្រើន​នាក់ ដើម្បី​អាច​ប្រមូល​ផ្ដុំ​ចំណុច​ខ្លាំង​ពិសេស​របស់​បុគ្គល​ម្នាក់ៗ មក​វេញ​ត្របាញ់​ចូល​គ្នា បង្ក​បង្កើត​ជា​សមិទ្ធផល​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​និង​រឹងមាំ​មួយ​បាន។ បើ​អ្នក​ពូកែ​ចុះ​សម្រុង​ជាមួយ​អ្នក​ក្នុង​ក្រុម នោះ​ប្រាកដ​ណាស់​ថា​ជំនាញ​ទំនាក់ទំនង​នឹង​ធ្វើ​ជា​ស្ពាន​សម្រាប់​អ្នក​គ្រប់​គ្នា​ចម្លង​ឲ្យ​ឆាប់​សម្រេច​បាន​នូវ​គោលដៅ​នោះ។ ម្យ៉ាងទៀត​អ្នក​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ដោយ​ជាមួយ​បុគ្គល​ណា​ដែល​គួរ​ប្រើប្រាស់​ភាសា​បច្ចេកទេស និង​បុគ្គល​ណា​គួរ​សម្រាយ​ជា​ពាក្យ​សាមញ្ញ​បកស្រាយ​ឲ្យ​អ្នក​សន្ទនា​ជាមួយ​អ្នក​បាន​យល់។

៣) សមត្ថភាព​ក្នុង​ការ​គិត​វិភាគ

ដូច​ដែល​បាន​បង្ហាញ​មក​ពី​ខាងលើ​អំពី​ផល​ប៉ះពាល់​នៃ​អាគារ​ដែល​មិន​មាន​ភាព​រឹងមាំ​មួយ ដែល​អាច​សម្លាប់​ជីវិត​របស់​មនុស្ស​ច្រើន​នាក់​បាន។ ដូច្នេះ ភារកិច្ច​អ្នក​ជា​អ្នក​សាងសង់​ម្នាក់ សមត្ថភាព​ក្នុង​ការ​គិត​វិភាគ​ពិត​ជា​សំខាន់ ដែល​អ្នក​មិន​អាច​ប្រកែក​មិន​បណ្ដុះ​គុណសម្បត្តិ​នេះ​បាន​ឡើយ។ តើ​ត្រូវ​សាងសង់​បែប​ណា ទើប​ត្រឹមត្រូវ​តាម​ស្តង់ដារ មាន​មូលដ្ឋាន​រឹងមាំ ដែល​អាច​ធានា​បាន​ពី​សុវត្ថិភាព​មនុស្ស និង​ចៀសវាង​ការ​ខ្ជះខ្ជាយ​ប្រាក់​ច្រើន​ដោយ​ការ​ធ្វេសប្រហែស​របស់​អ្នក។ ម្យ៉ាងទៀត​នៅ​ពេល​ប្រើប្រាស់​ការ​គិត​វិភាគ ការ​យកចិត្តទុកដាក់​ទៅលើ​ព័ត៌មាន​លម្អិត​នឹង​រឹតតែ​សំខាន់​សម្រាប់​អ្នក​ទៅ​ទៀត។

៤) ឆន្ទៈ​និង​ចំណង់​ក្នុង​ការ​រៀន​សូត្រ

មិនមែន​ក្លាយ​ជា​វិស្វករ​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហើយ មានន័យ​ថា​អ្នក​ចេះ​អស់​ហើយ​និង​មាន​សមត្ថភាព​ពូកែ​លើស​គេ​នោះ​ទេ។ គំនិត​ច្នៃប្រឌិត​ទៅលើ​របៀប​សាងសង់​អាគារ និង​ការ​រចនា​ជាដើម​ដែល​ចេះ​តែ​អភិវឌ្ឍ​ថ្មីៗ​រហូត​នោះ ក៏​ដោយសារ​តែ​អ្នក​សាងសង់​ម្នាក់​នោះ​មាន​ឆន្ទៈ​ពោរពេញ​ដោយ​ចិត្ត​ចង់​រៀន​សូត្រ និង​អភិវឌ្ឍ​ខ្លួនឯង ដើម្បី​បង្កើត​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​និង​លើក​តម្កើង​មុខមាត់​ប្រទេស​ជាតិ​ខ្លួន​ផង​ដែរ៕

ប្រែសម្រួល៖​ ស្រីពៅ

ប្រភព៖ blog.3dconnexion.com

X
5s