តើការងារអ្វីខ្លះស័ក្ដិសមសម្រាប់អ្នកបុិនប្រសប់ខាង «និយាយស្ដីបញ្ចេញសមត្ថភាព»?
បុគ្គលម្នាក់ៗសុទ្ធតែមានសមត្ថភាពពិសេស កំណត់សម្គាល់ពីចំណុចខ្លាំងរបស់ពួកគេផ្សេងៗពីគ្នា។ មនុស្សជោគជ័យ ផ្គួបផ្សំចិត្តអំណត់តស៊ូ ការខិតខំប្រឹងប្រែងព្យាយាម និងឆ្លាតវៃក្នុងការស្គាល់ពីខ្លួនឯងច្បាស់ថាតើអ្វីជាចំណុចខ្លាំងរបស់ខ្លួន និងគាស់យកកំណប់ទ្រព្យនោះមកដុសខាត់សំលៀងឲ្យមុតជាប្រចាំរហូតសាងប្រយោជន៍ ទាល់តែគោលដៅរបស់ពួកគេបានសម្រេច។
ចុះចំណែករាល់បុគ្គលដែលមានសមត្ថភាពពិសេសប៉ិនប្រសប់ក្នុងការប្រើប្រាស់ពាក្យសម្ដី តើពួកគេអាចប្រើប្រាស់ចំណុចខ្លាំងមួយនេះរបស់ខ្លួន សាងប្រយោជន៍សម្រាប់ការងារអ្វីបានខ្លះ?
១) អ្នកតំណាងផ្នែកផ្សព្វផ្សាយការលក់
ស្នូលដ៏សំខាន់នៃតួនាទីជាអ្នកតំណាងផ្នែកផ្សព្វផ្សាយការលក់មួយរូប គឺជាការប្រាស្រ័យទាក់ទងជាមួយអតិថិជនប្រកបដោយប្រសិទ្ធភាព ដើម្បីអូសទាញអ្នកទាំងនោះមកប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកនោះឯង។ អ្នកអាចយកឈ្នះចិត្តអតិថិជនបាន ដរាបណាអ្នកធ្វើឲ្យគេទុកចិត្តបាន ដែលត្រូវការភាពប៉ិនប្រសប់ក្នុងការនិយាយស្ដីជាចាំបាច់។
២) អ្នកប្រកាសព័ត៌មាន (MC or Presenter)
មិនថាជាព័ត៌មានអំពីហេតុការណ៍បន្ទាន់ អាកាសធាតុ ពេលវេលា តន្ត្រី កីឡាជាដើម សុទ្ធតែទាមទារអ្នកមានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់ពាក្យពេចន៍បែបណាឲ្យសមរម្យទៅតាមកាលៈទេសៈនីមួយៗ ដើម្បីបន្ទេរព័ត៌មានទៅដល់អ្នកស្ដាប់បានយល់ពីអ្វីដែលអ្នកចង់ប្រាប់ពួកគេ។
៣) គ្រូបង្វឹក
ពួកគេជាអ្នកត្រូវធ្វើការរួមជិតស្និទ្ធជាមួយកីឡាករគ្រប់រូប និងជាបុគ្គលដ៏សំខាន់មួយរូបក្នុងការជួយជ្រោមជ្រែងកីឡាករម្នាក់ៗ ទាំងការបង្រៀន ហ្វឹកហាត់ ជាពិសេសការលើកទឹកចិត្តពួកគេដើម្បីឲ្យរួមចិត្តគំនិតគ្នាសម្រេចនូវគោលដៅតែមួយ។ សម្រាប់អ្នកពូកែនិយាយស្ដី ការងារនេះគឺស័ក្ដិសមសម្រាប់អ្នកទាំងនេះហើយ។
៤) អ្នកតំណាងផ្នែកសេវាកម្មអតិថិជន
គេតែងនិយាយថា ចូរបម្រើអតិថិជនអ្នកឲ្យដូចស្ដេច ឬក៏យកចិត្តអ្នកដាក់ក្នុងចិត្តរបស់អតិថិជន។ នេះក៏ដោយសារតែអតិថិជនគឺជាស្នូលដ៏សំខាន់មួយសម្រាប់រាល់ការធ្វើអាជីវកម្មទាំងឡាយនោះឯង។ អ្នកតំណាងផ្នែកសេវាកម្មអតិថិជន ត្រូវចាំបាច់ធ្វើទំនាក់ទំនងជាមួយអតិថិជនមិនថាតាមការសន្ទនាទល់មុខគ្នា និយាយតាមទូរស័ព្ទ ឬតាមរយៈបណ្ដាញសង្គមនោះទេ ពួកគេត្រូវមានភាពប៉ិនប្រសប់ក្នុងការនិយាយស្ដីបង្កើតទំនាក់ទំនងល្អ និងពេញចិត្តខ្នះខ្នែងជួយដោះស្រាយបញ្ហារបស់អតិថិជន។
៥) អ្នករៀបចំគម្រោងព្រឹត្តិការណ៍
ការងារនេះកាន់តែទាមទារនូវការប្រាស្រ័យទាក់ទងទៅទៀតហើយ ដោយសារតែអ្នករៀបចំគម្រោងព្រឹត្តិការណ៍គឺជាអ្នកចេញមុខជជែកជាមួយអតិថិជនពីគម្រោងព្រឹត្តិការណ៍បែបណាដែលជាតម្រូវការពិតប្រាកដរបស់ពួកគេ។ បន្ទាប់មកអ្នកទាំងនេះត្រូវទៅជួបជជែកជាមួយអ្នកលក់ដើម្បីធានាថាអ្វីៗនឹងដំណើរការយ៉ាងរលូន។
៦) គ្រូបង្រៀន
ចំណេះដឹងដែលអ្នកយល់តាមវិធីរបស់អ្នក មិនប្រាកដថាតាមវិធីរបស់អ្នកដដែលនេះនឹងធ្វើឲ្យអ្នកដទៃ ដែលជាសិស្សរបស់អ្នកចាប់បាននោះទេ នេះប្រសិនបើអ្នកចង់ក្លាយជាគ្រូបង្រៀន។ ដោយផ្លាស់ប្ដូរបង្រៀនពីសិស្សមួយថ្នាក់ទៅសិស្សមួយថ្នាក់ផ្សេងទៀត អ្នកតែងត្រូវគិតជានិច្ចថាតើគួរប្រើប្រាស់វិធីពន្យល់បែបណា ទើបអាចបញ្ជ្រាបចំណេះដឹងទៅដល់សិស្សបានដោយជោគជ័យ។
៧) មេធាវីជំនុំជម្រះក្ដី
តុលាការកាត់ក្ដីគឺជាវេទិកាដ៏ក្ដៅគគុកពោរពេញទៅដោយការប្រកួតប្រជែងរវាងមេធាវីទាំងពីរភាគី ដោយប្រើប្រាស់ពាក្យពេចន៍បែបណា ដើម្បីការពារកូនក្ដីពីទោសកំហុសដោយការបកស្រាយអំពីភស្តុតាងនៅក្នុងដៃរបស់ខ្លួនទៅកាន់អ្នកកាត់ក្ដី។ ម្យ៉ាងទៀត អ្នកទាំងនេះក៏ត្រូវជជែកជាមួយសាក្សីនិងកូនក្ដីរបស់ខ្លួនជាមុន ដើម្បីឲ្យពួកគេត្រៀមខ្លួនសម្រាប់ដំណើរការណ៍កាត់ក្ដីផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.monster.com