ហេតុអ្វីអ្នកត្រូវបង្កើតក្តីសុបិនឲ្យធំ សម្រាប់ថ្ងៃអនាគត?
មនុស្សមួយចំនួន គ្រាន់តែសុបិនឲ្យធំបន្តិចសម្រាប់ថ្ងៃអនាគត ក៏មិនដែលផង ដូច្នេះហើយពួកគេក៏គ្មានបេសកកម្មណាដើម្បីឆ្ពោះទៅរកភាពជោគជ័យធំដុំក្នុងជីវិតដូចអ្នកដទៃឡើយ។ គ្រាន់តែដាក់ក្តីសុបិនឲ្យធំ គឺមិនខាត់បង់អ្វីនោះទេ ប៉ុន្តែវាផ្តល់នូវប្រយោជន៍យ៉ាងច្រើនដែលអ្នកមិនគួរមើលរំលង។ ប៉ុន្តែយ៉ាងណាក៏ដោយ កុំគ្រាន់តែសុបិនដោយគ្មានសកម្មភាពឲ្យសោះ ព្រោះវាស្មើនឹងអត់បានការដដែល ពោលគឺត្រូវតែដើរឆ្ពោះទៅកាន់ក្តីសុបិនរបស់អ្នក ទោះមានបញ្ហាច្រើនក្តី។ ខាងក្រោមនេះជាប្រយោជន៍សំខាន់ៗ៖
១) បំផុសគំនិតឲ្យខិតខំធ្វើការខ្លាំង៖ ដូចដែលបានដឹងហើយថា នៅពេលអ្នកចង់សម្រេចកិច្ចការធំមួយ វាទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្ពស់បំផុត ទើបអាចសម្រេចបាន។ ដូច្នេះហើយ អ្នកគួរតែដាក់ក្តីស្រមៃ និង គោលដៅឲ្យធំ ដើម្បីធ្វើឲ្យខ្លួនអ្នក ខិតខំបំពេញការងារ ដោយគ្មានភាពខ្ជិលច្រអូស។
២) សប្បាយចិត្តនៅពេលដើរឆ្ពោះទៅកាន់ផ្លូវដ៏អស្ចារ្យមួយ៖ កាលណាអ្នកចង់សម្រេចកិច្ចការដ៏អស្ចារ្យមួយ ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនោះ វាពិតជាជួយឲ្យអ្នកមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់ ព្រោះកំពុងប្រើជីវិតក្នុងផ្លូវត្រូវមួយ។ បើធៀបជីវិតរបស់អ្នកដែលកំពុងធ្វើកិច្ចការដ៏អស្ចារ្យ ទោះ (សម្រេចក្តី ឬ មិនសម្រេចក្តី) ទៅនឹងមនុស្សផ្សេងទៀតដែលធ្វើតែកិច្ចការដែលឥតប្រយោជន៍នោះ អ្នកនឹងមានអារម្មណ៍ច្បាស់ថា ជីវិតគឺពិតជាមានខ្លឹមសារ។
៣) ទទួលបានលទ្ធផលដ៏អស្ចារ្យនៅពេលជោគជ័យ៖ ប្រសិនបើក្តីស្រមៃរបស់អ្នក ក្លាយជាការពិតក្រោយពីបានចំណាយពេលច្រើនដើម្បីធ្វើវារួចមក អ្នកនឹងមានមោទនភាពចំពោះខ្លួនឯង ព្រោះថា លទ្ធផលនោះ ជាអ្វីដែលបានប៉ង ហើយក៏បញ្ជាក់ប្រាប់ទៅកាន់អ្នកដទៃថា អ្នកជាមនុស្សមានសមត្ថភាពពិតប្រាកដ។
៤) បើមិនជោគជ័យទេ ក៏ទទួលបានបទពិសោធន៍ និង ចំណេះដឹងច្រើនដែរ៖ ថ្វីត្បិតតែមនុស្សគ្រប់គ្នាមិនចង់បានការបរាជ័យ ប៉ុន្តែវាក៏ជៀសមិនផុតដែរ។ ប្រសិនបើអ្នកបាន ដាក់គោលដៅ និង ក្តីសុបិនដ៏ធំមួយ ហើយបានខិតខំយ៉ាងខ្លាំង តែនៅតែមិនសម្រេចនោះ សូមកុំបាក់ទឹកចិត្ត ព្រោះថា អ្នកក៏ទទួលបានចំណេះដឹង និង បទពិសោធន៍យ៉ាងច្រើនផងដែរ។ ចំណេះដឹង និង បទពិសោធន៍ទាំងនេះ នឹងជួយឲ្យអ្នកក្លាយជាបុគ្គលជោគជ័យនៅពេលខាងមុខទៀត៕
ដោយ៖ រតនា វិចិត្រ