​អ្នក​នឹង​ទទួល​​ប្រយោជន៍​សំខាន់ៗ​៥​​យ៉ាង​ ​ប្រសិន​ហាត់​ប្រាណ​ជា​ប្រចាំ​!​​



មនុស្ស​​មួយ​ចំនួន​តែង​ខ្ជិល​ហាត់ប្រាណ ​​​​​ព្រោះ​មិន​ចង់​ហត់​ ​និង ​​ឈឺចាប់​រាងកាយ​ផ្សេងៗ​។ ​ប៉ុន្តែ​​មនុស្ស​ដែល​មាន​ទម្លាប់​បែបនេះ​ ​គឺ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​ពួកគេ​មិន​ធ្លាប់​គិត​។ ​​សម្រាប់​​អ្នក​ដែល​​និយម​ហាត់​ប្រាណ​វិញ ​គឺ​ជា​មនុស្ស​ដែល​ស្វាហាប់​ ​និង មាន​សុខភាព​ល្អ​ទាំង​ផ្នែក​រាងកាយ​ ​និង ផ្លូវ​ចិត្ត​។ ​ខាងក្រោម​នេះ​​ ​ជា​​ប្រយោជន៍​សំខាន់ៗ​នៃ​ការ​ហាត់ប្រាណ៖ ​១) ​​ជួយ​ពង្រឹង​សុខភាព​៖ ​សម្រាប់​អ្នក​ដែល​​ឧស្សាហ៍​ហាត់​ប្រាណ​ជា​ប្រចាំ​នោះ ​ពួកគេ​តែង​មាន​សុខភាព​ល្អ​ ​ជាង​អ្នក​ដែល​កម្រ​ហាត់​ប្រាណ​។ ​ការ​ហាត់​ប្រាណ​នេះ ​ពិត​ជា​សំខាន់​សម្រាប់​សុខភាព​ ​ព្រោះ​វា​ជួយ​បញ្ចេញ​ជាតិ​ពុល​ជា​ច្រើន​ ​តាមរយៈ​ញើស​ ​ដូច្នេះ​ហើយ​សូម​កុំ​ខ្ជិល​ច្រអូស​ក្នុង​ការ​ហាត់​ប្រាណ​ឲ្យ​សោះ​ ​ប្រសិនបើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​មាន​សុខភាព​ល្អ​។ ​២) ​កាត់បន្ថយ​ការ​​ធាត់​លើស​ទម្ងន់​៖ ​​​ចំពោះ​អ្នក​ដែល​​មិន​ចង់​មាន​បញ្ហា​ធាត់​លើស​ទម្ងន់​ទេ​ ​គឺ​គួរ​តែ​ឆ្លៀត​ពេល​ឲ្យ​បាន​ច្រើន​ដើម្បី​ហាត់​ប្រាណ​ ​​ព្រោះ​ថា​វា​ពិត​ជា​អាច​ជួយ​ឲ្យ​អ្នក​​មិន​ឡើង​គីឡូ​ផ្តេសផ្តាស ​និង ជួយ​ឲ្យ​រាងកាយ​រឹងមាំ ​និង ស្អាត​ផង​ដែរ​​។ ​ទន្ទឹម​គ្នា​​នោះ​ដែរ ​អ្នក​​ក៏​​មិន​ត្រូវ​បរិភោគ​ច្រើន​ពេក​ទេ​ ​ព្រោះ​​ទោះបីជា​ហាត់ប្រាណ​ច្រើន​ក្តី​ ​ប៉ុន្តែ​បើ​បរិភោគ​​មិន​ចេះ​រើស ​ហើយ​ចេះ​តែ​ឆ្ងាញ់​រហូត​នោះ ​ក៏​មិន​ងាយ​ស្រក​ទម្ងន់​ដែរ​។ ​៣) ​កាត់​បន្ថយ​ភាព​តានតឹង៖ ​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា ​ស្មុគស្មាញ​ចំពោះ​ការងារ​ ​ការ​សិក្សា ឬ បញ្ហា​គ្រួសារ​ជា​ដើម​ ​សូម​កុំ​ទៅ​គិត​ធ្វើ​រឿង​ដែល​ផ្តេសផ្តាស​ ​ពោល​គឺ​គួរ​តែ​ងាក​មក​ហាត់ប្រាណ​វិញ​​។ ​ការ​ហាត់​ប្រាណ​នេះ ​ពិត​​ជា​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ទាំងឡាយ​ ​ដែល​មាន​ក្នុង​ចិត្ត​របស់​អ្នក​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​គួរ​សាកល្បង​ហាត់​ប្រាណ​ ​ប្រសិន​បើ​មាន​អារម្មណ៍​ស្មុគស្មាញ​លើ​អ្វី​មួយ​។ ៤) ​​ជួយ​ឲ្យ​​សម្រួល​ដល់​បញ្ហា​ដំណេក​​៖ ​​​​មូលហេតុ​មួយ​ក្នុង​ចំណោម​​មូលហេតុ​​ជាច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ដំណេក​​នោះ ​គឺ​ដោយសារតែ​មិន​ដែល​ហាត់ប្រាណ​​។ ​បើ​យោង​តាម​​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន​National Sleep Foundation​ដែល​មាន​មូលដ្ឋាន​​នៅ​អាមេរិក​ ​បាន​​លើកឡើង​ថា​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ ​ពិត​ជា​អាច​ជួយ​ឲ្យ​អ្នក​​គេង​លក់​ស្រួល​នៅ​ពេល​យប់​។ ​៥) ​ធ្វើ​ឲ្យ​រាងកាយ​ ​និង ស្មារតី​មាន​ភាព​ស្វាហាប់​៖ ​​អ្នក​ដែល​ចូលចិត្ត​​ហាត់​ប្រាណ​ជា​ប្រចាំ​នោះ ​តែងតែ​មាន​រាងកាយ​រឹងមាំ ​និង ស្មារតី​ល្អ​ជាង​មនុស្ស​ទូទៅ​ ​ដូច្នេះ​ហើយ​ពួកគេ​អាច​បំពេញ​ការងារ​បាន​យ៉ាង​ស្វាហាប់​ ​និង ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​៕ ​ដោយ​៖ ​រតនា​ ​វិចិត្រ​ ​ប្រភព៖ sleepfoundation.org & lifehacker.com