នៅទ្វីបអាស៊ីមានប្រទេសតែ៤ប៉ុណ្ណោះមាននាវាដឹកយន្តហោះក្នុងនោះក៏មានថៃដែរ
បើនិយាយពីប្រទេសដែលមាននាវាដឹកយន្តហោះ គឺមានមិនដល់ ២០នោះទេនៅក្នុងពិភពលោកនេះ ហើយបើនិយាយពីទ្វីបអាស៊ីទៀត គឺមានតែប៉ុន្មានប្រទេសប៉ុណ្ណោះ។ ប្រទេសទាំងនោះមាន៖
- ជប៉ុន៖ មហាអំណាចសេដ្ឋកិច្ចទីបីក្នុងលោកមួយនេះ ជាប្រទេសមាននាវាដឹកយន្តហោះច្រើនជាងគេនៅទ្វីបអាស៊ី និងឈរលេខបីនៅទូទាំងពិភពលោកបើគិតចាប់តាំងពី សម័យសង្គ្រាមលោកលើកទីពីរមក។ បើតាមការប៉ាន់ស្មាន ជប៉ុនមាននាវាដឹកយន្តហោះប្រហែលជាង ២០គ្រឿងប៉ុន្តែមិនអាចដំណើរការបានទាំងអស់នោះទេ ក្នុងនោះ មាន២០គ្រឿងបានលិចក្នុងសម័យសង្គ្រាមលោកលើកទីពីរ ២គ្រឿងទៀតបានចូលនិវត្តន៍ និង ២គ្រឿងកំពុងដំណើរការ (យោងតាម Global Fire Power)។ ដោយឡែក ប្រទេសនេះមាននាវាមុខទឹកដល់ទៅ ១៦គ្រឿង កប៉ាល់ប្រយុទ្ធ ៤៣គ្រឿង និងកងនាវាមួយចំនួនទៀត។ ជប៉ុនល្បីខ្លាំងខាងកងនាវាមុខទឹក។
- ឥណ្ឌា៖ មហាអំណាចអាស៊ីមួយនេះ មាននាវាដឹកយន្តហោះប្រមាណ ២គ្រឿង ហើយកំពុងសាងសង់មួយគ្រឿងទៀតដែរ។ កងកម្លាំងជើងទឹកប្រទេសនេះត្រូវបានធ្វើទំនើបកម្មគួរសមប៉ុន្តែមិនទាន់លេចធ្លោខ្លាំងណាស់ណាទេនៅក្នុងទ្វីបអាស៊ីនេះ។
- ចិន៖ មហាអំណាចសេដ្ឋកិច្ចលេខពីរនៅក្នុងលោកមួយនេះ មាននាវាដឹកយន្តហោះតែមួយគ្រឿងប៉ុណ្ណោះ ហើយនាវានេះទៀតសោតត្រូវបានទិញពីប្រទេសអ៊ុយក្រែនយកមកកែច្នៃ។ ទោះជាយ៉ាងណាមានប្រភពខ្លះបានរាយការណ៍ថា ចិនកំពុងសាងសង់នាវាដឹកយន្តហោះដោយខ្លួនមួយគ្រឿងទៀត។
- ថៃ៖ ជាប្រទេសនៅអាស៊ីអាគ្នេយ៍ទី១ និងជាប្រទេសស្ថិតនៅក្នុងទ្វីបអាស៊ីទីបួនដែលមាននាវាដឹកយន្តហោះ។ ថៃបានទិញនាវាមួយគ្រឿងនេះពីក្រុមហ៊ុនអេស្ប៉ាញតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ ប៉ុន្តែអ្វីដែលសំខាន់គឺប្រទេសនេះមិនបានប្រើប្រាស់នាវានេះសម្រាប់ដឹកយន្តហោះនោះទេ។ ថៃបានប្រើប្រាស់នាវានេះដើម្បីប្រតិបត្តិការជួយសង្គ្រោះនៅពេលមានទឹកជំនន់ និងធ្វើកម្មវិធីមនុស្សធម៌ផ្សេងៗ។ នាវានេះមានប្រវែងជិត ១៨៣ម៉ែត្រអាចផ្ទុកយន្តហោះ Sea Harrier AV-8s បាន ៩គ្រឿង និងឧទ្ធម្ភាគចក្រ ៦គ្រឿង៕
ដោយ៖ រតនៈវិភូ