​​ជីវិត​តស៊ូ​របស់​លោក​ ឈៀង កាយជៀក​​ ​ដែល​ភៀស​ខ្លួន​ពី​ចិន​ដី​គោក​មក​​​បង្កើត​រដ្ឋ​នៅ​កោះ​​តៃវ៉ាន់​​



ឈៀង កាយជៀក​ គឺ​ជា​មេដឹកនាំ​ចិន​ដ៏​សំខាន់​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​សំខាន់ៗ​របស់​ចិន​ដទៃ​ទៀត​ក្នុង​ស.វ ទី ២០។ លោក បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​គណបក្ស​ជាតិ​និយម​របស់​ចិន ក្រោយ​ពី​មរណភាព​របស់ ស៊ុន យ៉ាតសេន ​ជា​ពិសេស​នោះ​គឺ​ការ​ព្យាយាម​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ចិន។ នៅ​ឆ្នាំ ១៩៥០ លោក ក៏​បាន​ក្លាយ​ជា​ប្រជាធិបតី​របស់​កោះ​តៃវ៉ាន់ ក្រោយ​ពេល​ចាញ់​សង្គ្រាម​ជា​មួយ​នឹង​ពួក​​កុម្មុយនីស្ត​របស់​ម៉ៅ​ សេទុង។

ចាប់កំណើត​ក្នុង​គ្រួសារ​ស្តុកស្តម្ភ​​៖ ឈៀង កាយជៀក​ (Chiang Kai-Shek) មាន​ដើមកំណើត​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន  ដោយ​​កើត​នៅ​ថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ ១៨៨៧ ក្នុង​គ្រួសារ​អ្នក​ជំនួញ​មាន​ទ្រព្យសម្បត្តិ​ច្រើន​។ ឪពុក​របស់​លោក គឺ​ជា​អ្នក​ក្ដោបក្ដាប់​ទំនិញ​ស្រា និង អំបិល​ក្នុង​តំបន់​ដែល​រស់នៅ។ ដូច្នេះ​​​បញ្ហា​ជីវភាព​គ្រួសារ​មិនមែន​ជា បញ្ហា​សម្រាប់ ឈៀង កាយជៀក​នោះ​ទេ។ តាំងពី​ក្មេង​មក លោក​បាន​ចូល​សិក្សា​នៅក្នុង​សាលា​ដោយ​មិន​ខុស​ពី​ក្មេងៗ​ជន​ជាតិ​ចិន​ដទៃ​​ទៀត​នោះ​ទេ ដែល​ត្រូវ​សិក្សា​សំខាន់​ទៅលើ​ទស្សន​​របស់​ខុងជឺ​យ៉ាង​ជាប់លាប់។ ប៉ុន្តែ​នៅ​អាយុ​៩ ឆ្នាំ​ឪពុក និង លោក​តា​របស់​គាត់​បាន​ស្លាប់​​ ដូច្នេះ​ជីវិត​របស់​លោក បាន​រស់​នៅ​ជាមួយនឹង​ម្តាយ​រហូត​មក ហើយ​លោក មាន​ការ​គោរ​ព​យ៉ាង​ខ្លាំង​ចំពោះ​ម្តាយ​របស់​ខ្លួន។ ​

ចាប់​អារម្មណ៍​ខ្លាំង​លើ​ផ្នែក​យោធា​ និង​នយោបាយ​ ខណៈ​ស្រុកទេស​កំពុង​ចលាចល​​៖ កាល​ជំនាន់​នោះ ប្រទេស​ចិន​ពោរពេញ​ទៅ​ដោយ​ភ្លើង​សង្គ្រាម​​​ដែល​មាន​ការ​កាប់​សម្លាប់​គ្នា​សឹង​គ្រប់​ទីកន្លែង​​ ដូច្នេះ ឈៀង កាយជៀក​​ក៏​​បាន​ចាប់​អារម្មណ៍​​ យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​យោធា និង នយោបាយ។ នៅ​អាយុ​១៨ ឆ្នាំ គាត់​ក៏បាន​សម្រេច​ចិត្ត​ចូល​សិក្សា​នៅ​​​សាលា​យោធា​។ ក្រោយ​មក​ទៀត ក៏​បាន​​ទៅ​បន្ត​ការ​សិក្សា​ផ្នែក​យោធា​នេះ​នៅ​ក្នុង​ទី​ក្រុង​​​តូក្យូ​ប្រទេស​ជប៉ុន។​នៅ​ប្រ​ទេស​​​ជប៉ុន​នោះ លោក​ក៏​បាន​ចូលរួម​សកម្មភាព​នយោបាយ​ក្នុង​ប្រទេស​ចិន​យ៉ាង​សកម្ម​ផង​ដែរ ជា​ពិសេស​ចូលរួម​ជា​មួយ​នឹង​ចលនា​របស់ អ្នក​បដិវត្ត​​ដ៏​ល្បីល្បាញ​របស់​ចិន គឺ​លោក ស៊ុន​យ៉ាតសេន។ នៅ​ឆ្នាំ ១៩២៣ លោក ក៏បាន​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី ផ្នែក​យោធា​នេះ​ផង​ដែរ។ ​​​​

ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​​​​​​​៖ ​ក្រោយ​ពី​ត្រឡប់​មក​​ដល់​ប្រទេស​ចិន​វិញ​ ​លោក​​បាន​ឈានជើង​កាន់​តែ​​ជ្រៅ​​ទៅ​ក្នុង​កិច្ចការ​នយោបាយ ជាមួយ​នឹង​គណបក្ស​ជាតិ​និយម​របស់​ស៊ុន ​យ៉ាត​សេន​ដើម្បី​ប្រឆាំង​ទៅ​នឹង​របប​រាជវង្ស​។​នៅ​ក្នុង​សកម្មភាព​នយោបាយ​របស់ ឈៀង កាយជៀក​ (Chiang Kai-Shek) ក្នុង​ប្រទេស​ចិន​នោះ​លោក មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ស៊ុន យ៉ាតសេន ។ ក្រោយ​ពេល​ដែល ស៊ុន យ៉ាតសេន បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ ១៩២៥ ឈៀង កាយជៀក​ (Chiang Kai-Shek)   បាន​ទទួល​មុខ​ដំណែង​កាន់តែ​ធំ​នៅ​ក្នុង​បក្ស ពោល​គឺ​ទ​ទួល​បន្ទុក​គ្រប់គ្រង​ចលនា​​បដិវត្តន៍​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស ហើយ​នៅ​ឆ្នាំ ​១៩២៦ លោក បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បង្រួប​បង្រួម​ជម្លោះ​របស់​ចិន ។  ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​គឺ​ក្រោយ​ពេល​​ឈៀង កាយជៀក​ (Chiang Kai-Shek) ក្ដោបក្ដាប់​អំណាច​នោះ ចិន​ស្ថិត​នៅ​ក្នុង​សន្តិភាព​រយៈ​​ពេល​ខ្លី​តែប៉ុណ្ណោះ ដោយសារ​តែ​បញ្ហា​ឈ្លានពាន​ពីសំណាក់​បរទេស។ ចាប់​ពី​ឆ្នាំ ១៩៣១ មក ឈៀង កាយជៀក​ (Chiang Kai-Shek) បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ឈ្លាន​ពាន​របស់​កង កម្លាំង​រដ្ឋាភិបាល​ជប៉ុន​មក​លើ​ទឹក​ដី​ចិន។ ហើយ​នៅ​ឆ្នាំ ១៩៣៧ ជប៉ុន​បាន​ចូល​ឈ្លាន​ពាន​ទឹកដី​ចិន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្រោយ​មក​ពោល​គឺ​នៅ​ឆ្នាំ ១៩៤១ ខាង​អាមេរិក​ក៏​បាន​ចេញ​មុខ​ប្រឆាំង​ជា​មួយ​នឹង​ជប៉ុន​ផង​ដែរ ដូច្នេះ​លោក ឈៀង កាយជៀក​ (Chiang Kai-Shek) ក៏​បាន​ក្លាយ​ទៅ​ជា​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​អាមេរិក​ដើម្បី​ទប់​ស្កាត់​​​​ឥទ្ធិពល​របស់​ជប៉ុន​។

ចាញ់​​ក្រុម​កុម្មុយនីស្ត​ដឹកនាំ​ដោយ ម៉ៅ សេទុង ​ហើយ​​ភៀសខ្លួន​​ទៅ​កោះ​តៃវ៉ាន់​​​​​៖ ប៉ុន្តែ​យ៉ាង​ណាក៏ដោយ នៅ​ឆ្នាំ ១៩៤៦ ចិន​ក៏​ប្រឈម​ជា​មួយ​នឹង​បញ្ហា​សង្គ្រាម​​​ស៊ីវិល​ដ៏​ធ្ងន់ធ្ងរ​ទៀត ពោល​គឺ គណបក្ស​ជាតិ​និយម​ដែល​ដឹកនាំ​ដោយ​ឈៀង កាយជៀក​ (Chiang Kai-Shek) ​មាន​ជម្លោះ​ជាមួយ​នឹង​កុម្មុយនីស្ត​ចិន​ក៏បាន​ធ្វើ​ការ​ប្រយុទ្ធ​គ្នា​​យ៉ាង​ខ្លាំង។ នៅ​ទី​បំផុត​ជ័យ​ជំនះ​ក៏​បាន​ធ្លាក់​ទៅ​លើ​ពួក កុម្មុយនីស្ត​ដែល​​ដឹកនាំ​ដោយ ម៉ៅ សេទុង​កាល​ពី​ជំនាន់​​នោះ។ ក្រោយពេល​ដែល​ប្រយុទ្ធ​ចាញ់​ពួក​កុម្មុយនីស្ត​របស់​ម៉ៅ​ សេទុង​ហើយ​នោះ លោក ឈៀង កាយជៀក​ (Chiang Kai-Shek)​ រួម​ជាមួយ​នឹង​សមាជិក​បក្ស​ជាច្រើន​ទៀត​ក៏​បាន​រត់​ភៀស​ខ្លួន ទៅ​កាន់​កោះ​តៃវ៉ាន់។

ធ្វើ​ឲ្យ​​​កោះ​តៃវ៉ាន់​ស្គាល់​ការ​រីកចម្រើន​ខ្លាំង​៖ នៅ​ពេល​ទៅ​ដល់​ទីនោះ ឈៀង កាយជៀក​ (Chiang Kai-Shek) ក៏​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​របស់​តៃវ៉ាន់​នៅ​ឆ្នាំ ១៩៥០។ ជា​ការ​កត់​សម្គាល់ បើ​ទោះបីជា​ត្រូវ​បាន​រត់​ភៀសខ្លួន​មក​តាំង​រដ្ឋាភិបាល​ថ្មី​នៅ​លើ​កោះ​តៃវ៉ាន់​ក្តី តែ​ការ​ដឹក​នាំ​របស់​គណបក្ស​ជាតិនិយម​នេះ បាន​នាំ​ឲ្យ​សេដ្ឋកិច្ច​តៃវ៉ាន់​​ស្គាល់​ការ​រីកចម្រើន​ឆាប់​រហ័ស​ ពោល​គឺ​លឿន​ជាង​ចិនដីគោក​ដែល​គ្រប់គ្រង​ដោយ​បក្ស​កុម្មុយនីស្ត​នោះ។  ហើយ​កាល​នោះ​ តៃវ៉ាន់​មាន​ឈ្មោះ​ក្នុង​នាម​ជា​ចិន​ទាំង​មូល ដោយ​នៅ​តែ​អាច​រក្សា​កៅអី​ក្នុង​នាម​ជា​ សមាជិក​របស់​អង្គការសហប្រជាជាតិ​ដដែល។

​​អង្គការសហប្រជាជាតិ​​ដក​ហូត​កៅអី​របស់​តៃវ៉ាន់៖ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ អង្គការសហប្រជាជាតិ​ក៏​បាន​ដកហូត​កៅអី​របស់​តៃវ៉ាន់​ ដែល​តំណាង​ឲ្យ​ចិន​ទាំង​​មូល​នោះ ប្រគល់​ទៅ​ហើយ​ចិនដីគោក​ដែល​ដឹកនាំ​ដោយ​ពួក​កុម្មុយនីស្ត​ទៅវិញ។ បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ ឈៀង កាយជៀក​ (Chiang Kai-Shek) មាន​ការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​អ្វី​នោះ​ទេ។ ក្រោយ​មក​ទៀត តៃវ៉ាន់ និង អាមេរិក​ក៏​មាន​បញ្ហា​ជា​មួយ​គ្នា​ផង​ដែរ ពោល​គឺ​ក្រោយពេល​ដែល​ប្រធានាធិបតី​របស់​អាមេរិក គឺ លោក Richard Nixon នៅ​ឆ្នាំ ១៩៧២ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន ហើយ​បាន​ប្រកាស​ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង់​របស់​ចិនដី​គោក​ទៅ​វិញ។

ជីវិត​គ្រួសារ​៖ បើ​និយាយ​អំពី​ជីវិត​អាពាហ៍ពិពាហ៍​វិញ គាត់​បាន​រៀបការ​ចំនួន​២​លើក។ លើក​ទី១ គឺ​ធ្វើ​ឡើង ជា​មួយ​នឹង​នារី​ម្នាក់​ឈ្មោះថា Mao Fumei ដែល​ជា​អ្នក​ភូមិ​ជា​មួយ​គ្នា ហើយ​អាពាហ៍ពិពាហ៍​នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​ការ​ផ្សំផ្គុំ​របស់​គ្រួសារ។ ជីវិត​រស់​នៅ​ជាមួយ​នឹង​ប្រពន្ធ​ទី​មួយ​នេះ គាត់​មាន​កូន​ចំនួន​២ នាក់ គឺ​ស្រី ម្នាក់ និង ប្រុស​ម្នាក់។ ប៉ុន្តែ​ក្រោយ​មក Mao Fumei ដែល​ត្រូវ​ជា​ប្រពន្ធ​នោះ​ក៏​បាន​ស្លាប់។ ចំណែក​ឯ​ប្រពន្ធ​ទី២​របស់​គាត់​មាន​ឈ្មោះថា Mayling Soong​ដែល​ទទួល​បានការ​អប់រំ​យ៉ាង​ជ្រៅជ្រះ​នៅ​សហរដ្ឋអាមេរិក។ អ្នក​ទាំងពីរ​បាន​ស្គាល់​គ្នា​នៅ​ឆ្នាំ ១៩២០ ហើយ​បាន​រៀបការ​ជា​មួយ​គ្នា​នៅ​ឆ្នាំ​១៩២៧ ក្នុង​ទីក្រុង​សៀងហៃ។ ប្រពន្ធ​ទី២​នេះ មាន​ដើតួរ​យ៉ាង​សំខាន់​ផង​ដែរ​​នៅ​លើ​ឆាក​នយោបាយ​ជា​មួយ​នឹង ឈៀង កាយជៀក​ (Chiang Kai-Shek) ។

ក្រោយ​ ពេល​ដែល លោក ឈៀង កាយជៀក​ (Chiang Kai-Shek) បាន​ស្លាប់​នៅ​ឆ្នាំ ១៩៧៥ លោកស្រី​ Mayling Soong​ ក៏​បាន​ត្រឡប់​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​វិញ ហើយ​បាន​ស្លាប់​នៅ​ឆ្នាំ​​​២០០៣៕

​ដោយ​៖ ​អ៊ុន ​ភក្តី

X
5s