ហេតុផលសំខាន់ៗ៤យ៉ាងដែលសិស្សនិស្សិតកម្ពុជា ត្រូវឆ្លៀតពេលទៅបណ្ណាល័យឲ្យបានច្រើន(ប្រចាំសប្ដាហ៍ ឬ ខែ)
បណ្ណាល័យ គឺ ជាឃ្លាំងឱសថសម្រាប់ខួរក្បាលរបស់មនុស្ស ប៉ុន្តែមានមនុស្សប៉ុន្មានជាពិសេសយុវជនដែលបានចំណាយពេលជាមួយវា? ក្នុងប្រទេសកម្ពុជា ថ្វីត្បិតមិនសូវមានបណ្ណាល័យច្រើនដូចប្រទេសលោកខាងលិច ឬ ប្រទេសរីករាយច្រើនក្ដី ប៉ុន្តែសម្រាប់អ្នកដែលស្វះស្វែងក្នុងការអភិវឌ្ឍខ្លួនឯង គឺនៅតែរកឃើញ ហើយតែងចំណាយពេលប្រចាំសប្ដាហ៍ ឬប្រចាំខែ ដើម្បីស្រាវជ្រាវ និង អានសៀវភៅល្អៗជាច្រើន។ ខាងក្រោមនេះ ជាហេតុផលចំណាយពេលឲ្យបានច្រើននៅក្នុងបណ្ណាល័យ៖
១) អាចជ្រើសរើសសៀវភៅដែលខ្លួនពេញចិត្ត (មានសៀវភៅរាប់ពាន់ក្បាល និង ច្រើនប្រភេទ) ៖ នៅពេលអ្នកទៅដល់បណ្ណាល័យ អ្នកនឹងមានអារម្មណ៍ថា ប្លែក និង អស្ចារ្យព្រោះថា នៅទីនោះគឺមានសៀវភៅជាច្រើនក្បាល និង ច្រើនប្រភេទ រាប់ចាប់ពីសៀវភៅប្រភេទជំនួញ ឬ អាជីវកម្ម សេដ្ឋកិច្ច នយោបាយ ប្រវត្តិបុគ្គលល្បី និងផ្សេងៗទៀត។ ដូច្នេះហើយ អ្នកអាចជ្រើសរើសប្រភេទសៀវភៅដែលអ្នកពេញចិត្តបានយ៉ាងងាយ និង អាចរីករាយក្នុងការក្រេបយកឱជារសដ៏វិសេសវិសាលនៃអត្ថន័យរបស់សៀវភៅនីមួយៗ។
២) បរិយាកាសស្ងប់ស្ងាត់ល្អ៖ ជាទូទៅ អ្នកដែលសម្រេចចិត្តទៅបណ្ណាល័យ ភាគច្រើនគឺជាមនុស្សដែលស្រេកឃ្លានចំណេះដឹងខ្លាំងហើយពួកគេ តែងអង្គុយអានយ៉ាងយកចិត្តទុកដាក់ និង ផ្ទៀងផ្ទាត់អត្ថន័យ និង ខ្លឹមសារក្នុងសៀវភៅយ៉ាងយកចិត្តទុកដាក់ ដូច្នេះហើយបរិយាកាសនៅទីនោះ គឺមិនអាចដូចកន្លែងលក់គុយទាវនោះឡើយ។ ក្នុងបរិយាកាសបែបនេះ វាជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ និង អាចអានសៀវភៅដែលខ្លួនពេញចិត្តបានយ៉ាងល្អ។
៣) បង្កើតមិត្តភ័ក្ដិថ្មី៖ មិត្តមានច្រើនប្រភេទណាស់។ បើអ្នកទៅកន្លែងផឹកស៊ី ប្រាកដណាស់ថា អ្នកនឹងស្គាល់តែជាមនុស្សចូលចិត្តដើរលេង និងផឹកស៊ីច្រើន ហើយបើមានមិត្តប្រភេទនេះកាន់តែច្រើន នោះអ្នកក៏ចំណាយច្រើនដើម្បីបំផ្លាញខ្លួនឯងដែរ រាប់ទាំងពេលវេលា លុយ និង សុខភាព។ ប៉ុន្តែបើអ្នកទៅបណ្ណាល័យវិញ នោះអ្នកនឹងអាចជួបមិត្តថ្មីដែលសុទ្ធតែជាមនុស្សដែលស្រលាញ់ការសិក្សា ហើយពួកគេអាចផ្លាស់ប្ដូរយោបល់ល្អៗជាច្រើនជាមួយអ្នកបាន។ ពិសេសបើគេខ្សោយ អ្នកអាចជួយគេបាន ហើយបើអ្នកខ្សោយជាងគេវិញ អ្នកក៏ត្រូវបានគេជួយវិញដូចគ្នា។
៤) ក្លាយជាទម្លាប់ស្រលាញ់ការសិក្សា៖ ទម្លាប់កើតចេញពី សកម្មភាពដដែលៗរបស់អ្នក។ ជាទូទៅ មនុស្សភាគច្រើនមិនសូវមានទម្លាប់ស្រលាញ់ការសិក្សាខ្លាំងនោះឡើយ ហើយពួកគេអាចនឹងនិយាយថា ខ្លួនស្រលាញ់ការសិក្សា ប៉ុន្តែបានត្រឹមនិយាយប៉ុណ្ណោះ ព្រោះសកម្មភាពគឺមិនអាចបញ្ជាក់បានយ៉ាងពេញលេញ ព្រោះអានសៀវភៅបានម្ដង ក៏បាត់រាប់ខែ អ៊ីចឹងហើយមិនអាចក្លាយជាមនុស្សដែលមានចំណេះដឹងទូលំទូលាយបានឡើយ។ ប៉ុន្តែបើអ្នកព្យាយាមទៅកាន់បណ្ណាល័យជាប្រចាំ យូរៗទៅវានឹងក្លាយជាទម្លាប់មួយដែលអ្នកចង់ចំណាយពេលវេលាឲ្យបានច្រើនជាមួយវា ឬ អាចចាត់ទុកថា បណ្ណាល័យជាកន្លែងលំហែកាយនាចុងសប្ដាហ៍ផងក៏ថាបាន។ បើអ្នកចាត់ទុកបណ្ណាល័យជាកន្លែងលំហែកាយសម្រាប់ចុងសប្ដាហ៍ហើយ នោះវាចំណេញច្រើនមែនទែន រាប់ទាំងប្រាក់ (ព្រោះមិនត្រូវចំណាយច្រើន) និង ចំណេះដឹង។ សូមបញ្ជាក់ថា បើអ្នកជាសិស្សនិស្សិតនៅតាមសាកលវិទ្យាល័យផ្សេងក្នុងប្រទេសកម្ពុជា អ្នកអាចទៅកាន់បណ្ណាល័យប្រចាំនៅសាកលវិទ្យាល័យរបស់ខ្លួន មានន័យថា បើអ្នកជានិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ អ្នកគួរទៅបណ្ណាល័យនៅទីនោះ។
លោកអ្នកក៏អាចទៅកាន់បណ្ណាល័យផ្សេងៗទៀតផងដែរ ដូចជា៖
១) ជាពិសេសបណ្ណាល័យជាតិ ដែលមានទីតាំងនៅក្បែរសាកលវិទ្យាល័យជាតិគ្រប់គ្រង
២) បណ្ណាល័យសម្ដេចហ៊ុនសែន ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៣) បណ្ណាល័យព្រឹទ្ធសភាដែលមានទីតាំងនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម
៤) មជ្ឈមណ្ឌលធនធានព័តមាន Information Resource Center (IRC) ដែលមានទីតាំងនៅ ផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ។
៥) និង បណ្ណាល័យ អាមេរិកខែន ខរនើ (American Corner) ដែលមានឯកសារជាច្រើន ជាពិសេសស្ដីពីអាមេរិក ហើយបណ្ណាល័យនេះមានទីតាំងនៅក្នុងសាកលវិទ្យាល័យចំនួនសំខាន់ៗក្នុងប្រទេសកម្ពុជាមួយចំនួន ដូចជា ស្ថិតនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង និង សេដ្ឋកិច្ច (ខេត្តកំពង់ចាម) និង សាកលវិទ្យាល័យជាតិគ្រប់គ្រង និង សេដ្ឋកិច្ច (ខេត្តបាត់ដំបង) និង សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (ខេត្តសៀមរាប)៕
ដោយ៖ រតនា វិចិត្រ