អ្វីទៅជាការចេះដឹងពិតប្រាកដ ?
អ្វីជាការយល់ដឹងពិតប្រាកដ ? តើអ្នកគិតថាការមកអង្គុយរៀននៅក្នុងថ្នាក់ទៀងទាត់ស្មើគ្នានឹងការមានចំណេះដឹងពិតប្រាកដឬ ? ឬក៏អ្នកគិតថាការអានសៀវភៅអស់រាប់ក្បាលហើយអាចឲ្យអ្នកក្លាយជាបណ្ឌិតបាន ?
អ្នកអានច្រើនឬស្ដាប់ច្រើនប៉ុណ្ណាមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកសួរខ្លួនឯងទៅមើលថាតើអ្នកចេះវាពិតប្រាកដឬអត់។ ការចេះដឹងពិតប្រាកដមិនមែនអាចកើតឡើងបានយ៉ាងងាយស្រួលដោយគ្រាន់តែមកអង្គុយរៀននៅក្នុងថ្នាក់ជាប្រចាំ ឬអានសៀវភៅច្រើននោះទេ។ វាទាមទារឲ្យអ្នកលះបង់លើសពីនេះទៅទៀត។ ចំណេះដឹង បើទោះជាអ្នកមានច្រើនប៉ុណ្ណាក៏ដោយ ដរាបណាអ្នកមិនចេះច្នៃប្រឌិតយកមកប្រើប្រាស់ក្នុងការអនុវត្តជាក់ស្ដែងក្នុងស្ថានភាពជាក់លាក់ណាមួយទេនោះ ចុងក្រោយបំផុតវាមិនមានប្រយោជន៍អ្វីឡើយ ព្រោះអ្វីដែលអ្នកធ្លាប់ចេះហើយមិនបានយកមកប្រើនោះ នឹងកប់ចោលទៅបាតជម្រៅនៃការចងចាំរបស់អ្នក ហើយចុងក្រោយអ្នកនឹងភ្លេចវា។
ចំណេះដឹងកាន់តែច្រើន តែមិនដឹងថាត្រូវយកទៅប្រើប្រាស់យ៉ាងដូចម្ដេច វានាំតែខាតចន្លោះទំនេរសម្រាប់ឲ្យខួរក្បាលអ្នកចងចាំអ្វីផ្សេងដែលមានប្រយោជន៍ជាងនេះនោះទេ។ ការចេះដឹងពិតប្រាកដ អាចកើតឡើងបានចេញពីការយល់ពិតប្រាកដ មិនមែនជាការទន្ទេញឲ្យចាំមាត់នោះទេ ដែលគ្រាន់តែជាការយល់សើៗនៅស្រទាប់ផ្ទៃខាងលើនៃបញ្ហាប៉ុណ្ណោះ។ យ៉ាងណាមិញបើអ្នកយល់ជាក់ច្បាស់ប្រាកដហើយ វាពិបាកនឹងឲ្យអ្នកបំភ្លេចវាបានណាស់។ ម្យ៉ាងទៀត អ្នកអាចយល់វាបានច្បាស់ លុះត្រាតែអ្នកលះបង់ពេលវេលា និងលះបង់នូវភាពកម្ជិលនិងទម្លាប់ចូលចិត្តពន្យារពេលរបស់អ្នកចេញ ដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៅលើប្រធានបទណាមួយនោះ។
នៅពេលអ្នកយល់វាច្បាស់ហើយ ជាជាងការទន្ទេញចាំមាត់ ខួរក្បាលអ្នកនឹងពោរពេញទៅដោយចន្លោះទុកសម្រាប់ភាពច្នៃប្រឌិត នោះអ្នកនឹងចេះបម្លែងវាយកទៅប្រើប្រាស់នៅក្នុងស្ថានភាពផ្សេងទៀត ជួនកាលអាចជាស្ថានភាពដែលមិនធ្លាប់នឹកស្មានដល់ថាអ្វីដែលអ្នកធ្លាប់ចេះនេះអាចយកទៅប្រើការវាបានផងដែរ។ នេះក៏ព្រោះតែ នៅពេលអ្នកយល់ពីអ្វីមួយជ្រួតជ្រាបហើយ អ្នកនឹងយល់ពីឫសគល់ដែលបង្កជាហេតុណាមួយឡើង បើកាលណាអ្នកដឹងពីឫសគល់ឬមូលដ្ឋានគំនិតរបស់អ្វីមួយហើយ នោះអ្នកនឹងខុសពីអ្នកដែលទន្ទេញចាំមាត់ ដែលជាប់គាំងដើរនៅលើផ្លូវដដែលតែម្យ៉ាងដើម្បីសម្រេចដល់គោលដៅ។ ចំណេះដឹងដែលកកើតឡើងដោយមានមូលដ្ឋានចេញពីការទន្ទេញរបៀបនេះ នឹងមិនអាចឲ្យពួកគេគិតចេញពីផ្លូវមួយដែលខ្លួនឯងកំពុងដើរនោះទេ។ វាមិនអាចនាំពួកគេឲ្យគិតនៅក្រៅប្រអប់ គិតឃើញគំនិតអ្វីប្លែកថ្មី និងមានការច្នៃប្រឌិតបាននោះឡើយ៕
ដោយ៖ ស្រីពៅ