ហេតុផល៤យ៉ាងដែលអ្នកមិនគួរប្រឡូកក្នុងជំនួញគ្រួសារក្រោយបញ្ចប់ការសិក្សាភ្លាមៗ
ពិតប្រាកដណាស់ថាឪពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនបន្តមុខរបររបស់ខ្លួននាថ្ងៃអនាគត។ ដូចដែលបានឃើញស្រាប់ហើយថាជំនួញភាគច្រើនជាពិសេសជំនួញធំៗច្រើនតែផ្ទេរឲ្យកូនៗ។ បើទោះបីជាអ្នកគិតថាវាជាភារកិច្ចរបស់កូនៗដែលត្រូវកាន់កាប់ជំនួញបន្តពីឪពុកម្តាយក៏ដោយ ខាងក្រោមនេះជាហេតុផលទាំង៤យ៉ាងដែលអ្នកមិនត្រូវប្រឡូកក្នុងជំនួញគ្រួសារភ្លាមៗក្រោយបញ្ចប់ការសិក្សា៖
១) មិនមានជំនាញដោះស្រាយបញ្ហា៖ នៅពេលអ្នកធ្វើការក្នុងជំនួញគ្រួសារ ឪពុកម្ដាយរបស់អ្នកប្រហែលជាអ្នកធ្វើការសម្រេចចិត្តទៅលើបញ្ហាពិបាកៗជាដើម ដូច្នេះហើយអ្នកខកខាននូវឱកាសធ្វើការសម្រេចចិត្តនិងទំនួលខុសត្រូវលើសកម្មភាពខ្លួនឯង។ ដូច្នេះហើយ មនុស្សដែលប្រឡូកក្នុងជំនួញគ្រួសារតែម្តងមិនសូវមានឱកាសក្នុងការសម្រេចចិត្តឬរៀនពីកំហុសនោះទេ។ ម៉្យាងវិញទៀត ប្រសិនពេលឪពុកម្ដាយមានបញ្ហាអ្វីទៅ អ្នកនឹងជួបផលលំបាកក្នុងការដោះស្រាយបញ្ហាក្រុមហ៊ុនពីព្រោះអ្នកធ្លាប់តែមានអ្នកជួយគ្រប់ពេល។
២) កំហុស៖ ជាធម្មតានោះទេ ឪពុកម្ដាយមិនឲ្យកូនរបស់ខ្លួនឯងកាន់ដំណែងតូចតាចនោះទេ។ ភាគច្រើន កូនៗរបស់ពួកគាត់កាន់តួនាទីធំតែម្តងពេលចូលធ្វើការក្នុងជំនួញឪពុកម្ដាយ។ ការកាន់តួនាទីធំដោយខ្វះបទពិសោធន៍ ពួកគេងាយនឹងមានកំហុសខ្លាំងណាស់។ លើសពីនេះទៅទៀត ពួកគាត់គ្មានឱកាសក្នុងការរៀនអ្វីថ្មីនិងគ្មានការរីកចម្រើនទៅថ្ងៃអនាគតនោះឡើយ។
៣) ច្បាប់ទម្លាប់ដដែលៗ៖ ឪពុកម្តាយច្រើនតែបង្រៀនកូនរបស់ពួកគាត់នូវអ្វីដែលពួកគាត់ចេះ។ ដូច្នេះហើយ នៅពេលដែលកូនរបស់ពួកគាត់ចូលជួយដោយខ្វះបទពិសោធន៍ក្នុងជំនួញ ពួកគាត់នឹងធ្វើអ្វីដែលឪពុកម្តាយធ្លាប់ធ្វើពីមុនមកព្រោះនេះជាអ្វីពួកគេរៀនពីឪពុកម្តាយ។ ប៉ុន្តែ បញ្ហាគឺថាប្រសិនជាអ្នកមិនអភិវឌ្ឍន៍ជំនួញឬនាំយកនូវអ្វីដែលថ្មីទេនោះ ជំនួញមួយនេះអាចនឹងរលំបាន។
៤) ទំនួលខុសត្រូវ៖ មនុស្សជាច្រើនច្រើនតែយកជំនួញឪពុកម្ដាយជាការលេងសើចដោយធ្វើការឲ្យតែហើយពីដៃ ព្រោះគិតថាគ្មាននរណាម្នាក់អាចស្តីបន្ទោសឲ្យពួកគាត់បាន។ ផ្ទុយទៅវិញ ប្រសិនជាអ្នកធ្វើការឲ្យអ្នកដទៃ អ្នកអាចនឹងមានទំនួលខុសត្រូវក្នុងការងារខ្ពស់ជាងមុន។ ក្រោយពីអ្នកយល់ពីគុណតម្លៃនៃការងារ ដែលមិនមែនចេះតែធ្វើការឲ្យតែហើយពីដៃនោះ ចាំអ្នកមកជួយជំនួញឪពុកម្ដាយជាក្រោយ ក៏វាក៏មិនយឺតពេលដែរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ asianentrepreneur.com