ក្រុមហ៊ុនជ្រើសរើសបុគ្គលិកធំ១នៅកម្ពុជាប្រាប់ពីរបៀបឆ្លើយ “ហេតុអ្វីបានជាអ្នកចង់ធ្វើការជាមួយពួកយើង?
ជាចុងក្រោយ បន្ទាប់ពីអ្នកបានដាក់ប្រវត្តិរូបសង្ខេបក្នុងការស្នើសុំការងារទៅកាន់ក្រុមហ៊ុនចំនួន៤២នៅក្នុងប្រទេសកម្ពុជា (ប្រហែលជា ៥២ បើតាមអ្នកចាំមិនប្រាកដ) អ្នកបានទទួលទូរស័ព្ទដែលអ្នកទន្ទឹងរង់ចាំ គឺការហៅទៅធ្វើបទសម្ភាសន៍។ ហើយថ្ងៃនោះក៏បានមកដល់ អ្នកស្លៀកពាក់យ៉ាងស្រស់ស្អាត ពោរពេញទៅដោយក្ដីសង្ឃឹម និងបានត្រៀមរួចរាល់ក្នុងការបង្ហាញខ្លួនទៅកាន់និយោជកដែលមានសក្តានុពលរបស់អ្នក។ បទសម្ភាសន៍ចាប់ផ្ដើមដោយរលូនហើយអ្វីៗក៏ដំណើរការដោយល្អ។ អ្នកបានត្រៀមឆ្លើយសំណួរពិបាកៗដោយមិនមានភាពភ័យខ្លាច ហើយភាពជោគជ័យហាក់នៅជិតបង្កើយ។ ប៉ុន្តែនៅពេលជិតនឹងបញ្ចប់ពួកគេបានសួរសំណួរដ៏សែនលំបាកឆ្លើយមួយ។ អ៊ីចឹងតើអ្នកអាចប្រាប់ពួកយើងបានទេថា ហេតុអ្វីបានជាអ្នកចង់ធ្វើការជាមួយពួកយើង?
«ខ្ញុំចង់មានន័យថា អ្នកប្រាកដជាអាចដឹងចម្លើយទៅនឹងសំណួរនេះ។ អ្នកត្រូវការការងារ ឯពួកគេមានការងារឱ្យអ្នកធ្វើ ពួកគេត្រូវការអ្នកដើម្បីបំពេញការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឯអ្នកមានឆន្ទៈក្នុងការបំពេញការងារដើម្បីទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។ អ្នកអាចនឹងទទួលបានពិន្ទុមួយចំនួនសម្រាប់ភាពស្មោះត្រង់។ ប៉ុន្តែតាមពិតនោះ តើអ្នកគិតថានេះគឺជាអ្វីដែលនិយោជកមានសក្តានុពលរបស់អ្នកចង់ឮពីអ្នកមែនទេ?
ហេតុអ្វីបានជាអ្នកសម្ភាសន៍សួរសំណួរនេះ»? ជាដំបូងបង្អស់នោះ វាជាការសំខាន់ណាស់ដែលអ្នកត្រូវដឹងថាហេតុអ្វីបានជានិយោជកចូលចិត្តសួរសំណួរនេះទៅកាន់បុគ្គលិក។
១) អ្នកសម្ភាសន៍ព្យាយាមរកមើលភាពស្រដៀងគ្នាណាមួយពីអ្វីដែលអ្នកបាននិយាយជាមួយនឹងអ្វីដែលក្រុមហ៊ុនកំពុងសម្លឹងរកមើល។
២) ពួកគេចង់ដឹងពីគោលដៅអាជីពរបស់អ្នក និងថាតើមុខដំណែងនោះសាកសមទៅនឹងផែនការអាជីពរយៈពេលវែងឬទេ។
៣) អ្នកសម្ភាសន៍ចង់ដឹងថាតើអ្នកពិតជាចាប់អារម្មណ៍នឹងការងារនេះពិតប្រាកដដែរឬទេ។
៤) ពួកគេចង់ដឹងថាតើអ្នកដឹងអ្វីខ្លះពីក្រុមហ៊ុន មុខដំណែង និងវិស័យនេះទាំងមូល។
៥) ពួកគេក៏ចង់ដឹងដែរថាអ្វីដែលជាទិដ្ឋភាពនៃការងារនេះដែលទាក់ទាញអ្នក និងហេតុផលសម្រាប់ចំណង់ចំណូលចិត្តរបស់អ្នក។
ចាប់ផ្ដើមដោយធ្វើការស្រាវជ្រាវនៅផ្ទះ អ្នកត្រូវរៀបចំខ្លួនមុនទៅធ្វើបទសម្ភាសន៍ដើម្បីអាចឆ្លើយសំណួរលំបាកៗទាំងអស់ រួមទាំងសំណួរដែលសួរពីហេតុផលរបស់អ្នកក្នុងការមកដាក់ពាក្យស្នើរសុំការងារនៅក្រុមហ៊ុននេះ។
១) សិក្សាពីការពិពណ៌នាការងារ និងយល់ពីភារកិច្ចនិងទំនួលខុសត្រូវក៏ដូចជាក្រិតក្រមរបស់និយោជក។
២) ស្គាល់ខ្លួនឯង និងសមត្ថភាពរបស់អ្នក។ តើអ្នកនឹងទទួលបានអ្វីមកវិញពីការវិនិយោគដែលអ្នកនឹងធ្វើជាមួយនិយោជករបស់អ្នក។
៣) ធ្វើការស្រាវជ្រាវអំពីក្រុមហ៊ុន។ តើអ្វីជាគម្រូអាជីវកម្មរបស់ពួកគេ? តើផលិតផល និងសេវាកម្មអ្វីដែលពួកគេផ្ដល់ឱ្យ?
៤) កែប្រែនូវចម្លើយរបស់អ្នក។ អ្នកត្រូវប្រាកដថា ចម្លើយរបស់អ្នក គឺមានតែមួយ និងឆ្លើយតបទៅកាន់និយោជក។
៥) ចម្លើយរបស់អ្នកគួរតែច្បាស់ និងត្រង់ៗ ដោយបង្ហាញពួកគេថាអ្នកបានត្រៀមខ្លួន និងរៀបចំអ្វីៗជាមុនពីផ្ទះមកហើយ។
៦) ចង់ចាំថាត្រូវមានភាពពិតប្រាកដ។ អ្នកសម្ភាសន៍នឹងអាចដឹងប្រសិនបើអ្នកកំពុងតែព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពួកគេ។ អ្នកត្រូវនិយាយតែពាក្យពិត។
៧) បង្ហាញថា អ្នកអាចមើលឃើញបានវែងឆ្ងាយដែលអ្នកអាចដឹងច្បាស់ពីគោលបំណង និងគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុន។
៨) បង្ហាញពួកគេថាអ្នកមានកម្លាំងចិត្តក្នុងការបំពេញការងារ ដែលអ្នកមានសេចក្ដីរីករាយនឹងទន្ទឹងរង់ចាំធ្វើកាជាមួយពួកគេ។
៩) បង្ហាញថាអ្នកពិតជាសាកសមធ្វើការនៅក្នុងក្រុមហ៊ុន និងអ្នកគឺជាបុគ្គលិកថ្មីដែលល្អពិសេសសម្រាប់ស្ថាប័ននោះ។
១០) រួមបញ្ចូលបទពិសោធន៍របស់អ្នកទៅក្នុងចម្លើយ។ ជាពិសេស ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ពួកគេ ដែលអាចនឹងធ្វើឱ្យពួកគេគិតថាអ្នកមានភាពពិតប្រាកដ និងស្មោះត្រង់។
របៀបក្នុងការស្រាវជ្រាវឱ្យបានល្អិតល្អន់អំពីក្រុមហ៊ុន ដូចដែលអ្នកបានដឹងរួចមកហើយថា ចំណុចខ្លាំងនៃចម្លើយរបស់អ្នកពឹងផ្អែកជាចម្បងទៅលើគុណភាពនៃការស្រាវជ្រាវរបស់អ្នក។ ហេតុនេះ អ្នកត្រូវប្រាកដថាអ្នកបានស្រាវជ្រាវនៅកន្លែងដែលមានព័ត៌មានត្រូវ និងគ្រប់ជ្រុងជ្រោយ។ កន្លែងសាកសម និងព័ត៌មានដែលត្រូវស្វែងរកនោះមានដូចតទៅ
១) វេបសាយរបស់ក្រុមហ៊ុន
២) ស្វែងរកបណ្ដាញផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហ៊ុន
៣) ស្វែងរកអត្ថបទដែលបោះពុម្ពផ្សព្វផ្សាយដោយក្រុមហ៊ុន
៤) ស្វែងរកក្នុងចំណោមបណ្ដាញទំនាក់ទំនងរវាងមិត្តរួមការងារ
កំហុសទូទៅដែលអ្នកគួរតែចៀសវាង
១) បង្ហាញពីភាពមិនស្មោះត្រង់របស់អ្នកទៅកាន់អ្នកសម្ភាសន៍
២) ផ្ដល់ចម្លើយបើកចំហ និងទូទៅ
៣) ឆ្លើយតបដោយមិនផ្លូវការ និងដោយខ្ជិលច្រអូស
៤) បង្ហាញពីភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តនៅមុខអ្នកសម្ភាសន៍
៥) និយាយរឿងកំប្លែងមិនសមរម្យនៅពេលផ្ដល់ចម្លើយ
ឧទាហរណ៍ចម្លើយដែលអ្នកត្រូវចៀសវាងជាដាច់ខាត
១) ដោយសារតែអ្នកត្រូវការបុគ្គលិក ហើយខ្ញុំត្រូវការការងារ
២) ក្រុមហ៊ុនរបស់អ្នកមើលទៅគួរឱ្យចង់ធ្វើការ
៣) ខ្ញុំស្គាល់បុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុននេះ ហើយគាត់ទទួលបានអត្ថប្រយោជន៍ច្រើន
ឧទាហរណ៍ចម្លើយដែលអ្នកត្រូវពិចារណាទៅលើវា
១) ខ្ញុំធ្លាប់បានប្រើផលិតផលរបស់ក្រុមហ៊ុនអ្នកជាច្រើនដងមកហើយ សេវាកម្មរបស់អ្នកពិតជាល្អ ហើយបុគ្គលិករបស់អ្នកសុទ្ធតែមានជំនាញ។ ខ្ញុំដឹងថា ខ្ញុំនឹងអាចធ្វើការងារឱ្យបានកាន់តែប្រសើរនៅទីនេះ។
២) ខ្ញុំដឹងថាក្រុមហ៊ុនរបស់អ្នកឈានមុខគេនៅក្នុងវិស័យនេះ ហើយខ្ញុំនឹងមានមោទនភាពជាខ្លាំងនៅពេលបានធ្វើការនៅទីនេះ។
៣) ស្ថាប័នរបស់អ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ចំពោះគុណភាពល្អនៃផលិតផលនិងសេវាកម្ម (លើកឡើងពីឈ្មោះផងដែរ)។ ខ្ញុំមានបំណងផ្សារភ្ជាប់ខ្លួនខ្ញុំជាមួយនឹងនឹងស្ថាប័នដែលមានគុណភាពខ្ពស់ដូចជាក្រុមហ៊ុនអ្នក។
ចំណុចចុងក្រោយដែលបានបន្ថែមនៅទីនេះ គឺដើម្បីធ្វើឱ្យនិយោជកដែលមានសក្តានុពលរបស់អ្នកមានអារម្មណ៍ពិសេសចំពោះអ្នក។ ចំនុចនេះអាចធ្វើឱ្យពួកគេគិតថាអ្នកបានសម្លឹងមើលទៅកាន់ក្រុមហ៊ុនរបស់គេតាំងពីយូរណាស់មកហើយ។ ប្រសិនបើអ្នកចាប់ទាញកាតរបស់អ្នកបានត្រឹមត្រូវសម្រាប់សំណួរដ៏លំបាកនេះ បន្ទាប់មកប្រហែលជា គ្រាន់តែប្រហែល ពួកគេអាចនឹងគិតថាអ្នកពិសេសផងដែរ៕
ដកស្រង់ពី៖ everjobs.com.kh