បារតជាសារធាតុគ្រោះថ្នាក់ ប៉ុន្តែហេតុអ្វីគេនៅតែប្រើប្រាស់វានៅក្នុងទែរម៉ូមែត្រ ?​



កាល​ពី​អ្នក​នៅ​ជា​ក្មេង​តូច ចាស់ៗ​តែងតែ​ប្រាប់​ឲ្យ​ប្រយ័ត្ន​មិន​ត្រូវ​ឲ្យ​ធ្លាក់​បែក​ទែរម៉ូមែត្រ ដែល​ប្រើប្រាស់​សម្រាប់​វាស់​ស្ទង់​ពី​កម្រិត​សីតុណ្ហភាព​នេះ​ឡើយ។ តើ​មាន​មូលហេតុ​គ្រោះថ្នាក់​អ្វី​ដែល​អាច​នឹង​កើត​ឡើង​បណ្ដាល​មក​ពី​ទែរម៉ូមែត្រ​ធ្លាក់​បែក​ឬ ? ឬ​មួយ​ឧបករណ៍​មួយ​នេះ​មាន​ផ្ទុក​សារជាតិ​គ្រោះថ្នាក់​ឬ​បំពុល​អ្វី ? ប្រហែល​ជា​អ្នក​ធ្លាប់​បាន​ឮ​ថា បារត​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ទែរម៉ូមែត្រ។ នេះ​អាច​ឲ្យ​យើង​ដឹង​បាន​ហើយ​ថា​គឺជា​បារត​នេះ​ឯង​ដែល​ជា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ហាម​ឃាត់​ការពារ​មិន​ឲ្យ​មាន​ការ​ធ្លាក់​បែក​ឧបករណ៍​វាស់​កម្រិត​សីតុណ្ហភាព​មួយ​នេះ។ នៅ​ក្នុង​តារាង​ខួប​នៃ​ធាតុ​គីមី ក្រុម​ទី​២ ខួប​ទី​៦ និង​លេខ​អាតូម​៨០ អ្នក​នឹង​ឃើញ​និមិត្តសញ្ញា Hg ដែល​តំណាង​ឲ្យ​បារត​ជា​ប្រភេទ​លោហៈ​មួយ។ ប៉ុន្តែ​ក្រឡេក​មក​មើល​ទែរម៉ូមែត្រ​វិញ អ្នក​នឹង​ឃើញ​ថា​បារត​គឺជា​សារធាតុ​រាវ ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​បំពង់​ល្អិត​តូច​ឆ្មា​មួយ​សម្រាប់​ចង្អុល​ពី​សីតុណ្ហភាព។ តាម​ពិត​ទៅ​បារត​គឺជា​លោហៈ​តែ​មួយ​គត់ ដែល​ស្ថិត​នៅ​ក្រោម​ភាវរូប​ជា​អង្គធាតុ​រាវ ដែល​មាន​ពណ៌​ប្រាក់។ [caption id="attachment_43208" align="aligncenter" width="600"] www.thoughtco.com[/caption] បារត ជា​ភាសា​អង់គ្លេស Mercury តែ​មាន​និមិត្តសញ្ញា Hg នេះ​ក៏​ព្រោះ​តែ​ពាក្យ​ពេញ​របស់​Hg​បាន​មក​ពី​ពាក្យ​របស់​ឡាតាំង Hydrargyrum ដែល​មាន​អត្ថន័យ​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​របស់​បារត​គឺជា​ទឹក​ដែល​មាន​ពណ៌​ប្រាក់។ បារត​គឺជា​សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់​បំផុត​មួយ និង​កាន់តែ​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​សុខភាព​មនុស្ស នៅ​ក្រោម​ទម្រង់​ជា​ឧស្ម័ន។ បារត​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ចាប់​តាំង​ពី​រាប់​ពាន់​ឆ្នាំ​កន្លង​មក​ហើយ។ ប៉ុន្តែ​ទើប​តែ​រយៈពេល​៤០​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ទើប​ឥទ្ធិពល​ជា​សារធាតុ​គីមី​ដ៏​គ្រោះថ្នាក់​និង​បំពុល​របស់​បារត​ត្រូវ​បាន​គេ​ទទួល​ដឹង​ទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារ​តែ​លក្ខណៈ​ពិសេស​មួយ​របស់​បារត ដែល​ជា​អង្គធាតុ​ចម្លង​កម្ដៅ​និង​អគ្គិសនី​ដ៏​ល្អ​មួយ បារត​នៅ​តែ​ត្រូវ​បាន​គេ​ពេញ​និយម​ប្រើប្រាស់​នៅ​ក្នុង​ឧបករណ៍​វិទ្យាសាស្ត្រ តួយ៉ាង​ទែរម៉ូមែត្រ​សម្រាប់​វាស់​កម្រិត​សីតុណ្ហភាព​និង​ប៉ារ៉ាម៉ែត្រ​សម្រាប់​វាស់​កម្រិត​សម្ពាធ​ខ្យល់។ នៅ​ក្នុង​ឧបករណ៍​អគ្គិសនី ដូចជា​អំពូល​ភ្លើង​និង​ថ្ម ឬ​សូម្បី​តែ​នៅ​ក្នុង​ផ្នែក​ទន្តពេទ្យ ដែល​សារជាតិ​បារត​ក្នុង​បរិមាណ​តិចតួច​មួយ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ធ្មេញ​សិប្បនិម្មិត។ នៅ​ក្រោម​សីតុណ្ហភាព​ធម្មតា ឬ​សីតុណ្ហភាព​បន្ទប់ បារត​រក្សា​លក្ខណៈ​របស់​វា​ក្នុង​ទម្រង់​ជា​ភាវរូប​រាវ​ដដែល។ បារត​នឹង​ប្រែប្រួល​ជា​ភាវរូប​រឹង នៅ​ពេល​គេ​ដាក់​វា​ឲ្យ​កក​នៅ​សីតុណ្ហភាព​-៣៨.៨៥​អង្សា ហើយ​ប្រែប្រួល​ជា​ឧស្ម័ន​នៅ​ពេល​គេ​ដុត​កម្ដៅ​វា​នៅ​សីតុណ្ហភាព​៣៦៥.៦​អង្សា។ ម្យ៉ាងទៀត​លក្ខណៈ​របស់​វា​ជា​អង្គធាតុ​ចម្លង​កម្ដៅ​ដ៏​ល្អ​មួយ ធ្វើឲ្យ​វា​អាច​បត់បែន​ឡើង​ឬ​ចុះ​នៅ​ក្នុង​បំពង់​ឆ្មា​នៅ​ក្នុង​ទែរម៉ូមែត្រ អាស្រ័យ​នឹង​សីតុណ្ហភាព​ដែល​វា​ស្ថិត​នៅ។ សមាសធាតុ​របស់​បារត​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចង្រៃ​ដែល​ស៊ី​ដំណាំ ហើយ​ក៏​ធ្លាប់​ប្រើប្រាស់​សម្រាប់​សម្លាប់​មនុស្ស​ផង​ដែរ។ នៅ​ក្នុង​ទម្រង់​ជា​ឧស្ម័ន បារត​កាន់តែ​បង្កើន​ឥទ្ធិពល​គ្រោះថ្នាក់​របស់​វា​ទៅ​ទៀត។ វា​នឹង​ងាយ​ស្រូប​ចូល​ក្នុង​រាងកាយ​អ្នក​តាមរយៈ​ផ្លូវ​ដង្ហើម នៅ​ពេល​នោះ​វា​នឹង​ឆ្លងកាត់​ចរន្ត​ឈាម ហើយ​ចូល​ទៅ​ដល់​កោសិកា។ ទៅ​ដល់​ទីនោះ​ហើយ វា​នឹង​រំខាន​ទៅ​ដល់​ដំណើរការណ៍​ប្រតិកម្ម​គីមី​ដែល​ចាំបាច់​សម្រាប់​ការ​រស់រាន​មាន​ជីវិត​របស់​អ្នក ដែល​ជា​លទ្ធផល​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​និង​ឈាន​ទៅ​ដល់​ការ​ស្លាប់។ ក្នុង​បរិមាណ​បន្តិចបន្តួច​របស់​បារត​នៅ​ក្នុង​រាងកាយ​អ្នក​វិញ ដំណើរការណ៍​របស់​វា​ប្រព្រឹត្ត​ទៅ​យឺតៗ​ដោយ​ឥត​ដឹង​ខ្លួន និង​ក្នុង​រយៈពេល​វែង ប៉ុន្តែ​វា​នឹង​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា​ការ​រលាក​មាត់​និង​អញ្ចាញ​ធ្មេញ បាក់​ធ្មេញ ខូច​តម្រង់​នោម​និង​សាច់ដុំ ញ័រ​ដៃ​ជើង ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ភ័យ​តក់ស្លុត និង​ផ្លាស់ប្ដូរ​អត្តចរិត​ផង​ដែរ៕ ដោយ៖ ស្រីពៅ
X
5s