ចំណុច​សំខាន់ៗ​ ដែល​យុវជន​កម្ពុជា ​គួរ​​ចេះ​ប្រើ​Facebook ​​ឲ្យ​មាន​ប្រយោជន៍​​​



បច្ចុប្បន្ន​នេះ​ ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​Facebook ​ពិត​ជា​ទទួល​បាន​ការ​ពេញ​និយម​​ខ្លាំង​ណាស់​ ​​ជា​ពិសេស​​ស្រទាប់​យុវវ័យ​តែ​ម្ដង​។ ​​​ប៉ុន្តែ​​​​ក្នុង​ស្ថានភាព​ទូទៅ​ ​​​មនុស្ស​ភាគច្រើន​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​អំពី​ ​ការ​ប្រើប្រាស់​ Facebook ​ឲ្យ​មាន​ប្រយោជន៍​ និង ត្រឹមត្រូវ​នៅ​ឡើយ​ ​អ៊ីចឹង​ហើយ​​​កាន់​តែ​ប្រើ​គឺ​កាន់​តែ​ខាត​ ​ពោល​គឺ​​គ្មាន​ឡើយ​ផល​ចំណេញ​​។ ខាត​​នោះ​រាប់​ចាប់​ពី​ ​បាត់បង់​ពេលវេលា ​​​​បាត់បង់​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​​ទទួល​បាន​តែ​​​រឿង​អវិជ្ជមាន​​ដែល​​គេ​ចែករំលែក​តៗ​គ្នា​ និង ​ខាតបង់​យ៉ាង​ច្រើន​ចំណុច​ទៀត​។​​ តើ​គួរ​ធ្វើ​យ៉ាង​ណា​ ដើម្បី​​ប្រើ​Facebook ​​ឲ្យ​មាន​ប្រយោជន៍? ​​​​​ Facebook​​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ​ដោយ​​លោក​Mark Zuckerberg ​ហើយ​បច្ចុប្បន្ន​​​​​លោក​បាន​ក្លាយ​ជា​​​មហាសេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ​ក្នុង​វ័យ​ខ្ទង់​៣០​ប៉ុណ្ណោះ ។ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ មនុស្ស​កាន់​តែ​ច្រើន​​ឡើង​​ៗ​ប្រើ​​​​ Facebook​​ ​ ​ដែល​មាន​​ន័យ​ស្មើ​នឹង​ ​​លុយ​ហូរ​ចូល​​ក្រុមហ៊ុន​មួយ​នេះ​កាន់​តែ​ច្រើន​ដែរ​។ ​​​​​តើ​អ្នក​​​គិត​យ៉ាង​ដូច​ម្ដេច​​ ​​បើ​អ្នក​​ជា​មនុស្ស​ម្នាក់​ដែល​​រួម​ចំណែក​​​ឲ្យFacebook​​ ​​កាន់​តែ​មាន​ ខណៈ​អ្នក​ខ្លួន​ឯង​ផ្ទាល់​​មិន​ដែល​ខ្វល់​​ថា ​ខ្លួន​ឯង​នឹង​បាន​ប្រយោជន៍​ និង ខាត់​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ប្រើប្រាស់​វា?​ ​​​​​​​​​​ ​ ​ ​Facebook​​ ​នេះ​បើ​ចេះ​ប្រើ​វា​ក្នុង​ផ្លូវ​​ត្រូវ​ គឺ ​ប្រាកដ​ជា​ទាញ​បាន​ប្រយោជន៍​មិន​អន់​នោះ​ទេ​ តែ​បើ​មិន​ចេះ​ប្រើ​ ឬ ​មិន​ដឹង​ពី​ផល​ប៉ះពាល់​របស់​វា នោះ​​គឺ​​គ្មាន​​ឡើយ​ពាក្យ​ថា ​ទទួល​បាន​ប្រយោជន៍​ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​​ឲ្យ​អ្នក​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ៗ​។ ​​​ដើម្បី​​ទទួល​បាន​ប្រយោជន៍​ពី​វា រឿង​ទី​១​ដែល​អ្នក​ត្រូវ​គិត​​នោះ គឺ​​ការ​រាប់​អាន​មិត្ត​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ​។ ​មនុស្ស​ទូទៅ​ គិត​​ចង់​តែ​បាន​មិត្ត​​​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​Facebook ដូច្នេះ​ហើយ​ពេល​គេ​​ ស្នើសុំ​ (Add) មក​​ក៏​​​ទទួល​ (Confirm) ហើយ​ក៏​ប្រឹង​ស្នើសុំ​ (Add)​វិញ​ដែរ​។ ​​ត្រូវ​ចាំ​​ថា គុណ​ភាព​នៃ​មិត្តភ័ក្ដិ​ក្នុង​បណ្ដាញ​សង្គម​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​បង្ហោះ​រឿង​អត់​បាន​ការ​ ហើយ​ចែក​រំលែក​តែ​រឿង​អវិជ្ជមាន​ និង ឈឺក្បាល​ដល់​អ្នក​ ដូច្នេះ​ហើយ​អ្នក​​ក៏​ត្រូវ​ទទួល​រង​នូវ​​ផល​អវិជ្ជមាន​ពី​រឿងរ៉ាវ​ទាំង​នោះ​​ផង​​​ដែរ​។ ​​ក្នុង​ន័យ​នេះ​ មាន​ន័យ​ថា បើ​​មិត្ត​របស់​អ្នក​ក្នុង​បណ្ដាញ​សង្គម​នេះ​សប្បូរ​ទៅ​ដោយ​មនុស្ស​ដែល​ ​​ចូលចិត្ត​រៀន​សូត្រ ​ចូលចិត្ត​ការ​ចែក​រំលែក​ចំណេះដឹង​ការងារ និង ​​សុទ្ធតែ​ជា​អ្នក​ជំនួញ​នោះ ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ តែ​បើ​មាន​មិត្ត​ភាគច្រើន​សុទ្ធតែ​ជា​មនុស្ស​ដែល​ចូលចិត្ត​បង្ហោះ​រឿង​អត់​បានការ​ អ្នក​នឹង​ទទួល​បាន​តែ​រឿង​អត់​បាន​ការ​ដែរ​។ ​​​​ ​ចំណែក​​ចំណុច​ទី២​​​គឺ​ប្រភេទ​​នៃ​ទំព័រ Facebook។ ​​ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​កាន់​តែ​ងាយ​ស្រួល​នោះ ​អ្នក​អាច​ចូល​ទៅ​Like ទំព័រ​​មួយ​ចំនួន​បាន​។ ​ត្រូវ​ប្រាកដ​ថា ទំព័រ Facebook​មាន​ប្រយោជន៍​សម្រាប់​អ្នក​​ មាន​ន័យ​ថា អ្នក​គួរ​តែ​Like ទំព័រ​​នៃ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​ ព្រោះ​ថា អ្នក​អាច​នឹង​ទទួល​បាន​ឱកាស​ការងារ​ល្អៗ​ ថ្មីៗ និង ប្រាក់ខែ​ខ្ពស់​។ ​មួយ​ទៀត​ អ្នក​គួរ​តែ​Like ទំព័រ Facebook​ក្រុមហ៊ុន​ ឬ ស្ថាប័ន​ព័ត៌មាន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា អ្នក​​​រើស​យក​ទំព័រ​​ណា​ដែល​​​​​ផ្ដល់​ព័ត៌មាន​​ ​​​គួរ​​ឲ្យ​ទុក​ចិត្ត​ និង មាន​ប្រយោជន៍​​។ ព្រោះ​ថា​ព័ត៌មាន​ទាំង​នោះ ​គឺ​ប្រៀប​ដូច​ជា​អាហារ​សម្រាប់​ខួរក្បាល​របស់​អ្នក​​អ៊ីចឹង​ ​មាន​ន័យ​ថា​ បើ​ទទួល​​ឬ អាន​តែ​ព័ត៌មាន​មិន​ល្អ​ វា​នឹង​មិន​អាច​​បំប៉ន​ខួរក្បាល​អ្នក​ឡើយ​ តែ​វា​នឹង​បំពុល​ខួរក្បាល​របស់​អ្នក​ទៅ​វិញ​។ ​មួយ​វិញ​ទៀត​ អ្នក​ក៏​អាច Like ទំព័រ​Facebook​ ​ក្រុមហ៊ុន​ផ្សេងៗ​​​ទៀត​ ដើម្បី​ទទួល​​​​ព័ត៌មាន​ស្តី​ពី​​ផលិត​ផល និង​សេវាកម្ម​ផ្សេងៗ​។ ​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​មួយ​ទៀតក៏សំខាន់ដែរ​ គឺ ការ​ចូលរួម​​នៅ​ក្នុង​សមាជិក​ក្រុម​ផ្សេងៗ​។ នៅ​​ក្នុង​បណ្ដាញ​សង្គមFacebook​​ ក៏​មាន​​​​​ក្រុម​​ផ្សេងៗ​ផង​ដែរ​ ដូច​ជា​ ក្រុម​​ដែល​បង្កើត​​​ឡើង​ដើម្បី​​​ ​​លក់​ផលិតផល​អេឡិចត្រូនិក​ ក្រុម​ដែល​និយាយ​អំពី​ការ​សិក្សា ​ក្រុម​ដែល​​និយាយ​អំពី​​ការ​ធ្វើ​ជំនួញ​ និង​ ផ្សេងៗ​ទៀត​។ ដូច្នេះ​ហើយ​ អ្នក​អាច​ចូល​រួម​​បាន​ តែ​ត្រូវ​ប្រាកដ​ថា ​​ក្រុម​​​ដែល​អ្នក​ចង់​ចូល​ជា​សមាជិក​នោះ ​ត្រូវ​ជា​មួយ​នឹង​​អ្វី​ដែល​អ្នក​ត្រូវ​ការ​ ឬ ​អាច​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​បាន​ ព្រោះ​នៅ​ពេល​សមាជិក​​ណា​មួយ​ផុស​ ឬ បង្ហោះ​​អ្វី​មួយ​ ​អ្នក​នឹង​ទទួល​បាន​​ព័ត៌មាន​នោះ​ដែរ​​៕ ​ដោយ​៖ រតនា​ ​​វិចិត្រ​​​
X
5s