ប្រសិនបើពិភពលោកឆ្ពោះទៅរកអវសាន កន្លែងទាំងនេះដែលលោកអ្នកគួរទៅ
គេហទំព័រ Business Insider បានផលិតខ្សែវីដេអូខ្លីមួយដែលមានរយៈពេល ១នាទី និង ៥០វិនាទីបង្ហាញពីប្រទេស និងកន្លែងមួយចំនួនដែលមនុស្សគួរទៅដើម្បីនៅមានជីវិតរស់រាន ប្រសិនបើពិភពលោកឆ្ពោះទៅរកអវសាន។ អាកាសធាតុនៅក្នុងខែធ្នូដែលទើបនឹងដាច់ម្សិលមិញនេះ គឺអាចបង្កមហន្តរាយនៅតំបន់មួយចំនួននៃពិភពលោក ខណៈវិបត្តិភូមិសាស្ត្រនយោបាយពិភពលោកបានឈានដល់កម្រិតតានតឹង ដូច្នេះបើពិភពលោកជួបមហន្តរាយលក្ខណៈសកល លោកអ្នកអាចលៃលកគួរទៅតំបន់ និងប្រទេសខាងក្រោមនេះ៖
- ប្រទេសដែនកោះអៃឡែន (Iceland) ៖ ជាប្រទេសដែលមានស្វ័យការពារខ្លួនក៏មិនគួរឱ្យជឿ។ ប្រទេសនេះផ្ដល់ថាមពលដោយកម្លាំងថាមពលផែនដីដែលកើតចេញពីបន្ទុះភ្នំភ្លើងច្រើនលើកច្រើនសា។ ប្រទេសនេះក៏មានធនធានសម្បូរបែបផងដែរដូចជាអាហារសមុទ្រជាដើម។
- កោះហ្គាម (GUAM)៖ ជាមូលដ្ឋានកងទ័ពអាមេរិកដ៏រឹងមាំ និងធំមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក។ ដូច្នេះកោះនេះអាចនឹងក្លាយជាកន្លែងសម្រាប់ភៀសខ្លួនដ៏ល្អក្នុងករណីបើទំនាស់រវាងរុស្ស៊ី-ទួរគីឈានដល់ការផ្ទុះសង្គ្រាម និងអាចឈានដល់សង្គ្រាមលោកលើកទីបី។
- ទីក្រុង Denver៖ ជាទីក្រុងស្ថិតនៅចុងបំផុតនៃភាគបូព៌ានៃទឹកដីសហរដ្ឋអាមេរិកដែលមានកម្ពស់ប្រមាណ ១ម៉ាយលើនីវ៉ូទឹកសមុទ្រ។ ទីក្រុងមានដីអំណោយផលសម្រាប់កសិកម្ម ពោលគឺមានជីវជាតិប្រសិនបើកម្ដៅសកលនៅតែបន្តកើនឡើងបែបនេះ។
- វីបអង់តាកទិច៖ ទោះមានសង្គ្រាមកម្រិតណាក៏ដោយ ក៏ទំនងមិនអាចទៅដល់តំបន់ដ៏ធំនៃទ្វីបអង់តាកទិចដែលគ្របដណ្ដប់ទៅដោយទឹកកកនោះទេ។ ប្រសិនបើមានអាហារ និងជម្រកសមរម្យ ទីនោះហើយជាកន្លែងដ៏ល្អបំផុតដើម្បីគេចផុតពីសង្គ្រាម។
- ទីក្រុង Bern ប្រទេសស្វីស៖ ជាប្រទេសស្ថានសួគ៌មួយនាពេលអតីតកាល ព្រោះប្រទេសនេះមិនបានរ៉ាំរ៉ៃដោយសារសង្គ្រាមលោកនោះទេ។ ទីក្រុងBern ព័ទ្ធជុំវិញទៅដោយភ្នំ Alps ដែលធ្វើឱ្យទីក្រុងនេះមានលក្ខណៈអំណោយផលពីធម្មជាតិដើម្បីការពារខ្លួនពីការវាយប្រហារពីសត្រូវ៕
ដោយ៖ រតនៈវិភូ