តើការងារណាខ្លះស័ក្ដិសមនឹងអ្នកចូលចិត្តស្ងប់ស្ងាត់ ហើយការងារណាស័ក្ដិសមនឹងអ្នកចូលចិត្តជួបមនុស្សច្រើន ?​



មនុស្ស​រាល់​គ្នា​សុទ្ធតែ​មាន​ចំណុច​ខ្លាំង​ពិសេស​របស់​ពួកគេ​រៀង​ៗ​ខ្លួន។ ចំណុច​ចាប់ផ្ដើម​ដំបូង​បំផុត​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ស្វែងរក​ថា​តើ​ចំណុច​ខ្លាំង​របស់​អ្នក​គឺជា​អ្វី។ ការណ៍​ដែល​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​ពិត​ប្រាកដ ទើប​ជា​ចំណុច​ខ្លាំង​របស់​មនុស្ស​ម្នាក់។ ប៉ុន្តែ អ្នក​មិន​អាច​ជោគជ័យ​បាន​ដោយ​យក​សៀវភៅ​ទៅ​លក់​នៅ​តំបន់​មួយ​ដែល​គ្មាន​នរណា​ម្នាក់​គេ​ឲ្យ​តម្លៃ​ទៅលើ​ចំណេះដឹង​បាន​នោះ​ឡើយ បើទោះជា​សៀវភៅ​របស់​អ្នក​មាន​តម្លៃ​ប៉ុណ្ណា​ក៏​ដោយ។ ដូច​គ្នា​ដែរ មិន​ថា​អត្តចរិត​របស់​អ្នក​យ៉ាង​ណា​នោះ​ទេ អ្នក​គួរតែ​ប្រើប្រាស់​ភាព​លេចធ្លោ​របស់​អ្នក​នៅ​ក្នុង​បរិបទ​ណា​ដែល​គេ​មើល​ឃើញ​តម្លៃ​នេះ។ តើ​ការងារ​ប្រភេទ​ណាខ្លះ​ដែល​ស័ក្ដិសម​សម្រាប់​ភាព​ស្ងប់ស្ងៀម​និង​ចូលចិត្ត​សញ្ជឹង​គិត​របស់​អ្នក ?

១) អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស៖ អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស គឺជា​អ្នក​ដែល​តែង​គិត​ស្វែងរក​យុទ្ធសាស្ត្រ​បែប​ណា​ដើម្បី​ដោះស្រាយ​និង​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ប្រភេទ​ណា មានន័យ​ថា​ពួកគេ​គឺជា​អ្នក​ដែល​ត្រូវ​គិត​ត្រិះរិះ​ពិចារណា​ល្អិតល្អន់​មុន​នឹង​សម្រេច​ចិត្ត​ធ្វើអ្វី​មួយ។ មិនតែប៉ុណ្ណោះ ដោយសារ​ការងារ​មួយ​នេះ​ទាមទារ​នូវ​ការ​គិត​វិភាគ​ហេតុផល នោះ​របៀប​នៃ​ការ​គិត​មួយ​នេះ​នឹង​តម្រូវ​ឲ្យ​អ្នក​ធ្វើការ​ជាមួយ​នឹង​មនុស្ស​ដែល​មាន​ចំណែក​ក្នុង​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ក្នុង​ក្រុមហ៊ុន​ដូចជា​នាយក​ប្រតិបត្តិ ដែល​នេះ​អាច​បើក​ឱកាស​សម្រាប់​អ្នក​ក្នុង​ការ​ឡើង​ដំណែង​ជា​អ្នក​ប្រតិបត្តិ​ពេល​ខាង​មុខ​បាន។

២) អ្នក​និពន្ធ៖ ធ្វើ​ជា​អ្នក​និពន្ធ ការងារ​មួយ​នេះ​នឹង​កាន់តែ​ជួយ​ជំរុញ​និង​អភិវឌ្ឍ​ការ​គិត​របស់​អ្នក ពី​ព្រោះ​អ្នក​មាន​សេរីភាព​ក្នុង​ការ​គិត ស្រមើស្រមៃ និង​បញ្ចេញ​គំនិត​យោបល់​របស់​អ្នក​តាមរយៈ​អត្ថបទ​និពន្ធ​របស់​អ្នក។ មាន​ជម្រើស​ជា​ច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​អាស្រ័យ​ទៅលើ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដូចជា​អ្នក​និពន្ធ​សៀវភៅ​រឿង អ្នក​សរសេរ​ព័ត៌មាន​ឬ​បទ​យកការណ៍ ឬ​ក៏​អ្នក​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ជាដើម។

៣) អ្នក​សរសេរ​កម្មវិធី៖ ក្រៅ​ពី​អត្ថប្រយោជន៍​ដែល​ការងារ​នេះ​កំពុង​ត្រូវ​ប៉ាន់​ក្នុង​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​បច្ចុប្បន្ន បើ​អ្នក​ធ្វើ​ជា​អ្នក​សរសេរ​កម្មវិធី អ្នក​នឹង​ចំណាយ​ពេល​មួយ​ថ្ងៃៗ​នៅ​តែ​មុខ​អេក្រង់​កុំព្យូទ័រ ដើម្បី​គិត​វិភាគ​សរសេរ​កម្មវិធី​សម្រាប់​ទូរស័ព្ទ ដោះស្រាយ​បញ្ហា​មេរោគ​ក្នុង​កម្មវិធី និង​សរសេរ​កូដ​សម្រាប់​បង្កើត​កម្មវិធី។ ម្យ៉ាងទៀត​បើ​អ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន នោះ​អ្នក​នឹង​អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​ផ្នែក​វិស្វកម្ម​ឬ​អ្នក​វិភាគ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ពួកគេ​អាច​ជា​មនុស្ស​ដែល​មាន​អត្តចរិត​ស្រដៀងៗ​អ្នក។

ចុះ​តើ​ការងារ​ប្រភេទ​ណា​វិញ​ដែល​ស័ក្ដិសម​សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​ជួប​មនុស្ស​ខាងក្រៅ និង​បង្កើត​ទំនាក់ទំនង​ច្រើន ?

១) ភ្នាក់ងារ​លក់​ឬ​អ្នក​តំណាង​ផ្នែក​លក់៖ ការងារ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​ជួប​មនុស្ស​ខាងក្រៅ​ច្រើន ព្រោះ​វា​តម្រូវ​ឲ្យ​អ្នក​ធ្វើការ​ជាមួយ​អតិថិជន​គ្រប់​ប្រភេទ​នៃ​អត្តចរិត​ទាំងអស់ ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ទិញ​ផលិតផល​ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន​អ្នក​ឲ្យ​បាន​គ្រប់​ចំនួន​កំណត់​ជាក់លាក់​ក្នុង​រយៈពេល​កំណត់​ជាក់លាក់​ពី​ក្រុមហ៊ុន​របស់​អ្នក។

២) ការងារ​សង្គម៖ ការងារ​សង្គម​គឺជា​ការងារ​ដ៏​មាន​តម្លៃ​មួយ​ព្រោះ​ថា​អ្នក​អាច​ជួយ​មនុស្ស​ជាច្រើន​នៅ​ក្នុង​សហគមន៍​របស់​អ្នក​ដែល​កំពុង​តែ​ត្រូវការ​ជំនួយ។ ការងារ​សង្គម​អាច​ជា​ផ្នែក​មើល​ថែទាំ​សុខភាព លុប​បំបាត់​ការ​ជួញដូរ​ថ្នាំញៀន​ឬ​អំពើ​ហិង្សា​លើ​ស្ត្រី​ជាដើម។

៣) អ្នក​រចនា​ម៉ូដ​ផ្ទះ៖ ការងារ​ជា​អ្នក​រចនា​ម៉ូដ​ផ្ទះ នឹង​ផ្ដល់​ឱកាស​ដល់​អ្នក​ជួប​អតិថិជន​ជាច្រើន​ដើម្បី​ពិភាក្សា​ពី​គំរូ​ផ្ទះ​ឬ​អាគារ​ដែល​អតិថិជន​អ្នក​ចង់​បាន។ វា​ក៏​ស័ក្ដិសម​សម្រាប់​អ្នក​ដែរ​បើ​សិន​ជា​អ្នក​ចូលចិត្ត​ធ្វើ​រឿង​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយ​ខ្លួនឯង ព្រោះ​អ្នក​នឹង​ត្រូវ​គិត​ម៉ត់ចត់​ថា​លុយ​ក្នុង​ចំនួន​កំណត់​នេះ​ត្រូវ​ប្រើប្រាស់​វា​យ៉ាង​ដូចម្ដេច​ខ្លះ។

៤) អ្នក​គ្រប់គ្រង​ផែនការ៖ អ្នក​នឹង​បាន​ធ្វើការ​ជាមួយ​មនុស្ស​មក​ពី​ផ្នែក​ផ្សេង​ៗ​គ្នា​ពី​អ្នក​ដូចជា​ផ្នែក​វិស្វកម្ម ជជែក​ពិភាក្សា​ជាមួយ​អតិថិជន​ពី​ការ​ស្នើសុំ​ដែល​គេ​ចង់​បាន និង​ធ្វើការ​ជាមួយ​ក្រុម​របស់​អ្នក​អំពី​ផែនការ​របស់​គម្រោង​ណាមួយ ដែល​អាច​ឲ្យ​អ្នក​បង្កើត​ទំនាក់ទំនង​ច្រើន​ជាមួយ​មនុស្ស​ខាងក្រៅ៕

ប្រភព៖ cnbc ប្រែសម្រួល៖ ស្រីពៅ

X
5s