​បើ​ធ្វើ​ការ​យូរហើយ ​តែ​មិន​ឡើង​ឋានៈ​សោះ​​គឺ​អាច​មក​ពី​កត្តា​សំខាន់ៗ​៦​យ៉ាង​នេះ​!​​



​ការ​ឡើង​តំណែង​ជា ​ក្តី​ប្រាថ្នា​សំខាន់​មួយ​របស់​បុគ្គលិក​គ្រប់រូប ​​ព្រោះ​វា​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ ​​​​និង កិត្តិយស​​ច្រើន​ជាង​មុន​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ធ្វើ​ការ​ជាច្រើន​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​នៅ​តែ​មិន​អាច​ឡើង​តំណែង​ទាល់​តែ​សោះ​។ ខាងក្រោម​នេះ ​ជា​មូលហេតុ​សំខាន់ៗ៦​យ៉ាង​៖​

១) ​​​​ទម្លាប់​ធ្វើ​ការ​​ឲ្យ​តែ​ដល់​ម៉ោង​៖ ​​​​ត្រូវ​ចងចាំ​ថា​ ​​ក្រុមហ៊ុន​ត្រូវ​បាន​គេ​បង្កើត​​ឡើង​មក​គឺ​ដើម្បី​​សម្លឹង​ឃើញ​ផល​ចំណេញ​ ​ដូច្នេះ​ហើយ​គេ​ត្រូវ​ការ​បុគ្គលិក​ដែល​សកម្ម​ក្នុង​ការងារ​ដើម្បី​ ​ជា​ចលករ​ដ៏​សំខាន់​ដើម្បី​ទាញ​យក​ប្រយោជន៍​។ ​ប៉ុន្តែ​បើ​អ្នក​ធ្វើ​ការ​ឲ្យ​តែ​រួច​ពី​ដៃ​ ​ខ្ជិល ​​ហើយ​មើល​តែ​បំណាំ​គេ​នោះ​​ ​ ​ទោះ​ធ្វើ​ការ​មួយ​ជីវិត​ទៀត​​ក៏​គ្មាន​ការ​​​ដំឡើង​​​តំណែង​​នោះ​ឡើយ​។

២) ​​ខ្វះ​ភាព​ជា​អ្នក​ដឹកនាំ​៖ ​​ជា​ទូទៅ​ ​អ្នក​ដែល​មាន​តួនាទី​ខ្ពស់​ ​គឺ​ត្រូវ​តែ​មាន​សិល្បៈ​ក្នុង​ការ​ដឹកនាំ​ ​ព្រោះ​មិន​មែន​ធ្វើ​ការ​តែ​ឯង​ដូច​មុន​ទៀត​ឡើយ ​​ពោល​គឺ​ត្រូវ​មាន​បុគ្គល​ខ្លះ​នៅ​ក្រោម​បង្គាប់។ ​ដូច្នេះ​បើ​គេ​​សង្កេត​ឃើញ​ថា ​​អ្នក​ជា​មនុស្ស​ដែល​ខ្វះ​ភាព​ជា​អ្នក​ដឹកនាំ​នោះ ​​គឺ​ក្រុមហ៊ុន​ក៏​មិន​ចង់​ដំឡើង​តំណែង​អ្វី​ដែរ ​ព្រោះ​ខ្លាច​បង្ក​ឲ្យ​ប្រព័ន្ធ​ការងារ​កាន់​តែ​ស្មុគស្មាញ​។

៣) ​​មិន​ចេះ​ទំនាក់ទំនង​៖ ​​ការ​ទំនាក់ទំនង​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​ទោះបីជា​អ្នក​មាន​ចំណេះ​ដឹង​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ​តែ​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​ហើយ ​គឺ​មិន​ងាយ​នឹង​ធ្វើ​កិច្ចការ​អ្វី​បាន​សម្រេច​ឡើយ ​​ព្រោះ​ថា​​ការងារ​ដែល​អស្ចារ្យ​ ​និង សំខាន់ៗ​ទាល់​តែ​មាន​ការ​ចូលរួម​ពី​មនុស្ស​ច្រើន​ទើប​អាច​សម្រេច​បាន​។ ​ដូច្នេះ​ហើយ ​វា​ក៏​ជា​ចំណុច​មួយ​នៃ​ការ​សម្រេច​ថា ​គួរ​ដំឡើង​តំណែង​ឬ​អត់​ដែរ។

៤) ​​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​៖ ​ពេល​ខ្លះ​មិន​មែន​គេ​មិន​ផ្តល់​​តំណែង​ឲ្យ​អ្នក​នោះ​ទេ ​ប៉ុន្តែ​ដោយសារតែ​សមត្ថភាព​របស់​អ្នក​នៅ​ខ្សោយ​នៅ​ឡើយ ​ដូច្នេះ​ហើយ​ត្រូវ​ពិចារណា​ ​និង ទទួល​ស្គាល់​ពី​សមត្ថភាព​របស់​ខ្លួន​ជា​មុន​សិន ​ទើប​អាច​ពង្រឹង​វា​ឲ្យ​ប្រសើរ​ជាង​មុន​បាន​។

៥) ​មាន​ចារិត​អួតអាង​៖ ​​បើ​អ្នក​ជា​មនុស្ស​ដែល​មាន​ចារិត​​អំនួត​ខ្លាំង​លើ​ខ្លួន​ឯង​​ពេក ​វា​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ ​​ទោះបីជា​គេ​​ប្រឹង​ញញឹម​​នៅ​មុខ​អ្នក​ក៏​ដោយ​។ ​វា​ជា​ចំណុច​​មួយ​សំខាន់​ផង​ដែរ ដែល​ថ្នាក់​លើ​មិន​ចង់​ដំឡើង​តួនាទី​អ្វី​ដល់​អ្នក​ឡើយ ​ប្រសិនបើ​អ្នក​មាន​ចារិត​បែបនេះ​។

៦) ​​បក្សពួក​និយម​៖​​ ​ពេល​ខ្លះ​មិន​មែន​អ្នក​​គ្មាន​សមត្ថភាព​នោះ​ទេ ​ប៉ុន្តែ​ដោយសារតែ​ថ្នាក់​លើ​មិន​ព្រម​ផ្តល់​​ឱកាស​ឲ្យ​បុគ្គលិក​ល្អ​ប៉ុណ្ណោះ​​។ ​មូលហេតុ​សំខាន់​មួយ ​គឺ​ដោយសារតែ​​បក្សពួក​និយម​ខ្លាំង​ពេក​ ​ពោល​គឺ​គេ​ផ្តល់​ឱកាស​តែ​បក្សពួក​របស់​ខ្លួន​ប៉ុណ្ណោះ​។

​ដោយ​៖ ​អ៊ុន ​ភក្តី

X
5s