ចំណុច​សំខាន់​ចំនួន​ ៣​យ៉ាង​ដែល​អ្នក​គួរ​សិក្សា​ពី​ក្រុមហ៊ុន​មុន​ពេល​ចូល​សម្ភាស​



ដំណាក់កាល​មួយ​ដ៏​សំខាន់​នៃ​ការ​សម្ភាស​ការងារ​គឺជា​ការ​សិក្សា​ព័ត៌មាន​ទាំងឡាយ​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ច្បាស់លាស់។ វា​នឹង​ជួយ​ឲ្យ​អ្នក​បាន​ត្រៀម​ខ្លួន​ទុក​មុន និង​យល់​ច្បាស់លាស់​ពី​មូលហេតុ​ដែល​អ្នក​ចង់​បម្រើ​ការងារ​នៅ​កន្លែង​ពួកគេ។

ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់​ចំនួន​៣​យ៉ាង​ដែល​អ្នក​គួរ​សិក្សា​ពី​ក្រុមហ៊ុន​មុន​ពេល​ចូល​សម្ភាស៖

១) សិក្សា​ពី​បេសកកម្ម​របស់​ក្រុមហ៊ុន

ក្រុមហ៊ុន​នីមួយៗ​សុទ្ធតែ​បង្កើត​ឡើង​មក​ដោយ​មាន​គោលដៅ​តម្រង់​ទៅ​រក​អ្វី​មួយ​ជាក់លាក់។ ហេតុនេះ បើ​សិន​ជា​អ្នក​ពិត​ជា​ចង់​ចូលរួម​ចំណែក​ក្នុង​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​ណាមួយ​នោះ​មែន នោះ​ព័ត៌មាន​ដែល​អ្នក​ត្រូវ​សិក្សា​ឲ្យ​បាន​ម៉ត់ចត់​អំពី​បេសកកម្ម​របស់​ក្រុមហ៊ុន​នោះ នឹង​ជួយ​អ្នក​បាន​ច្រើន​ក្នុង​ការ​សម្ភាស​ការងារ ហើយ​អ្នក​នឹង​អាច​ឆ្លើយតប​ទៅ​កាន់​អ្នក​សម្ភាស​ការងារ​របស់​អ្នក​បាន​ថា​តើ​អ្នក​នឹង​ប្រើប្រាស់​សមត្ថភាព​ដែល​អ្នក​មាន​ដើម្បី​ជួយ​សម្រេច​បេសកកម្ម​នោះ​ដោយ​របៀប​ណា​ខ្លះ។

២) សិក្សា​ពី​អ្វី​ដែល​ជា​ចំណុច​លេចធ្លោ​របស់​ក្រុមហ៊ុន​នោះ

ក្រុមហ៊ុន​ដែល​ប្រកួតប្រជែង​គ្នា​នៅ​ក្នុង​វិស័យ​ដូច​គ្នា ពួកគេ​សុទ្ធតែ​មាន​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​គេ។ នៅ​ពេល​សម្ភាស អ្នក​ប្រាកដ​ជា​ជួប​ប្រសព្វ​នឹង​សំណួរ​ថា​មូលហេតុ​អ្វី​បាន​ជា​អ្នក​ចាប់​អារម្មណ៍​ចង់​ធ្វើការ​នៅ​ក្រុមហ៊ុន​របស់​គេ។ ការ​សិក្សា​ជា​មុន​ពី​ចំណុច​លេចធ្លោ​របស់​ពួកគេ ដែល​អាច​ជា​ការ​ពេញចិត្ត​ដែល​អ្នក​មាន​ចំពោះ​យុទ្ធសាស្ត្រ​ដែល​គេ​ប្រើប្រាស់​ដើម្បី​សម្រេច​គោលដៅ នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​អាច​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ការ​សម្ភាស។

៣) សិក្សា​ថា​តើ​នរណា​ជា​អ្នក​គ្រប់គ្រង​នៅ​ទីនោះ

នៅ​ក្នុង​ការ​សិក្សា​របស់​អ្នក​អំពី​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ធ្វើការ អ្នក​ក៏​គួរតែ​សិក្សា​ថា​តើ​នរណា​ជា​អ្នក​គ្រប់គ្រង​នៅ​ទីនោះ ដែល​អាច​មាន​ដូចជា​នាយក​ប្រតិបត្តិ ថ្នាក់​គ្រប់គ្រង​ផ្សេងៗ​នៅ​ក្នុង​ក្រុមហ៊ុន​ជាដើម។

ដោយ៖ ស្រីពៅ

សូមអាន៖ ដំបូន្មានការងារដ៏មានតម្លៃពីបុគ្គលជោគជ័យក្នុងលោកចំនួន ៤រូប ដែលអ្នកមិនគួរមើលរំលង

X
5s