កំហុសផ្នែកហិរញ្ញវត្ថុ ៦យ៉ាងធ្វើឱ្យអ្នកធ្លាក់ខ្លួនក្រអស់មួយជីវិត
ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជារឿងសំខាន់ដែលលោកអ្នកត្រូវតែប្រុងប្រយ័ត្ន និងមានផែនការច្បាស់លាស់ បើមិនដូច្នោះទេលោកអ្នកនឹងធ្លាក់ខ្លួនក្រអស់មួយជីវិត។ ខាងក្រោមនេះគឺជា កំហុស ៧យ៉ាងដែលធ្វើឱ្យអ្នកក្រអស់មួយជីវិត៖
១) ចាយច្រើនជាងចំណូល៖ បើអ្នកចាយច្រើនជាងចំណូលមិនត្រឹមតែសល់តែហោប៉ៅទទេនោះទេ ប៉ុន្តែថែមទាំងខ្ចីលុយគេ ដែលនាំឱ្យជំពាក់វ័ណ្ឌកថែមទៀតផង។ ដូច្នេះកុំចាយហួសមាធ ឬ កុំឃើញដំរីជុះ ជុះតាមដំរី។
២) មានបំណុលវ័ណ្ឌក៖ ប្រសិនបើអ្នកសម្រេចចិត្តខ្ចីលុយគេ ឬខ្ចីពីធនាគារ ដោយគ្មានគោលដៅច្បាស់លាស់ នោះលោកអ្នកវ័ណ្ឌកតែនឹងបំណុល។ តែមានបំណុលវ័ណ្ឌកហើយ លោកអ្នករកអ្វីក៏មិនសល់ដែរ។
៣) វិនិយោគច្រើនពេកនឹងដីធ្លី៖ ការវិនិយោគមិនមែនជារឿងអាក្រក់នោះក៏ប៉ុន្តែបើលោកអ្នកចង់ក្លាយជាអ្នកមានដោយវិនិយោគច្រើនពេកទៅលើដីធ្លី ឬផ្ទះសម្បែង រហូតរកលុយបង្វិលមិនទាន់ នោះនឹងធ្វើឱ្យអ្នកជួបបញ្ហាដែរ។ បញ្ហាកាន់តែធ្ងន់ធ្ងរប្រសិនបើសេដ្ឋកិច្ចមិនដំណើរការល្អ ដែលអាចធ្វើឱ្យដីធ្លីជាប់គាំងតែម្ដង។
៤) មិនកំណត់ផែនការថវិកាច្បាស់លាស់៖ ការធ្វើផែនការហិរញ្ញវត្ថុគឺជារឿងចាំបាច់ដើម្បីធនាបាននូវនិរន្តរភាពថវិកាសម្រាប់ក្រុមគ្រួសារ ក៏ដូចជាអាជីវកម្មរបស់អ្នក។ ដូច្នេះលោកអ្នកត្រូវមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជាពិសេសការចំណាយសំខាន់ៗប្រចាំឆ្នាំ។
៥) មិនចូលចំសន្សំ៖ បើគ្មានការសន្សំទេ កុំសង្ឃឹមថា លោកអ្នកអាចក្លាយជាអ្នកមាន ឬមានជីវភាពធូរធាឱ្យសោះ ហើយកុំសង្ឃឹមថា លោកអ្នកគេចផុតពីភាពក្រីក្រនោះ។
៦) ទិញឡានទំនើបៗថ្លៃ៖ រថយន្ត ឬឡានទំនើប គឺវត្ថុដែលចំណាយទៅហើយ មិនងាយនឹងបានចំណេញវិញទេប្រសិនបើលក់វិញនោះ។ បើលោកអ្នកជាមនុស្សចូលចិត្តផ្លាស់ប្ដូរស៊េរីរថយន្ត ជាពិសេសស៊េរីទំនើបៗនោះ ច្បាស់ណាស់ថា លោកអ្នកមិនអាចគេចផុតបញ្ហាហិរញ្ញវត្ថុណាស់បើសិនបើលោកអ្នកមិនមានប្រភពចំណូលច្រើន និងរឹងមាំនោះទេ៕
ដោយ៖ រតនៈវិភូ