តើ Brexit អាចនឹងជះឥទ្ធិពលដល់សមាជិកអាស៊ានណាមួយឱ្យធ្វើត្រាប់តាមឬទេ?
ថ្វីត្បិតតែនាពេលបច្ចុប្បន្ននេះ Brexit (ការចាកចេញពីភាពជាសមាជិករបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប) មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុន្មានពីសំណាក់អ្នកប្រមាញ់យកព័ត៌មាន ពោលគឺបើប្រៀបធៀបទៅនឹងពេលដែលបញ្ហានេះកើតឡើងដំបូងក៏ដោយ ប៉ុន្តែរឿងនេះ នៅតែជាប្រធានបទសំខាន់គួរឱ្យពិភាក្សា ជាពិសេសគឺចំពោះសហគមន៍អន្តរជាតិផ្សេងៗដែលព្យាយាមក្លាយខ្លួនឱ្យដូចជាសហភាពអឺរ៉ុបជាដើម។
ការប្រកាសជាផ្លូវការនូវការចាកចេញរបស់ដកខ្លួនជាសមាជិករបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប មិនត្រឹមតែធ្វើឱ្យមានភាពរង្គោះរង្គើទៅដល់សហភាពអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះទេ សូម្បីតែអាស៊ានក៏ត្រូវយកចិត្តទុកដាក់ទៅនឹងបញ្ហានេះដែរ ព្រោះវាអាចនឹងធ្វើឱ្យមានបញ្ហាដូចគ្នាកើតឡើងដូចជាបញ្ហា Brexit អីចឹងដែរ។
ហេតុអ្វីបានជា Brexit អាចនឹងជះឥទ្ធិពលដល់សមាជិកអាស៊ានទៅវិញ? ថ្វីត្បិតតែអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ ពោលគឺមកទល់ពេលនេះមានរយៈពេលជាង ៥០ឆ្នាំមកហើយក៏ពិតមែន ប៉ុន្តែបើនិយាយពីការធ្វើកិច្ចសហប្រតិបត្តិរវាងគ្នានឹងគ្នារបស់សមាជិកអាស៊ានទាំង ១០ ទើបតែចាប់ផ្តើមមាននៅរយៈពេលប៉ុន្មានជាងមួយទសវត្សរ៍កន្លងមកនេះទេ ដោយសារតែអាស៊ានធ្លាប់ជាជនរងគ្រោះយ៉ាងញក់ញ៉េញពីឥទ្ធិពលនៃសង្គ្រាមត្រជាក់ ជាពិសេសនៅគឺនៅក្នុងតំបន់ឥណ្ឌូចិនផ្ទាល់តែម្តង។
កត្តាភ្លើងសង្គ្រាម និងប្រវត្តិសាស្ត្រមិនត្រូវរ៉ូវជាមួយគ្នាតាំងពីដើមនេះហើយដែលធ្វើឱ្យប្រទេសនីមួយៗមិនទទួលបានការអភិវឌ្ឍន៍ផ្សេងៗគ្នានោះឡើយ។ ប្រទេសខ្លះមានការអភិវឌ្ឍន៍លឿនជាង ខណះដែលប្រទេសខ្លះកំពុងតែប្រឹងប្រែងទាំងយប់ទាំងថ្ងៃក្នុងការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនចេញពីភាពក្រីក្រ។ ដោយសារតែភាពខុសគ្នាខាងផ្នែកសេដ្ឋកិច្ចការអភិវឌ្ឍន៍ ភាសា និន្នាការនយោបាយជាមួយនឹងសមាជិកខាងក្រៅតំបន់ សាសនា រឺប្រវត្តិសាស្ត្រផងនោះ ធ្វើឱ្យអាស៊ានជួបប្រទះការលំបាកមួយនៅក្នុងការធ្វើសមាហរណកម្មជាប្រជាជាតិរួមមួយ។ លើសពីនេះទៅទៀតនោះ ប្រទេសនីមួយៗសុទ្ធតែត្រូវគិតគូរទៅដល់សេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនរៀងៗខ្លួន។
បកមកកាន់ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបម្តងនោះ វាអាចដើរតួជាមេរៀនមិនល្អមួយសម្រាប់សមាជិកអាស៊ាន ដោយយោងទៅលើហេតុផលថា សូម្បីតែសហភាពអឺរ៉ុបដែលចាត់ទុកថា មានសាមគ្គីភាព និងភាពជោគជ័យនៅក្នុងការអនុវត្តគោលការណ៍ជាប្រជាជាតិរួមតែមួយដោយមិនប្រកាន់ពូជសាសន៍ និងការអភិវឌ្ឍន៍ច្រើនជាងគេបង្អស់ក្នុងពិភពលោក ក៏មិនអាចទប់ចក្រភពអង់គ្លេសមិនឳ្យចាកចេញពីខ្លួនផងនោះ អាស៊ានប្រហែលជារឹតតែពិបាកនៅការរឹតចំនងមិត្តភាពទៀតហើយ។
ម្យ៉ាងវិញទៀត នៅតាមអង្គការតំបន់/ពិភពលោក សមាគមន៍ និងសហភាពទាំងនេះសុទ្ធតែពុំមានសិទ្ធិក្នុងការបញ្ជាប្រទេសណាមួយជាសមាជិកឱ្យធ្វើអ្វីមួយឡើយ ដោយយោងតាមគោលការណ៍អធិបតេយ្យភាព ដូច្នេះហើយប្រទេសមួយចង់ចូលខ្លួនជាសមាជិក រឺដកខ្លួនពីសមាជិករបស់អង្គការតំបន់/ពិភពលោក សមាគមន៍ និងសហភាព តាមដោយពុំចាំបាច់ខ្លាចជាប់ទោសអ្វីទាំងអស់។ ការចាកចេញរបស់អង់គ្លេស រឺ មិនត្រឹមតែអាចជួយជម្រុញទឹកចិត្តឱ្យសមាជិកផ្សេងៗនៅក្នុងសហភាពអឺរ៉ុបឱ្យធ្វើតាមតម្រាប់របស់ខ្លួននោះទេ ប៉ុន្តែវាក៏ប្រហែលជាអាចធ្វើឱ្យសមាជិករបស់អាស៊ាន រឺអង្គការអន្តរជាតិផ្សេងៗទៀតយកតម្រាប់តាមផងដែរ ជាពិសេសនៅពេលដែលអ្វីដែលពួកគេរំពឹងទុកមិនត្រូវបានសម្រេចតាមការប៉ងប្រាថ្នា។
តួយ៉ាងដូចជាបញ្ហាខ្វះការងារ ជនភៀសខ្លួន រឺគោលនយោបាយរួមណាមួយសុទ្ធតែអាចជាកត្តាជម្រុញយ៉ាងខ្លាំងនៅក្នុងការដែលធ្វើឱ្យប្រទេសមួយសម្រេចចិត្តគួរតែនៅជាសមាជិករបស់អង្គការទាំងនោះរឺក៏អត់ ដោយសារតែហេតុដែលប្រទេសទាំងនោះចូលជាសមាជិកទាំងពីរដំបូងក៏ព្រោះតែពួកគេជឿថាពួកគេនឹងទទួលបានប្រយោជន៍ពីការក្លាយជាសមាជិកនោះ។ បើកាលណាភាពជាសមាជិកមានតែធ្វើឱ្យគេខាតប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសគេ គេអាចនឹងចាកចេញតាមគ្រប់ពេលវេលា។ ដូច្នេះសម្រាប់អាស៊ានផ្ទាល់ ប្រសិនជាខ្លួនចង់ធ្វើឳ្យយ៉ាងណាមិនឳ្យសមាជិករបស់ខ្លួនណាម្នាក់មានចិត្តងាករេចង់ចាកចេញពីខ្លួននោះ អាស៊ានត្រូវតែមានវិធីធ្វើការរបៀបផ្សេង ដោយក្នុងនោះផងដែរ សម្លេងរបស់សមាជិកនីមួយៗគឺសំខាន់បំផុត ខណះដែលអាស៊ានត្រូវព្យាយាមធ្វើយ៉ាងណាជៀសវាងជម្លោះផ្ទៃក្នុងដែលមិនអាចដោះស្រាយបាន ព្រោះថាហេតុផលទាំងនោះសុទ្ធតែជាកាតាលីករជម្រុញឳ្យសមាជិកណាមួយមានបំនងរើបម្រាស់ និងចាកចេញដើម្បីផលប្រយោជន៍របស់ខ្លួន៕
ដោយ៖ វត្តី សុត្ថា