ទម្លាប់ទី៣ ក្នុងសៀវភៅ ទម្លាប់ ទាំង៧ របស់យុវវ័យមានប្រសិទ្ធភាព៖ «ធ្វើកិច្ចការសំខាន់មុន (Put First Thing First)»
បញ្ហាចំបងដែលយុវវ័យតែងតែជួបប្រទះនាពេលបច្ចុប្បន្ននោះគឺកង្វះការខិតខំប្រឹងប្រែងធ្វើការ ប៉ុន្តែអ្វីដែលជាបញ្ហាកាន់តែព្រួយបារម្ភ និងធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺមនុស្សជាច្រើនមិនដឹងខ្លួនថាខ្លួនកំពុងធ្វើកិច្ចការច្រើនក្នុងពេលតែមួយ (multitasking)។ អ្នកដឹងហើយថាការធ្វើកិច្ចការងារច្រើនក្នុងពេលតែមួយគឺធ្វើកិច្ចការរបស់អ្នកមិនសម្រេចបានផលល្អ ចំណាយពេលច្រើន ដោយសារតែអ្នកខ្វះការផ្ដោតអារម្មណ៍ ការដាក់ចិត្តទៅលើកិច្ចការមួយៗឲ្យរួចរាល់។
មនុស្សជាច្រើនតែងតែនិយាយថាខ្លួនគ្មានពេលគ្រប់គ្រាន់នោះក្នុងការធ្វើកិច្ចការងារនោះទេ? តើមនុស្សទាំងអស់ពិតជារវល់រកតែពេលធ្វើកិច្ចការរបស់ខ្លួនមែនឬទេ? ប៉ុន្តែអ្នកត្រូវដឹថាមនុស្សទាំងអស់គឺមានរយៈពេល២៤ម៉ោងដូចគ្នាក្នុងមួយថ្ងៃ ហើយតើហេតុអ្វីមនុស្សមួយចំនួនអាចធ្វើកិច្ចការបានច្រើន ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ចំណែកមនុស្សមួយចំនួនទៀតមិនអាចបំពេញកិច្ចការរបស់ខ្លួនបានល្អ? BizKhmer បានលើកយកទម្លាប់ទី១ និងទម្លាប់ទី២រួចមកហើយក្នុងសៀវភៅ ទម្លាប់ទាំង៧របស់យុវវ័យមានប្រសិទ្ធភាព (The 7 Habits of Highly Effective Teens) របស់លោក Sean Covey។ ទម្លាប់ទី៣នេះគឺនិយាយអំពី ធ្វើកិច្ចការសំខាន់មុន (Put First Thing First) ដែលនិយាយសំដៅទៅដល់ការរៀនផ្ដល់នូវអាទិភាពនិងគ្រប់គ្រងពេលវេលារបស់អ្នក ដូចនេះអ្នកនឹងដឹងអ្វីដែលអ្នកចង់សម្រេចគឺត្រូវាធ្វើមុន មិនមែនទុកវាចុងក្រោយនោះទេ។ ទម្លាប់ទី៣នេះត្រូវបានគេឲ្យឈ្មោះថាអំណាចនៃការនិយាយថាយល់ព្រមទៅកាន់សកម្មភាពឬកិច្ចការដែលសំខាន់ និងអំណាចនៃការនិយាយថា«ទេ» ចំពោះកិច្ចការឬអ្វីដែលមិនសូវសំខាន់។ ក្នុងចំណុចនេះគឺមានគម្រមួយដែលហៅថាបំណែងចែកពេលវេលាទាំង៤ (Time Quadrants) ដែលអាចជួយអ្នកធ្វើរឿងរ៉ាវបានច្រើនជាងមុន។ ក្នុងបំណែងចែកពេលវេលានេះគឺមានពីរគឺ «រឿងសំខាន់» និង «រឿងបន្ទាប់»។ អ្វីទៅជារឿងសំខាន់ និងអ្វីជារឿងបន្ទាប់? រឿងសំខាន់គឺជាកិច្ចការឬរឿងរ៉ាវដែលសំខាន់បំផុតសម្រាប់អ្នក រឿងដំបូងឬសកម្មភាពដែលពាក់ពន្ធទៅនឹងផែនការឬគោលដៅរបស់អ្នក។ ចំណែក រឿងបន្ទាន់គឺកិច្ចការឬសកម្មភាពដែលអ្នកត្រូវធ្វើភ្លាមៗ។ ប្រសិនបើអ្នកមិនបានពិនិត្យពិច័យ គិតគូរឲ្យបានហ្មត់ចត់ អ្នកគឺកំពុងតែរស់នៅក្នុងសង្គមដែលញៀនទៅនឹងភាពបន្ទាន់។ មនុស្សជាច្រើនមានទូរស័ព្ទដៃដែលភ្ជាប់ជាមួយនឹងអ៊ិនធឺណេត មានហ្វេសបុក ឆាត ទិញទំនិញអនឡាញ ជាដើម។ រឿងបន្ទាប់មិនមែនជារឿងមិនល្អនោះទេ ប៉ុន្តែការធ្វើកិច្ចការទាំងនោះច្រើនពេកធ្វើឲ្យអ្នកលេងសូវខ្វល់ខ្វាយអំពីកិច្ចការដែលសំខាន់សម្រាប់អ្នក ដូចជាការដើរហាត់ប្រាណ ធ្វើរបាយការណ៍ការងារ ការចំណាយពេលវេលាជជែកជាមួយមិត្តភក្ដិចាស់ៗជាដើម។ រឿងទាំងនេះត្រូវរារាំងទៅដោយការងារបន្ទាន់ៗដូចជា ផ្ញើរសារ កិច្ចការសាលា និងរឿងមិនសំខាន់ផ្សេងៗជាដើម។
បំណែងចែកទី១៖ មនុស្សពូកែពន្យាពេល (The Procrastinator) ក្នុងចំណុចនេះមានទាំងរឿងសំខាន់និងរឿងបន្ទាន់។ មានរឿងមួយចំនួនក្នុងចំណុចនេះគឺរឿងរ៉ាវដែលអ្នកមិនអាចគ្រប់គ្រងបានដូចជាសមាជិកគ្រួសារឈឺ កិច្ចការដែលមានពេលកំណត់ជាដើម។ ប៉ុន្តែក្នុងចំណុចនេះមានរឿងរ៉ាវឈឺក្បាលជាច្រើនដូចជា អ្នកពន្យាពេលមិនធ្វើកិច្ចការសាលា ហើយព្យាយាមរំលឹកមេរៀនសម្រាប់ការប្រលងនាថ្ងៃស្អែក ឬនៅពេលអ្នកមិនយកកង់ទៅជួសជុសជាច្រើនថ្ងៃបើទោះបីអ្នកមានពេលទំនេរក៏ដោយ។ ចំណុចនេះគឺជាផ្នែកមួយនៃជីវិតរបស់អ្នក ប៉ុន្តែកុំចំណាយពេលច្រើនពេកទៅលើវា។ មនុស្សដែលពូកែពន្យាពេលតែងតែនិយាយថាខ្ញុំនឹងឈប់ពន្យាពេលទៀតហើយ។ ប៉ុន្តែកុំរំពឹងថាពួកគេនឹងធ្វើកិច្ចការសាលា លុះត្រាតែដល់វិនាទីចុងក្រោយ។ មនុស្សទាំងនេះចូលចិត្តពន្យាពេលបើទោះបីជាពួកគេមានពេលវេលាគ្រប់គ្រាន់ក៏ដោយ។ ពួកគេធ្វើកិច្ចការលុះត្រាតែជិតដល់ពេលកំណត់ ទើបប្រឹងធ្វើ។ ឧទាហរណ៍ និស្សិតមួយចំនួនទទួលបានកិច្ចការពីគ្រូរាប់ខែមិនព្រមធ្វើទេ ទាល់តែដល់ដំណាក់កាលចុងក្រោយទើបប្រឹងបើទោះបីដាច់យប់ក៏ដោយ។ ជាទូទៅមនុស្សដែលមានការពន្យាពេលតែងតែ មានបញ្ហាស្រ្តេស ភ័យខ្លាច អស់កម្លាំងថាមពល និងការធ្វើការងារមិនមានប្រសិទ្ធភាពជាដើម។
បំណែងចែកទី២៖ មនុស្សចេះកំណត់អាទិភាព (The Prioritizer) ក្នុងចំណុចនេះគឺនិយាយពីកិច្ចការទាំងឡាយណាដែលសំខាន់តែមិនបន្ទាន់ ដូចជាការសម្រាក ទំនាក់ទំនងមិត្តភាព ហាត់ប្រាណ ធ្វើគម្រោងផែនការ និងធ្វើកិច្ចការជាដើម។ អ្នកកំណត់សិទ្ធអាទិភាពតែងតែមើលអ្វីដែលគេត្រូវសម្រេចឲ្យហើយ ហើយកំណត់អាទិភាពវា ហើយធានាថាកិច្ចការដំបូងត្រូវតែធ្វើឲ្យហើយ ហើយកិច្ចការក្រោយគេត្រូវធ្វើនៅពេលក្រោយ។ មនុស្សប្រភេទនេះតែងតែធ្វើកិច្ចការរួចរាល់មុនពេលកំណត់ ហើយពួកគេមានពេលវេលាលំហែកាយ សម្រាក ជួបជុំមិត្តភក្ដិឬគ្រួសារ។ ពួកគេជាប្រភេទមនុស្សដែលចេះរៀបចំពេលវេលាបានល្អ ចេះកំណត់សិទ្ធអាទិភាពកិច្ចការងារ ហើយគ្រប់កិច្ចការទាំងអស់មិនចាំរហូតទាល់តែនាទីចុងក្រោយទើបប្រឹងធ្វើនោះទេ ពីព្រោះអ្នកបានបញ្ចប់វារួចរាល់ហើយ។ ឧទាហរណ៍ ប្រសិនបើមិត្តភក្ដិបបួលទៅកម្មវិធីដែលមិនមានការគ្រោងទុក គេតែងតែនិយាយថាពួកគេមានកិច្ចការដែលត្រូវធ្វើ ប៉ុន្តែគេនឹងទៅនៅពេលដែលពួគគេគ្មានកិច្ចការដែលត្រូវធ្វើ ឬទំនេរពីការងារជាដើម។ លទ្ធផលក្នុងចំណុចទី២នេះគឺ៖ ការគ្រប់គ្រងជីវិត មានតុល្យភាពរវាងការងារនិងជីវិត និងកិច្ចការមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
បំណែងចែកទី ៣៖ មនុស្សតែងតែទទួលអ្វីគ្រប់យ៉ាង (The Yes-man) ក្នុងចំណុចនេះនិយាយអំពីរឿងរ៉ាវឬសកម្មភាពដែលបន្ទាន់តែមិនសំខាន់។ ជាទូទៅមនុស្សប្រភេទនេះតែងតែយកចិត្តអ្នកដទៃ ទទួលភារៈកិច្ចដែលគេដាក់ឲ្យដោយមិនហ៊ានប្រកែក។ ក្នុងចំណុចនេះ កិច្ចការជាច្រើនសំខាន់សម្រាប់អ្នកដទៃតែមិនសំខាន់សម្រាប់អ្នក អ្វីដែលអ្នកគួរតែនិយាយថា «ទេ» តែអ្នកមិននិយាយពីព្រោះតែអ្នកខ្លាចគេខឹងជាដើម។ នៅពេលអ្នកទទួលភារៈកិច្ចជាច្រើនពីអ្នកដទៃ ខណៈពេលដែលអ្នកកំពុងតែមានកិច្ចការជាច្រើនកំពុងធ្វើដែល នោះអ្នកនឹងមិនអាចសម្រេចកិច្ចការជាច្រើននោះទេ ហើយអ្នកនឹងមិនដឹងអំពីកិច្ចការអ្វីដែលសំខាន់ឬអត់នោះទេ។ លោក Bill Cosby តារាកំប្លែង បាននិយាយថា «ខ្ញុំមិនដឹងអំពីគន្លឹះទៅកាន់ភាពជោគជ័យនោះទេ ប៉ុន្តែគន្លឹះទៅកាន់បរាជ័យគឺការព្យាយាមបំពេញចិត្តអ្នកដទៃ»។ ក្នុងចំណុចទី៣នេះគឺជាចំណុចមិនល្អ ពីព្រោះវាធ្វើឲ្យអ្នកជាអ្នកដើរតាមអ្នកដទៃ ខ្លួនមិនមែនជាអ្នកដឹកនាំ ខ្វះវិន័យក្នុងខ្លួន មានអារម្មណ៍ថាខ្លួនប្រៀបដូចជាក្រណាត់សម្រាប់អ្នកដទៃប្រើជូតជើង។
៤) បំណែងចែកទី៤៖ មនុស្សខ្ជិលខ្ជះខ្ជាយ (The Slacker) ក្នុងចំណុចនេះគឺនិយាយអំពីការខ្ជះខ្ជាយ។ សកម្មភាពទាំងនេះគឺមិនសំខាន់ហើយថែមទាំងមិនបន្ទាន់ទៀតផង។ មនុស្សក្នុងប្រភេទនេះគឺជាមនុស្សដែលតែងតែចាយពេលវេលាច្រើនឥតប្រយោជន៍ ដូចជាមើលទូរទស្សន៍ច្រើនពេក ដេកច្រើនពេក ឬលេងហ្គេមច្រើនពេកជាដើម។ ឧទាហរណ៍ ប្រសិនបើពួកគេមើលរឿង គឺមើលជក់មួយភាគហើយមួយភាគទៀតៗ រហូតដល់ដាច់យប់ក៏មាន។ លទ្ធផលនៃចំណុចនេះគឺ អ្នកខ្វះទំនួលខុសត្រូវ មានអារម្មណ៍ថាខ្លួនមានកំហុស មានអាក្បកិរិយាមិនប្រក្រតី និងមិនបានចំណាយពេលដើរលំហែកាយ ផ្សងព្រេងជាដើម។ តើបំណែងចែកណាមួយដែលអ្នកចំណាយពេលវេលារបស់អ្នកច្រើនជាងគេ? ជាការពិត អ្នកប្រាកដជាមានពេលមួយចំនួននៅក្នុងបំណែងចែកនីមួយៗជាមិនខាន ប៉ុន្តែអ្នកត្រូវព្យាយាមធ្វើឲ្យខ្លួនរបស់អ្នកស្ថិតក្នុងបំណែងចែកទី២ ទើបប្រសើរ។ កាត់បន្ថយពេលវេលាក្នុងបំណែងចែកផ្សេងៗដែលមិនសំខាន់។ អ្វីដែលអ្នកត្រូវធ្វើគឺកាត់បន្ថយការពន្យាពេលរបស់អ្នក រៀននិយាយថា «ទេ» ចំពោះរឿងណាដែលមិនសំខាន់។ អ្នកត្រូវចងចាំថានៅពេលអ្នកនិយាយថា «ទេ» នោះអ្នកនឹងមានពេលវេលាច្រើនដើម្បីធ្វើកិច្ចការដែលសំខាន់របស់អ្នកបានកាន់តែច្រើន។ កាត់បន្ថយការខ្ជះខ្ជាយពេលវេលាដោយ កុំខ្ជះខ្ជាយ ចំណាយពេលជ្រុលទៅលើរឿងមួយចំនួន។ ព្យាយាមបង្វែរពេលវេលារបស់អ្នកឲ្យចូលទៅក្នុងបំណែងចែកទី២ ពីព្រោះអ្នកត្រូវចងចាំថា អ្នកនឹងមានពេលវេលាគ្រប់គ្រាន់ មិនធ្វើបាបលើខ្លួនឯង។ ដើម្បីឲ្យអ្នកចំណាយពេលក្នុងពេលបំណែងចែកទី២ អ្នកត្រូវធ្វើនូវគម្រោងផែនការណ៍ប្រចាំសប្ដាហ៍៖ ចំណាយពេលវេលារបស់អ្នកជារៀងរាលដើមសប្ដាហ៍ដើម្បីធ្វើផែនការ ហើយរកមើលភាពខុសគ្នា។
[នៅពេលដែលអ្នកចង់សម្រេចអ្វីដែលអ្នកចង់ធ្វើប្រចាំសប្ដាហ៍ អ្នកត្រូវធ្វើតាមដំណាក់ដាលខាងក្រោម៖
១) ស្វែងរកដុំថ្មធំ៖ នៅដើមសប្ដាហ៍ អង្គុយចុះហើយគិតអំពីអ្វីដែលអ្នកនឹងចង់សម្រេចក្នុងសប្ដាហ៍នេះ។ សួរខ្លួនរប់សអ្នក តើកិច្ចការណាដែលសំខាន់ដែលអ្នកត្រូវធ្វើក្នុងសប្ហាហ៍នេះ? កិច្ចការ ឬសកម្មភាពដែលសំខាន់ៗគឺហៅថាដុំថ្មធំ។ អ្នកអាចមានដុំថ្មធំនៅលើតារាងផែនការរបស់អ្នកដូចជា៖ រៀនត្រៀមប្រលង បញ្ចប់ការអានសៀវភៅ ហាត់ប្រាណ៣ដង ជាដើម។
២) ដាក់ដុំថ្មធំមុន៖ អ្នកអាចធ្វើពិសោធន៍ដោយដាក់ខ្សាច់ចូលមុនទៅក្នុងកែវ នោះអ្នកនឹងមិនអាចដាក់ដុំថ្មធំៗបាននោះទេ។ ប៉ុន្តែប្រសិនបើអ្នកដាក់ដុំថ្មធំៗមុនហើយដាក់ខ្សាច់តាមក្រោយនេះអ្នកនឹងអាចដាក់ចូលពេញកែវជាមិនខាន។ ដុំថ្មធំតំណាងឲ្យកិច្ចការសំខាន់ ហើយខ្សាច់តំណាងឲ្យកិច្ចការតូចតាចដែលរាំងស្ទះកិច្ចការធំ សំខាន់ៗរបស់អ្នក។ ប្រសិនបើអ្នកមិនធ្វើកិច្ចការសំខាន់ៗមុននោះអ្នកនឹងមិនអាចសម្រេចកិច្ចការអ្វីទាំងអស់។ រៀងរាល់ផែនការប្រចាំសប្ដាហ៍ក្នុងតារាងប្រតិទិនរបស់អ្នកត្រូវដាក់កិច្ចការធំមុន។
៣) ធ្វើផែនការសម្រាប់កិច្ចការផ្សេងៗ៖ នៅពេលដែលអ្នកដាក់កិច្ចការធំៗក្នុងតារាងរួចរាល់ហើយ ដាក់កិច្ចការតូចៗដែលមិនសូវសំខាន់ទៅលើតារាងរបស់អ្នក។ កិច្ចការផ្សេងៗដែលមិនសូវសំខាន់មានដូចជា ការលំហែកាយ ជួបជុំមិត្តភក្ដិ ចូលរួមកម្មវិធីខួបកំណើត ជាដើម។ នៅពេលអ្នកបានរៀបចំតារាងពេលវេលារបស់អ្នកប្រចាំសប្ដាហ៍ហើយ នោះអ្នកនឹងមានពេលវេលាគ្រប់គ្រប់ដើម្បីធ្វើការងារណាដែលសំខាន់ចាំបាច់ ហើយធ្វើកិច្ចការណាដែលមិនសូវសំខាន់តាមក្រោយ។ ដែលនេះនឹងធ្វើឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនរបស់អ្នកក្នុងមួយសប្ដាហ៍ៗ៕
ដោយ៖ លង់ វណ្ណៈ