ឆ្នាំ២០១៩ ជាឆ្នាំរបស់ទីម័រនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍?
ក្នុងឆ្នាំនេះ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយនិយាយត្រួសៗរួមមាន៖ ការបោះឆ្នោតសកលនៅប្រទសម៉ាឡេស៊ីបានបង្ហាញឲ្យឃើញនូវការបរាជ័យរបស់គណបក្សសម្ព័ន្ធភាពកាន់អំណាចជាតិ (Barisan Nasional) និងការចេញមុខឡើងវិញរបស់លោក Mahathir Mohamad ក្នុងតំណែងកំពូលជានាយករដ្ឋមន្ត្រី អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាបានកាត់ទោសមេដឹកនាំខ្មែរក្រហមពីរនាក់ពីបទប្រល័យពូជសាសន៍ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat នៃប្រទេសសឹង្ហបូរីត្រូវបានប្រកាសជាមេដឹកនាំជំនាន់ទីបួននៃគណបក្សសកម្មភាពប្រជាជន ហើយត្រូវបានគេមើលឃើញថាសាកសមនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ខណៈដែលប្រទេសទីម័រលេស្តេ (ទីម័រខាងកើត) មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបញ្ជីជាសមាជិកអាស៊ានឡើយ។
បន្ទាប់ពីការចូលជាសមាជិករបស់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ទីម័រលេស្ដេគឺជាបំណែកប្រទេសចុងក្រោយបង្អស់ឆ្ពោះទៅរកអាស៊ានដែលបង្គ្រប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅចុងឆ្នាំ២០១៧ មានការប្រកាសថា ការចូលជាសមាជិករបស់ទីម័រខាងកើតនឹងមិនកើតឡើងនៅឆ្នាំនេះទេ។ គ្មានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ បញ្ហានេះមិនត្រូវបានលើកឡើងទាល់តែសោះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលចុងក្រោយ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។ ទីម័រលេស្តេបានកំពុងស្នើសុំជាសមាជិកអាស៊ានចាប់តាំងពីឆ្នាំ២០១២មកម៉្លេះ។ នៅឆ្នាំ២០១៧ ប្រទេសនេះបានដាក់ពាក្យស្នើសុំពីរដង តែសំណើរទាំងនេះត្រូវបានច្រានចោល។ តើមកពីមូលហេតុអ្វី?
គោលការណ៍សមភាពរបស់អាស៊ានសង្កត់ធ្ងន់ទៅលើសិទ្ធិស្មើគ្នានិងការទទួលខុសត្រូវស្មើភាពគ្នា។ ការឯកភាពមតិ (កុងសង់ស៊ីស) មានសារៈសំខាន់ចាំបាច់ក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់អាស៊ានដូចមានចែងនៅក្នុងធម្មនុញ្ញរបស់ខ្លួន។ ដើម្បីអោយមានប្រសិទ្ធិភាព គ្រប់រដ្ឋជាសមាជិកនីមួយៗដែលមានអំណាចវ៉េតូ។ ដូច្នេះហើយ ប្រសិនបើទីម័រលេស្តេត្រូវបានគេទទួលយកជាសមាជិក ប្រទេសនេះក៏នឹងងមានចំណែកអំណាចស្មើៗគ្នាដែរ។ ដោយទទួលយករដ្ឋជាសមាជិកថ្មី គ្មានសមាជិកបច្ចុប្បន្នណាអាចនឹងទទួលបានអំណាចបន្ថែមទៀតឡើយ។ ភាពផ្ទុយគ្នាដាច់ខាតគឺជាការពិត - អំណាចនឹងត្រូវចុះថយ នៅពេលចំនួនសមាជិកដែលមានអំណាចវ៉េតូកើនឡើង។ ប្រសិនបើអ្នកចង់ឱ្យសមាជិកថ្មីមានអំណាចដូចទៅនឹងអ្នក អ្នកនឹងត្រូវប្រាកដថាអ្នកអាចទុកចិត្តរដ្ឋនេះ យ៉ាងហោចណាស់ក៏មិនធ្វើឱ្យប៉ះពាល់ដល់ទស្សនៈរបស់អ្នកដែរ។ ចំណុចនេះនឹងអាចពន្យល់មូលហេតុអ្វីបានជាសមាជិកខ្លះប្រុងប្រយ័ត្ន បើសិនជាមិនស្ទាក់ស្ទើរ ក្នុងការអោយទីម័រខាងកើតចូលរួមជាសមាជិក។
គោលគំនិតនៃការទទួលខុសត្រូវស្មើគ្នាមានន័យថាគ្រប់ប្រទេសដែលជាសមាជិកត្រូវតែរួមចំណែកស្មើគ្នាទៅនឹងការចំណាយប្រតិបត្តិការរបស់អាស៊ាន។ មិនដូចស្ថានប័នមូលនិធិរូបិយវត្ថុអន្ដរជាតិឬស្ថាប័នដទៃទៀត ដែលរដ្ឋមានអំណាចអាចវិនិយោគច្រើនជាងគេដើម្បីទទួលបានឥទ្ធិពលច្រើនឬទទួលបានសម្លេងឆ្នោតច្រើនជាងគេ តែចំពោះសមាជិកអាស៊ានត្រូវបានគេសន្មត់ថាត្រូវរួមចំណែកស្មើគ្នាទៅនឹងការចំណាយរបស់សមាគមចំនួន ២លានដុល្លារអាមេរិកសម្រាប់ប្រទេសជាសមាជិកមួយទៅក្នុងថវិកាឆ្នាំ២០១៦។ ចំនួននេះ ដោយបន្ថែមលើតម្រូវការសម្រាប់មន្ត្រីការទូត (មានរហូតដល់ជាង១០០០ កិច្ចប្រជុំ ក្នុង១ឆ្នាំ) ធ្វើឲ្យប្រទេសទីម័រលេស្តេ ជាប្រជាជាតិថ្មីបំផុត ជាប្រទេសតូចបំផុតស្ថិតក្នុងស្ថានភាពលំបាក។
រហូតមកដល់ពេលនេះ ជិតពីរទសវត្សរ៍មកហើយ ចាប់តាំងពីអាស៊ានបានក្លាយជាសមាជិកគ្រួសារដែលមានសមាជិក១០ប្រទេស ដែលមានកម្លាំងសេដ្ឋកិច្ចផ្សេងៗពីគ្នា។ ប្រការនេះបានធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងចំពោះប្រទេសមានអំណាចដូចជាប្រទេសសិង្ហបូរីនៅក្នុងការពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់របស់គេ។
ជាមួយនឹងផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការរីកសាយភាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តម្រូវការនៃកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសនឹងខ្ពស់ជាង។ ទីម័រលេស្តេបច្ចុប្បន្នជាប្រទេសដែលមានសេដ្ឋកិច្ចតូចជាងគេនៅអាស៊ីអាគ្នេយ៍ អាចមានការលំបាកក្នុងការរក្សាជំហរក្នុងទីផ្សារតំបន់ដែលរស់រវើក និងមានថាមពល។
តាមរយៈទិដ្ឋភាពសន្តិសុខនយោបាយផ្ទៃក្នុង ក៏អាចយល់បានផងដែរថាមូលហេតុអ្វីបានជារដ្ឋមួយចំនួនមានការយល់ព្រមចំពោះការចូលជាសមាជិករបស់ទីម័រខាងកើត។ ទោះបីជាមានជម្លោះខ្លះក៏ដោយ ក៏ប្រព័ន្ធនយោបាយមានស្ថេរភាព និងត្រូវបានដាក់ឈ្មោះជាប្រទេសមានលទ្ធិប្រជាធិបតេយ្យល្អបំផុតនៅក្នុងតំបន់ ដោយសន្ទស្សន៍ប្រជាធិបតេយ្យរបស់ស្ថាប័នស៊ើបអង្គេតសេដ្ឋកិច្ច ឆ្នាំ២០១៧។
ដោយគោរពទៅតាមគោលការណ៍មិនជ្រៀតជ្រែករបស់អាស៊ាន ក្នុងនាមជាសមាជិកថ្មី ទីម័រខាងកើតប្រហែលជានឹងមិនលើកឡើងនូវបញ្ហានៃស្ថានភាពនយោបាយឬសិទ្ធិមនុស្សរបស់រដ្ឋផ្សេងទៀតឡើយ។ ទោះជាយ៉ាងនេះក្ដី ឧទាហរណ៍របស់ទីម័រលេស្តេ អាចត្រូវបានលើកឡើងដោយក្រុមសកម្មជននៃរដ្ឋជាសមាជិកទាំងនេះដែលជាការ ជម្រុញឲ្យមានកំណែទម្រង់នយោបាយ ដែលធ្វើឱ្យទីម័រលេស្តេស្ថិតនៅក្នុងលំដាប់ជួរមុខនៃដំណើរស្វែងរកលទ្ធិប្រជាធិបតេយ្យរបស់អាស៊ាន។ ដូច្នេះរដ្ឋាភិបាលដទៃទៀតអាចនឹងព្រួយបារម្ភអំពីរបៀបដែលប្រជាធិបតេយ្យទីម័រនឹងប៉ះពាល់ដល់ការគ្រប់គ្រងរបស់ខ្លួន។
យោងតាមធម្មនុញ្ញអាស៊ាន "ប្រធានអាស៊ានត្រូវផ្លាស់ប្ដូរវិលជុំជារៀងរាល់ឆ្នាំ ទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះភាសាអង់គ្លេសរបស់រដ្ឋជាសមាជិក" ។ ដោយសារប្រទេសសិង្ហបុរីនាពេលបច្ចុប្បន្នជាប្រធានអាស៊ាន ហើយនឹងប្រគល់តំណែងប្រធានទៅប្រទេសថៃនៅឆ្នាំក្រោយ តាមបច្ចេកទេសនេះមានន័យថាប្រសិនបើប្រទេសទីម័រខាងកើតត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកក្នុងឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ប្រទេសថៃ តាមលំនាំដើមមានន័យថា អាស៊ាននឹងត្រូវដឹកនាំដោយប្រទេសទីម័រខាងកើតនៅឆ្នាំ២០២០។
បច្ចុប្បន្ននេះ បណ្តាប្រទេសជាសមាជិកអាស៊ានជាងពាក់កណ្តាល មិនមានទំនុកចិត្តលើប្រទេសទីម័រលេសេ្តជាសមាជិកឡើយ។ ដូច្នេះពួកគេទំនងជាមិនជឿជាក់ថាប្រទេសទីម័រខាងកើតអាចនឹងទទួលបន្ទុកកិច្ចប្រជុំកំពូលអាស៊ាន ក្រុមប្រឹក្សាសម្របសម្រួល និងក្រុមប្រឹក្សាសហគមន៍ទាំងបីក្នុងរយៈពេលពីរឆ្នាំបានឡើយ។ តើនេះមានន័យថាប្រទេសទីម័រលេស្តេ នឹងត្រូវរង់ចាំយ៉ាងហោចណាស់រហូតដល់ក្រោយពេលវៀតណាមធ្វើជាប្រធានមែនទេ?
យាងវិញទៀត រដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមិនសប្បាយចិត្តនឹងការទទួលវេនជាប្រធានរបស់ខ្លួនមិនមែនពុំធ្លាប់កើតឡើងឡើយ។ តួយ៉ាងដូច ប្រទេសមីយ៉ាន់ម៉ា ដោយស្ថិតនៅក្រោមសម្ពាធពីលោកខាងលិច បានបដិសេធមិនធ្វើជាប្រធានអាស៊ាននៅ ឆ្នាំ២០០៦។ ម៉្លោះហើយ ម៉ាឡេស៊ីបានប្រគល់ភាពជាប្រធានរបស់ខ្លួនទៅប្រទេសហ្វី លីពីនតែម្ដង។ ដូច្នេះវាអាចទៅរួច សម្រាប់ប្រទេសទីម័រលេស្តេដែលអាចត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិកក្នុងឆ្នាំខាងមុខ ដោយមិនចាំបាច់ធ្វើជាប្រធានកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២០។
ប្រាកដណាស់ សម្មតិកម្មប្រាកដនិយមខាងលើអាចមានទុទិដ្ឋិនិយមខ្ពស់ ដែលស្ថាបនានិយមប្រកបដោយទស្សនៈវិជ្ជមានច្រើនជាង។
គ្មានប្រទេសណាមួយមានបំណងរារាំងប្រទេសជិតខាងខ្លួនមិនឲ្យចូលក្នុងប្លុកតំបន់នោះទេ ព្រោះនេះអាចធ្វើឱ្យកម្លាំងអំណាចរបស់ខ្លួនធ្លាក់ចុះខ្សោយ។ ប្រការនេះត្រូវបានគេយល់ផងដែរថា អាស៊ានគឺជាវេទិកាមួយសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល។ ដូច្នេះសមាជិកបច្ចុប្បន្នត្រូវតែខិតខំរួមគ្នាឆ្ពោះទៅគោលដៅនោះ។
នៅផ្នែកល្អវិញ រដ្ឋសមាជិកអាស៊ានចំនួន៤ រួមទាំងឥណ្ឌូណេស៊ីបានគាំទ្រការស្នើសុំរបស់ទីម័រលេស្តេ។ សូម្បីតែសម្រាប់ក្រុមប្រឆាំងនឹងសំណើ ជាមេដឹកនាំរបស់ពួកគេ សឹង្ហបុរីបានចាត់វិធានការយ៉ាងសកម្មដើម្បីរៀបចំប្រទេសទីម័រលេស្តេ ជាសមាជិកអាស៊ានផងដែរ។ ចំណុចនេះត្រូវបានថ្លែងនៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Lee Hsien Loong ក្នុងបឋកថានៅ S. Rajaratnam កាលពីឆ្នាំ២០១៥ ។
នៅពេលដែលប្រទេសសិង្ហបុរីយល់ស្របថាប្រទេសទីម័រលេស្តេត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសមាហរណកម្មទៅក្នុងប្លុកតំបន់នោះ វាទំនងជាថា ប្រទេសអាស៊ានដទៃទៀតនឹងចូលរួមជាមួយក្រុមដើម្បីស្វាគមន៍សមាជិកថ្មីរបស់ខ្លួន។
ក្រៅពីលក្ខខណ្ឌចំនួនបួនសម្រាប់សមាជិកភាព ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ទីម័រលេស្តេបានបំពេញលក្ខខណ្ឌចំនួនបីរួចហើយ។ ទីមួយគឺ "សមត្ថភាពនិងឆន្ទៈក្នុងការអនុវត្តកាតព្វកិច្ចសមាជិកភាព" ដែលប្រទេសទីម័រកំពុងប្រឹងប្រែងនិងទទួលបានការគាំទ្រ។ ប្រជាជាតិថ្មីនេះបានបង្ហាញពីឆន្ទៈរបស់ខ្លួនអស់រយៈពេលមួយទសវត្សរ៍ ដូច្នេះលទ្ធភាពគឺជាការព្រួយបារម្ភតែមួយគត់ដែលនៅតែចោទជាបញ្ហា។ សង្ឃឹមថាក្នុងរយៈពេល២ឆ្នាំទៀត បំណែកចុងក្រោយនៃអាស៊ានពិតប្រាកដនឹងត្រូវបានបំពេញ៕