​​លេស​​ដ៏​អាក្រក់ ​​៤​នេះ​​​​​ហើយ ​ដែល​ធ្វើ​ឲ្យ​​ក្ដី​សុបិន​របស់​អ្នក​ត្រូវ​រលាយ​​



អ្នក​ណា​ក៏​មាន​សុបិន​របស់​ខ្លួន​ឯង​ដែរ​ តែ​អ្វី​ដែល​សំខាន់​មិនមែន​សុទ្ធ​តែ​គ្រប់​គ្នា​អាច​សម្រេច​សុបិន​នោះ​បាន​ទេ។ ប្រហែល​ជា​វា​អាច​បណ្ដាល​មក​ពី​ការ​បរាជ័យ ឬ​ស្ថានការណ៍​ដែល​មើល​មិន​ឃើញ​តែ​វា​នឹង​មិនមែន​ជា​ចំណុច​ទាំង​៥​ខាង​ក្រោម​នេះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​លេស​នោះ​ទេ។

១) ​អ្នក​គិត​ថា​ខ្លួន​ឯង​ល្អ​មិន​គ្រប់​គ្រាន់៖ ​គ្មាន​នរណា​ម្នាក់​ដែល​កើត​មក​ល្អ​គ្រប់​ដប់​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដែល​ពូកែ​គ្មាន​គូ​ប្រៀប​នោះ​ឡើយ។ គឺ​ម្នាក់ៗ​សុទ្ធ​តែ​មាន​កម្រិត​គ្រប់​គ្នា ហេតុនេះ​បើ​អ្នក​គិត ឬ​អ្នកដទៃ​និយាយ​ថា​អ្នក​គ្មាន​តម្លៃ អ្នក​ត្រូវ​តែ​កាន់​ជំហរ​រឹងមាំ​ មិន​ត្រូវ​ចុះចាញ់​ដោយ​សារ​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​ជា​ដាច់​ខាត។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ចេះ​ឲ្យ​តម្លៃ​ខ្លួន​ឯង ហើយ​ព្យាយាម​បំពេញ​ចំណុច​ខ្វះខាត​របស់​ខ្លួន។ គ្មាន​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ វា​សំខាន់​ថា​តើ​អ្នក​ជឿជាក់​ទៅ​លើ​ខ្លួន​ឯង​ខ្លាំង​កម្រិត​ណា។

២) ​អ្នក​ថា​គិត​ថា​អ្នក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់៖ ​ប្រសិន​បើ​អ្នក​ថា​ ​ខ្លួន​​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​អ្វី​ដែល​ខ្លួន​ឯង​​ស្រលាញ់​នោះ​ទេ មាន​ន័យ​ថា​អ្នក​មិន​ទាន់​ស្រលាញ់​អ្វី​ដែល​អ្នក​ចង់​ធ្វើ​​នោះ​នៅ​ឡើយ។ មនុស្ស​ជោគជ័យ​ចេះ​បង្កើត​ពេល​វេលា​ដោយ​ខ្លួន​ឯង តែ​បើ​អ្នក​ជា​មនុស្ស​ដែល​វក់​ទៅ​នឹង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ ឬ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម អ្នក​គួរ​តែ​យក​នាឡិកា​មក​ផ្ទៀង​ថា​តើ​អ្នក​ធ្វើ​ឲ្យ​ខាត​ពេលវេលា​ប៉ុន្មាន​ទៅ​ហើយ។ ការ​ស្រាវជ្រាវ​ពី បាន​ឲ្យ​ដឹង​ថា​ជា​មធ្យម​មនុស្ស​ម្នាក់​ចំណាយ​ពេល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​១ម៉ោង៦០នាទី​ជា​រៀង​រាល់​ថ្ងៃ។

៣)​​ អ្នក​គិត​ថា​ខ្លួន​ឯង​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់៖ ​ភាព​ក្លាហាន​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​សុបិន​របស់​យើង​ក្លាយ​ជា​ការពិត។ មាន​មនុស្ស​មួយ​ចំនួន​បាន​បោះបង់​ចោល​ពេលវេលា​នៅ​ជាមួយ​គ្រួសារ បោះបង់​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ បោះបង់​លុយកាក់​របស់​ពួកគេ និង​ហ៊ាន​បោះបង់​ស្ទើរ​តែ​គ្រប់យ៉ាង​ដើម្បី​តាម​សុបិន​របស់​​ខ្លួន​។ ពេល​វេលា​តែងតែ​ដើរ​ទៅ​មុខ​ជានិច្ច បើ​អ្នក​មិន​រួច​រាល់​នៅ​​ពេល​នេះ​ តើ​ចាំ​ដល់​ពេលណា​ទើប​អ្នក​គិត​ថា​ខ្លួន​អ្នក​ត្រៀម​ខ្លួន​រួចរាល់។ អ្នក​មិន​គួរ​រង់ចាំ​ឱកាស​នោះ​ទេ​ គឺ​អ្នក​ត្រូវ​តែ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួន​ឯង​ទើប​អ្នក​អាច​ជោគជ័យ​បាន។

៤) ​អ្នក​កុហក​ខ្លួន​ឯង៖ ​ស្មោះត្រង់​ជាមួយ​ខ្លួន​ឯង​ផ្ទាល់​គឺ​ជា​រឿង​ដ៏​លំបាក​ធ្វើ​បំផុត​នៅ​ក្នុង​ជីវិត​។ មនុស្ស​ជាច្រើន​ចូលចិត្ត​អួតអាង​ពី​សមត្ថភាព​ដែល​ខ្លួន​មាន ​​តែ​យ៉ាងណា​ក៏​ដោយ​អ្នក​គួរ​តែ​ដឹង​ថា គ្មាន​នរណា​ម្នាក់​ដែល​ចេះ​គ្រប់​រឿងរ៉ាវ​នោះ​ទេ។ អ្នក​គួរ​តែ​សិក្សា​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ហេតុនេះ​ហើយ​អ្នក​គួរ​តែ​ឈប់​រក​លេស​ដោះ​សារ ហើយ​ព្យាយាម​ធ្វើឲ្យ​សុបិន​របស់​ខ្លួន​ក្លាយ​ជា​ការ​ពិត​ទៅ៕

​​ប្រែ​សម្រួល៖ ​​​តូច ម៉ាយ៉ារស្មីប្រភព៖ www.lifehack.org

X
5s