វិធីសាស្រ្ត ៣ យ៉ាងក្នុងការកសាងទំនុកចិត្តនិងចងចិត្តអតិថិជនរបស់អ្នក
អង្គភាព ឬស្ថាប័នមួយដែលមានទំនាក់ទំនងល្អជាមួយអតិថិជនគឺមានភាគរយទទួលបានជោគជ័យខ្ពស់ គេអាចកាត់បន្ថយការចំណាយលើការផ្សព្វផ្សាយស្ទើរតែមិនបាច់ខំប្រឹងបូរបាច់បញ្ចុះបញ្ចូលឲ្យគេមកគាំទ្រខ្លួនក៏ថាបាន។ អ្នកត្រូវតែធ្វើឲ្យបានល្អបំផុតនូវការងារទាំងឡាយដែលដើម្បីទទួលបានទំនុកចិត្តពីអតិថិជន តែនៅក្នុងរង្វង់ចក្ខុវិស័យរបស់ស្ថាប័ន។ ធ្វើយ៉ាងណាទើបអាចកសាងទំនុកចិត្តជាមួយអតិថិជនបាន? BizKhmer សូមលើកយកចំណុចចំនួន ៣ ដូចខាងក្រោមនេះ៖
១) ផ្តល់សេវាកម្មដ៏ល្អដល់អតិថិជន បើតាមការស្រាវជ្រាវពី Concerto Marketing Group and Research Now បានបង្ហាញថា ៨៣% នៃអតិថិជនទុកចិត្តលើយីហោផលិតផល ដែលក្នុងនោះ ៨២% នឹងនៅតែប្រើប្រាស់ផលិតផលដដែលនោះបន្តទៀត។ ការដែលខំស្វែងរកឬសន្សំទំនុកចិត្តពីអតិថិជនចាប់ផ្តើមពីការផ្តល់សេវាកម្មទៅដល់គាត់បានល្អ។ សាកល្បងគិតថាបើអ្នកជាអតិថិជនតើអ្នកចង់ឲ្យអ្នកលក់ផ្តល់សេវាកម្មយ៉ាងដូចម្តេចដល់អ្នក? ការយកចិត្តទុកដាក់របស់អ្នកលក់ជាធម្មជាតិដែលទាក់ចិត្តអតិថិជនបានងាយ បន្ទាប់ពី ពេលដែលយើងមានអតិថិជននៅក្នុងដៃ ដែលគាត់ទុកចិត្តក្នុងការទិញនិងប្រើប្រាស់សេវាកម្មយើង វាកាត់បន្ថយការចំណាយរបស់ស្ថាប័នយើងបាន។
២) បង្កើតភាពស្របគ្នាក្នុងការចុះសម្រុងជាមួយអតិថិជនជានិរន្ត ការដែលមិនប្រទាំងប្រទិសជាមួយអតិថិជនជាអ្វីដែលស្ថាប័ន ក៏ដូចជាអាជីវកម្មមួយចង់បានបំផុត។ ការដែលអាជីវកម្មមួយអាចបន្តនូវស្ថិរភាពរបស់ខ្លួនបានជាទស្សនវិស័យដែលគ្រប់អាជីវកម្មចង់បាន ហើយដើម្បីបានវាអ្វីដែលអ្នកត្រូវធ្វើគឺ ក) បុគ្គលិក ឬនិយោជិកអ្នកគួរតែផ្តល់សេវាកម្មដល់អតិថិជនដោយស្មើភាពគ្នា ខ) មានអ្វីដែលជាតម្រូវការរបស់អតិថិជន មិនមែនថាគេចង់បានអ្វីក៏បាននោះទេ តែក្រុមលក់របស់ស្ថាប័នអ្នកត្រូវផ្តល់ចម្លើយដូចគ្នាទៅដល់អតិថិជន គ) បើអតិថិជនអាចទទួលយកបាននូវការផ្តល់សេវាកម្មរបស់អ្នក អ្នកគួរបន្តធ្វើវាជាជាងការព្យាយាមស្វែងរកឬផ្លាស់ប្តូរតាក់ទិចថ្មី ឃ) បង្កើតនូវការវាស់វែងដើម្បីកំណត់ថាតើការងារដំណើរការបានល្អ បើវាមិនស្របតាមអ្វីដែលចង់បានអ្នកគួរមានផែនការក្នុងការផ្លាស់ប្តូរទៅរកអ្វីដែលប្រសើរ
៣) តម្លាភាពគឺជាអ្វីដែលត្រូវមាន ពាក្យថាតម្លាភាពគឺជាសមត្ថភាពដែលគួរមានពីធម្មជាតិ ហើយនេះក៏ជាបញ្ហាដែលអាជីវកម្មមួយចំនួនជួបប្រទះ។ អតិថិជនឆ្លាតណាស់ ពួកគេដឹងថាអ្នកកំពុងនិយាយពិតឬកំពុងព្យាយាមកុហក។ ភាពស្មោះត្រង់គឺជាគោលការណ៍ធំបំផុត ពួកគេនឹងរីករាយទទួលយកអ្នកបំផុតពេលអ្នកដឹងពីកំហុស ហើយទទួលកំហុសដែលយើងបានធ្វើ វាប្រសើរជាងការព្យាយាមគេចវេសមិនទទួលខុសត្រូវ។ ត្រូវចាំថាពេលអ្នកអាចអនុវត្តចំនុចទាំងនេះបាន អ្នកអាចចងចិត្តអតិថិជនបានយ៉ាងងាយ៕
ដោយ៖ យ៉ាយ៉ា ប្រភព៖ Forbes