បើមានអ្នករួមការងារស្អប់អ្នក! វាប្រហែលមកពីទម្លាប់អាក្រក់៨យ៉ាងរបស់អ្នកនេះហើយ
តើអ្នកមានសង្កេតឃើញក្រសែភ្នែករបស់អ្នករួម ការងារជាមួយនឹងអ្នកដែរទេ? តើគេសម្លឹងមកអ្នកដោយរបៀបណា? រវាងការស្រលាញ់និងស្អប់ គឺជឿជាក់ថាអ្នក អាចទាយដឹងហើយតាមរយៈខ្សែភ្នែកដែលគេកំពុងមើលមកអ្នករាល់ថ្ងៃ? បើសិនអ្នកកំពុងគិតថា មានមិត្តរួមការងារស្អប់អ្នក ហើយ សូមអ្នក កុំស្អប់គេវិញអី។ នេះប្រហែលជាអ្នកមិនល្អ ឬមួយក៏មានទម្លាប់មិនប្រក្រតីណាមួយដែលគួរតែជម្រុះចោលខ្លះ។ តើក្នុងនោះមាន អ្វីខ្លះ?
១) មានអំនួត៖ នៅពេលអ្នក សម្រេចជោគជ័យណាមួយហើយនោះ តើអ្នកតែងតែមានទម្លាប់ដើរប្រាប់អ្នកដទៃទៀតអំពីជោគជ័យនោះដែរឬអត់? តើអ្នកមានលើកតម្កើងខ្លួនឯងហួសប្រមាណឬអត់? រវាងការចែករំលែកបទពិសោធន៍និងការអួត គឺស្ដាប់ទៅខុសគ្នាស្រលះ។ ហេតុនេះបើសិនជាអាចអ្នកគួរតែកែ ទម្លាប់នៃការអួតនេះចេញទៅ ព្រោះវានឹងទទួលបានតែការពេបជ្រាយវិញតែប៉ុណ្ណោះ។
២) មកធ្វើការយឺត៖ ភាពទៀងទាត់គឺពិតជាមានសារៈសំខាន់ណាស់ជាពិសេសនៅកន្លែងធ្វើការ។ វាស្ដែងឲ្យឃើញថាមនុស្សនោះជាប្រភេទមនុស្សបែបណា? អ្នកធ្វើការដែលប្រកបដោយវិជ្ជាជីវៈម្នាក់គឺតែងមកធ្វើការទាន់ពេលវេលាជានិច្ច។ ខណៈដែលខ្លួនមកយឺត គឺមានអ្នកផ្សេងជាច្រើនដែលគេមកទៀងទាត់។ ដូច្នេះអ្នកត្រូវរអៀសខ្លួន ហើយកែ ទម្លាប់នេះចេញទៅបើមិនចង់ឲ្យគេស្អប់។
៣) ខ្ជិលច្រអូសនិងខ្វះអនាម័យ៖ ភាពខ្ជិលច្រអូសនិងកង្វះអនាម័យអាចបញ្ជាក់ពីអត្តចរិតរបស់អ្នកថាអ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវ គ្មានការគិតពិចារណា និងមានអត្តចរិត ដូចកូនក្មេង។ ទម្លាប់បែបនេះ គឺមិនគួរកើតឡើងឡើយ សម្រាប់អ្នកដែលមានការងារធ្វើខ្ពង់ខ្ពស់នោះ។
៤) តវ៉ាច្រើនហួសហេតុ៖ កុំព្យាយាមរអ៊ូតវ៉ាពីថ្នាក់ដឹកនាំឬក៏អ្នករួមការងាររបស់អ្នកច្រើនពេក ព្រោះថាអ្នកមកធ្វើការមិនមែនមករអ៊ូឡើយ។ អ្នកគួរតែផ្លាស់ប្ដូរពីការតវ៉ាមកជាការពិភាក្សាគ្នាវិញទើបជារឿងល្អ។
៥) ធ្វើរឿងមិនសំខាន់ក្នុងម៉ោងប្រជុំ៖ ការឆ្លើយតបសារទូរស័ព្ទ ប្រើប្រាស់កុំព្យូទ័រមិនប្រយោជន៍ ជជែកគ្នា នៅក្នុងម៉ោងប្រជុំអាចបង្ហាញដល់អ្នកដទៃឲ្យឃើញថា អ្នកមិនចាប់អារម្មណ៍ទៅនឹងការប្រជុំនេះទេជាពិសេសគឺមិនឲ្យតម្លៃដល់ប្រធាន រួមទាំងមិត្តរួម ការងារថែមទៀត។
៦) រំខានអ្នកដទៃ៖ ការរំខានដល់អ្នកដទៃក្នុងម៉ោងធ្វើការគឺបង្ហាញពីការមិនគោរព ដល់ការងារអ្នកដទៃ។ ដូចនេះអ្នកគួរធ្វើកិច្ចការអ្វីដែលមានប្រយោជន៍ជាងនេះទើបល្អ។
៧) បង្កភាពឡូឡា៖ ពេលអ្នកស្ដាប់តន្ត្រីខ្លាំងៗក្នុងម៉ោងធ្វើការអាចបង្កភាពរំខានដល់អ្នកដទៃ។ ដូច្នេះ អ្នកនឹងក្លាយជាមនុស្សដ៏គួរអោយធុញទ្រាន់បំផុតសម្រាប់អ្នកដទៃ។
៨) យកពេលវេលាផ្ទាល់ខ្លួនមកលាយឡំពេលវេលាធ្វើការ៖ ការនិយាយទូរស័ព្ទឬតបសារទៅកាន់មិត្តភ័ក្ដិ ក្នុងម៉ោងធ្វើការគឺជាការប្រឆាំងនឹងច្បាប់ក្រុមហ៊ុន។ ម្យ៉ាងទៀត គឺវាហាក់ដូចជាអ្នកមិនផ្ដល់តម្លៃឲ្យខ្លួនឯង និងអ្នក ជុំវិញខ្លួន។ ពេលខ្លះវាអាចនាំទុក្ខដល់គេឯងទៀត ពេលដែលប្រធានរបស់អ្នកបានដឹងរឿងទាំងនេះ៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា ប្រភព៖ lifehack.org