ជំនាញ​១០ដែល​អ្នក​​គួរ​រៀន​សូត្រ​​​​ដើម្បី​​ធ្វើ​ជា​​មនុស្ស​​មាន​វិជ្ជាជីវៈ​​ប្រកបដោយ​ភាព​ថ្លៃថ្នូរ?​



ដោយសារ​តែ​អ្នក​បាន​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ នេះ​មិនមែន​មានន័យ​ថា អ្នក​ត្រូវ​​ឈប់​រៀន​ត្រឹមហ្នឹង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​នៅ​មាន​ជំនាញ​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​សិក្សា​រៀន សូត្រ​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​អាជីព​ការងារ និង​​សមត្ថភាព​របស់​អ្នក​កាន់តែ​ខ្លាំង​ឡើង។ 

ខាងក្រោម​នេះ​ជា​ជំនាញ​​ដែល​អ្នក​គួរ​សិក្សា​រៀន​សូត្រ​​ពី​វ័យ​ជំទង់​ទៅ​​ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី​ ២០ ទៅ ៣០ ឆ្នាំ ​ដើម្បី​​ធ្វើ​ឲ្យ​អ្នក​ក្លាយ​​ជា​បុគ្គល​ថ្លៃថ្នូរ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​នៅ​ពេល​អនាគត៖ ​​

១.រៀន​ពី​របៀប​បង្កើត​ភាព​ស្មោះត្រង់
នៅ​ពេល​អ្នក​មក​ប្រជុំ ឬ​មក​ធ្វើ​ការ​យឺត អ្នក​អាច​យកលេស​​បន្ទោស​ទៅ​លើ​​បញ្ហា​ធ្វើ​ដំណើរ ដូច​ជា ស្ទះ​ចរាចរណ៍​ជាដើម ខណៈ​ដែល​ការពិត​គឺ​ដោយសារតែ​អ្នក​គេង​ជ្រុល​ទៅ​វិញ។ អ្នក​មិន​ចាំបាច់​ដោះសា​បែប​នេះ​ឡើយ។ អ្នក​គ្រាន់តែ​សុំទោស ហើយ​មិន​ចាំបាច់​លើក​មូលហេតុ​លម្អិត​មក​បញ្ជាក់​ក៏​បាន​ដែរ។ អ្នក​​គ្រាន់តែ​បង្ហាញ​ភាព​ស្មោះត្រង់​ និង​ទទួល​ខុសត្រូវ​លើ​កំហុស​របស់​អ្នក ជាជាង​ព្យាយាម​និយាយ​​កុហក​​ដែល​​​វា​​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​អ្នកដទៃ។ 

២.រៀន​ពី​របៀប​ទទួល​យក​ការ​រិះគន់
ជា​​ទូទៅ​មនុស្ស​មិន​សូវ​ចូលចិត្ត​អ្នកណា​ម្នាក់​ដែល​រិះគន់​ពី​កំហុស​របស់​ខ្លួន​នោះ​ឡើយ ​បើ​ទោះបី​ជា​ការ​រិះគន់​នោះ​វា​​ការពិត​ក៏ដោយ។ យ៉ាងណាក៏ដោយ ដើម្បី​ភាព​ជោគជ័យ​ក្នុង​ជីវិត អ្នក​ក៏​ត្រូវ​ចេះ​រៀន​ទទួល​យក​ការរិះគន់​របស់​អ្នកដទៃ​ផង​ដែរ។ រាប់​សកម្មភាព​របស់​អ្នក​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​ទាំងអស់​នោះ​ទេ។  ហេតុដូច្នេះ នៅ​ពេល​មាន​ការ​រិះគន់​មក​លើ​អ្នក អ្នក​​ត្រូវ​ឆ្លើយតប​ដោយ​ការ​ទទួល​ខុសត្រូវ  ព្រម​ទាំង​មិន​ចាត់​ទុក​អ្នក​ដែល​រិះគន់​អ្នក​ថា ជា​សត្រូវ​របស់​អ្នក​នោះ​ទេ។

៣.រៀន​ពី​របៀប​បង្កើត​​​ការ​សន្ទនា​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ឡើង
ការ​ចាប់​ផ្តើម​សន្ទនា​ជាមួយ​ប្រធានបទ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ណាមួយ​ជាមួយ​​អ្នកណា គឺ​មិនមែន​ងាយស្រួល​នោះ​ទេ។ វា​មាន​ការ​លំបាក​សម្រាប់​អ្នក​ដែល​ខ្មាសអៀន  អ្នក​ដែល​​មាន​ចិត្ត​ចង្អៀតចង្អល់ មនុស្ស​ដែល​ចូលចិត្ត​ភាព​ឯកោ​និយម​។ យ៉ាងណាមិញ នៅ​ក្នុង​បរិបទ​ការងារ​ប្រចាំ​ថ្ងៃ ជំនួញ មិត្តភាព វា​មាន​សារសំខាន់​ណាស់​ ហើយ​​អ្នក​​ត្រូវ​ចេះ​រើស​ប្រធានបទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​តាម​ប្រភេទ​មនុស្ស​ទាំង​នេះ​មក​​មក​ពិភាក្សា​ទៅវិញ​ទៅ​មក។

៤.រៀន​បង្កើត​សំណើ​ដែល​អ្នក​ចង់​បាន
នៅ​ពេល​អ្នក​ដាក់​សំណើ​ទៅ​អ្នកណា​ម្នាក់​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​ចង់​បាន​ដូច​ជា លក់​ផលិតផល​​ទៅ​ឲ្យ​អតិថិជន អ្នក​គួរ​ត្រូវ​មាន​វិធីសាស្រ្ត​​ដ៏​មាន​ប្រសិទ្ធភាព​ផង​ដែរ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អតិថិជន​ទិញ​ផលិតផល​របស់​អ្នក។ ដូច្នេះ ការ​បញ្ចុះ​តម្លៃ ការ​ធានា​​រ៉ាប់រង​លើ​គុណភាព ការ​ផ្តល់​រង្វាន់​ជាដើម ​អាច​ជា​អ្វី​ដែល​អ្នក​ត្រូវ​ពិចារណា​ធ្វើ​ដើម្បី​ឲ្យ​​ការ​លក់​របស់​អ្នក​ជោគជ័យ។ នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ប្រសិន​បើ​​សំណើ​របស់​អ្នក​មិន​បាន​ធ្វើ​ឲ្យ​​ទទួល​មាន​ភាព​កក់ក្ដៅ​ទេ​នោះ អ្នក​ក៏​មិន​អាច​ធ្វើ​ឲ្យ​សំណើ​របស់​អ្នក​ទទួល​បាន​ជោគជ័យ​នោះ​ដែរ។

៥.រៀន​ពី​របៀប​រក្សា​ពាក្យសន្យា​របស់​អ្នក
អ្នក​អាច​សន្យា​ថា នឹង​ចូលរួម​កម្មវិធី​​ខួបកំណើត​​មិត្ត ភក្តិ​របស់​អ្នក។ អ្នក​អាច​សន្យា​ថា នឹង​​ណាត់​ជួប​អ្នកណា​​ម្នាក់​នៅ​ហាង​​កាហ្វេ​​ណាមួយ​ដើម្បី​ជជែក​ពី​ជំនួញ។ ក៏ប៉ុន្តែ​​នៅ​ទីបំផុត អ្នក​​​មិន​បាន​ធ្វើ​តាម​ការ​សន្យា​របស់​អ្នក​ដោយ​លើក​យក​លេស លើក​​ហេតុផល​នេះ​ហេតុផល​នោះ​មិន​ចប់​​មិន​ហើយ។ សូមចាំ​ថា នៅ​ពេល​អ្នក​មិន​គោរព​ពាក្យ​សន្យា​របស់​អ្នក​កាន់តែ​ច្រើន​ឡើង អ្នក​កាន់តែ​បាត់បង់​ទំនុក​ចិត្ត​ពី​អ្នកដទៃ​កាន់តែ​ច្រើន​ឡើង ដែល​ជា​ចំណុច​មួយ​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ក្នុង​ការ​ទំនាក់ទំនង។

៦.រៀន​ពី​ការ​បង្កើត​ទំនាក់ទំនង​ឲ្យ​មាន​​ប្រសិទ្ធភាព
ទោះបី​ជា​អ្នក​​រៀន​ជំនាញ​អ្វី​ក៏ដោយ អ្នក​ត្រូវ​តែ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​របស់​អ្នក​ឲ្យ​​កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង​ដូច​ជា​ការ​និយាយ ការ​សរសេរ និង​ការ​ប្រើប្រាស់​ភាសា​ទំនាក់ទំនង​មិន​ចំពោះ​​ថា​​ក្នុង​បរិបទ​ជំនួញ ការងារ និង​ជីវភាព​ប្រចាំ​ថ្ងៃ​យ៉ាងណា​នោះ​ទេ​។ ចំណុច​នេះ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទំនុក​ចិត្ត​ជាមុន បន្ទាប់​មក​​រៀន​និយាយ​​ទៅ​កាន់​មនុស្ស​ជុំវិញ​អ្នក​ដោយ​ការ​គោរព និង​យកចិត្ត​ទុកដាក់​​អ្វី​ដែល​គេ​និយាយ។ សូម​ចាំ​ថា ការ​ទំនាក់ទំនង​មួយ​​មាន​ប្រសិទ្ធភាព មិន​ចាំបាច់​តែ​និយាយ​នោះ​ទេ សូម្បី​តែ​អ្នក​អង្គុយ​ស្ងៀម​ចាំ​ស្តាប់​មតិ​គំនិត​របស់​អ្នកដទៃ ក៏​បង្ហាញ​ពី​ភាសា​ទំនាក់ទំនង​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ផងដែរ។

៧.រៀន​ដកស្រង់​បទពិសោធន៍​ផ្សេងៗ​នៅ​ក្នុង​ជីវិត
ជា​ការពិត​វ័យ​នៅ​ខ្ទង់​ ២០ គឺ​ជា​វ័យ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​កម្លាំង​ប្រាជ្ញា មាន​មហិច្ឆតា​ធំ ហើយ​​ក៏​ជា​វ័យ​មួយ​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​ជីវិត​ផង​ដែរ។ វ័យ​នេះ​អ្នក​អាច​ឆ្លងកាត់​​ការ​បរាជ័យ​ក្នុង​ស្នេហា ការងារ ការ​សិក្សា មាន​ការ​ទទួល​ខុសត្រូវ​ទាប បង្កើត​កំហុស​ផ្សេងៗ និង​មាន​គោលដៅ​ជីវិត​មិន​ទាន់​ច្បាស់លាស់។ យ៉ាងណាមិញ នេះ​ជា​បទពិសោធន៍​មួយ​ដែល​អ្នក​​​ត្រូវ​រៀន​សូត្រ​ពី​​ដើម្បី​​ឲ្យ​កាន់តែ​រឹងមាំ និង​ត្រៀម​ខ្លួន​​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​អនាគត​ខាងមុខ។ 

៨.រៀន​បង្កើត​សីលធម៌​ក្នុង​ខ្លួន
សីលធម៌​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​មាន​បុគ្គលិកលក្ខណៈ​​ថ្លៃថ្នូរ។ ការ​​គោរព ឲ្យ​តម្លៃ​អ្នកដទៃ ការ​រៀបចំ​ឫក្សពារ​​ ការ​ប្រើ ពាក្យ​សម្ដី​សមសួន ស្គាល់​រាក់​ជ្រៅ ខ្ពស់​ទាប ។ល។ គឺ​​បង្ហាញ​ពី​កម្រិត​អប់រំ​របស់​អ្នក​​ថា អ្នក​ជា​មនុស្ស​ប្រភេទ​ណា។

៩.រៀន​ពី​របៀប​គ្រប់គ្រង​កំហឹង​ក្នុង​ខ្លួន
មនុស្ស​ដែល​យក​កំហឹង​មក​ដោះស្រាយ​បញ្ហា​នានា មិន​បាន​​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​អ្នក​នោះ​ឡើយ ​ជា​ពិសេស​ប្រសិន​បើ​អ្នក​ជា​អ្នកដឹកនាំ​មួយ​រូប។ ការ​​បាត់បង់​ការ​គ្រប់គ្រង​​កំហឹង​​អាច​ធ្វើ​ឲ្យ​អ្នក​ធ្វើ​រឿង​ដែល​មិន​បាន​គិត ឬ​ហ៊ាន​ធ្វើ​រឿង​មិន​នឹក​ស្មាន​ដល់​ដែល​អាច​បំផ្លាញ​កេរ្តិ៍ឈ្មោះ ឬ​ភាព​ជោគជ័យ​​របស់​អ្នក​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​។ មានតែ​ការ​អត់ធ្មត់ ភាព​សុទិដ្ឋិនិយម និង​ការ​ស្វែងរក​​​ដំណោះស្រាយ​ប៉ុណ្ណោះ​ដែល​បង្ហាញ​ថា អ្នក​ជា​មនុស្ស​គួរឲ្យ​គោរព។

១០.រៀន​ពី​​របៀប​​រស់នៅ​តាម​​លទ្ធភាព​របស់​អ្នក
មាន​សម្ភារ​និយម​ប្រើ​​ដូចជា រថយន្ត​ទំនើបៗ រស់​នៅ​ផ្ទះ​វិឡា​ស្កឹមស្កៃ របស់​ប្រេនៗ ជាដើម គឺ​ជា​រឿង​អស្ចារ្យ​លុះ​ត្រា​តែ​អ្នក​មាន​លទ្ធភាព​គ្រប់គ្រាន់​​ទិញ​របស់​ទាំង​នេះ។  យ៉ាងណា​វិញ ប្រសិន​បើ​អ្នក​មិន​មាន​លទ្ធភាព​ទេ​នោះ សូម​កុំ​ធ្វើ​ជា​ទាសករ​របស់​ទាំង​នេះ ពីព្រោះ​​ថា ជីវិត​ដែល​ពោរពេញ​ដោយ​បំណុល​មិន​ល្អ វា​មិន​បាន​ធ្វើ​ឲ្យ​​អ្នក​រីករាយ និង​​មាន​សេចក្តី​សុខ​ផ្លូវចិត្ត​នោះ​ឡើយ។ អ្វី​ដែល អ្នក​គួរ​រៀន​សូត្រ​នោះ គឺ​​ការ​ចេះ​គ្រប់គ្រង​អារម្មណ៍​​លោភលន់​​ចង់​បាន​នេះ​ចង់​បាន​នោះ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន។ រៀន​ពី​ការ​សន្សំ​ប្រាក់ រៀន​ពី​ការ​វិនិយោគ និង​សន្សំ​ចំណេះដឹង​ឲ្យ​បាន​ច្រើន​ក្នុង​អាជីវ​ការងារ​របស់​អ្នក៕

ប្រភព៖ Businessinsider