បើគិតថា«ធ្វើការផងរៀនផងគឺពិបាក»ចូរធ្វើតាមវិធីនេះដើម្បីផ្លាស់ប្ដូរគំនិតវិញ
និស្សិតគ្រប់រូប តែងតែគិតថាចង់មានការងារធ្វើ ប៉ុន្តែពួកគេនៅស្ទាក់ស្ទើរចិត្តហើយតែងតែចោទសួរខ្លួនឯងថា « តើពួកគេអាចធ្វើបានឬក៏អត់ខណៈដែលការសិក្សានៅមិនទាន់បញ្ចប់នៅឡើយ?» ភាគច្រើនពួកគេលើកឡើងថា ប្រហែលជាធ្វើមិនបានឡើយ។ តែការគិតបែបនេះគឺខុសស្រឡះ បើអ្នកអាចធ្វើតាមវិធីខាងក្រោមនេះ ជឿជាក់ថាអ្នកអាចធ្វើការផងរៀនផង បានដោយគ្មានបញ្ហា៖
១) ត្រូវដឹងថា អ្នកគួរចាប់ផ្ដើមអ្វីមុនគេហើយចេះរៀបចំពេលវេលា៖ ជំហានដំបូង គឺការដឹងថាតើអ្នកគួរចាប់ផ្ដើមអ្វីមុនគេនោះ? តើការងារណាដែលចាំបាច់ធ្វើឲ្យរួចរាល់មុនគេ? បន្ទាប់មករៀបចំពេលវេលាដែលអ្នកនៅសល់ដើម្បីធ្វើអ្វីផ្សេងបន្តទៀត។ តើពេលពីចន្លោះណាដល់ចន្លោះណាដែលអ្នកធ្វើការ? ហើយពេលពីចន្លោះណាដល់ចន្លោះណាសម្រាប់ចំណាយលើការសិក្សា ?
២) មានផែនការច្បាស់លាស់ខ្លាំង៖ ការចេះរៀបចំពេលវេលា ជាមួយនឹងគម្រោងប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ ថាអ្នកគូរតែធ្វើអ្វីគឺពិតជាសំខាន់ខ្លាំងណាស់។ វាជាពន្លឺសម្រាប់បង្ហាញអ្នកឲ្យដឹងថា តើអ្នកគួរធ្វើអ្វីមុននឹងថ្ងៃស្អែកមកដល់។
៣) បើអាចគួរសិក្សា ពេលចុងសប្ដាហ៍៖ សាកលវិទ្យាល័យមួយចំនួន គឺប្រាកដជាមានថ្នាក់សម្រាប់ចុងសប្ដាហ៍ (ថ្ងៃសៅរ៍និងអាទិត្យ)។ នេះដោយសារតែដឹងថា សិស្សមួយចំនួន ច្បាស់ជាមានការងារធ្វើ ដែលជាហេតុនាំឲ្យពួកគេគ្មានពេលគ្រប់គ្រាន់សិក្សាប្រចាំថ្ងៃបាន។ ការធ្វើបែបនេះ ក៏អ្នកនៅតែអាចបន្តការសិក្សា ហើយអាចមានពេលច្រើន ផ្ដោតលើការសិក្សាដែរ ទោះបីអ្នកមានការងារក្ដី៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា