អនុវត្ត​បាន​ ៣ វិធី​នេះ​ដឹង​តែ​​​ជាប់​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​ការងារ​​ជា​មិន​ខាន!​



ជា​គោលការណ៍ ដំណាក់កាល​សាកល្បង​ការងារ (Probationary Period) ​របស់​ក្រុមហ៊ុន​ទូទៅ​សម្រាប់​បុគ្គលិក​ដែល​ចូល​ថ្មី គឺ​មាន​រយៈពេល ៩០​ថ្ងៃ ឬ ៣​ខែ។ គោលបំណង​នៃ​ការ​បង្កើត​គោលការណ៍​នេះ​ឡើង​គឺ​ដើម្បី​​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​វាយតម្លៃ​ទៅ​លើ​សមត្ថភាព​ និង​លទ្ធផល​ការងារ​របស់​បុគ្គលិក​ចូល​ថ្មី​នោះ​ជា​មុន​​ថា តើ​​ខ្លួន​គួរ​អនុញ្ញាត​ឲ្យ​​បុគ្គលិក​នោះ​បន្ត​ធ្វើ​ការ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឬ​យ៉ាងណា? 

នៅ​ក្នុង​ដំណាក់​កាល​នេះ​​ ពេល​ខ្លះ​​អ្នក​មិន​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ដាក់​ការ​សង្ស័យ​ថា ខ្លួន​អាច​មិន​ជាប់​នៅ​ក្នុង​ដំណាក់​កាល​សាកល្បង​ការងារ​នេះ។ ក៏ប៉ុន្តែ​អ្នក​គួរ​មាន​​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​គួរ​អនុវត្ត​គន្លឹះ៣​សំខាន់ៗ​ខាងក្រោម​នេះ​ជា​មុន​សិន ​​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​នេះ។​

១.ស្វែងយល់​ឲ្យ​បាន​ច្បាស់​ថា ​ក្រុមហ៊ុន​​រំពឹង​ចង់​បាន​អ្វី​ពី​អ្នក
ជំហាន​ទីមួយ​នេះ​គឺ​ចាប់ផ្តើម​ភ្លាម​នៅពេល​​ដែល​អ្នក​​សម្រេចចិត្ត​ទទួល​យក​​ការងារ​នៅ កន្លែង​ថ្មី​របស់​អ្នក។ នៅ​ដំណាក់កាល​នេះ អ្នក​ត្រូវ​ប្រាកដ​ថា​  អ្នក​និង​​​អ្នក​គ្រប់គ្រង​របស់​អ្នក​​​បាន​យល់​ច្បាស់លាស់​​ពី​អ្វី​ដែល​​ក្រុមហ៊ុន​របស់​អ្នក​​ចង់​បាន​ពី​អ្នក​នៅ​​ក្នុង​រយៈពេល ៣​ខែ​ដំបូង​នេះ។ ហេតុដូច្នេះ​ហើយ​ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ គួរតែ​ដឹង​ច្បាស់​ពី​គោលបំណង  គោលដៅ​ និង​ការ​រំពឹង​ទុក​ក្រុមហ៊ុន​របស់​អ្នក​ថា ជា​អ្វី ហើយ​បន្ទាប់​មក​ត្រៀម​ខ្លួន​បំពេញ​ការងារ​ឲ្យ​​ពី​សមត្ថភាព​ស្រប​តាម​អ្វី​ដែល​រំពឹង​ទុក​នោះ។  ជា​ទូទៅ ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​នីមួយៗ​នៅ​ក្នុង​រយៈពេល​ ៣ ខែ​នេះ​ គឺ​មាន​ច្រើន​ចាប់​ពី ២ ឡើង​ទៅ​ដូច​ជា ​សមត្ថភាព  វប្បធម៌​ធ្វើ​ការ​ល្អ ភាព​ច្នៃប្រឌិត និង​​បុគ្គលិកលក្ខណៈ​របស់​អ្នក​ជាដើម។

២.​ធ្វើ​ឲ្យ​បាន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក
វិធី​​មួយ​ទៀត​ដើម្បី​អាច​​ឲ្យ​អ្នក​អាច​​ជោគជ័យ​ក្នុង​ដំណាក់​កាល​សាកល្បង​ការងារ​នេះ គឺ​ការ​ធ្វើ​ការងារ​ឲ្យ​បាន​ច្រើន​លើស​ពី​អ្វី​ដែល​ចៅហ្វាយ​របស់​អ្នក​ដាក់​ឲ្យ​ធ្វើ ឬ​ឲ្យ​លើស​ពី​ការ​រំពឹង​ទុក។ បើ​ទោះបី​ជា​អ្នក​​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​នៅ​កន្លែង​មុនៗ​ក៏ដោយ វា​មិន​ប្រាកដ​នោះ​ឡើយ​ដែល​ថា អ្នក​អាច​សម្រប​ខ្លួន​ទៅ​នឹង​វប្បធម៌​ធ្វើ​ការ​នៅ​កន្លែង​ថ្មី​ និង​អាច​​សម្រេច​ដូច​ការ​រំពឹង​ទុក​​របស់​​មនុស្ស​នៅ​ជុំវិញ​អ្នក​ឡើយ។ នេះ​មានន័យ​ថា ​គោលដៅ​បន្ទាប់​​របស់​អ្នក​ គឺ​ត្រូវ​ខិតខំ​បំពេញ​ការងារ​ឲ្យ​បាន​ច្រើន​លើស​ការ​រំពឹង​ទុក។

មុន​ដំបូង​ បង្កើត​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​ឲ្យ​បាន  មនុស្ស​ដែល​អ្នក​ត្រូវ​ជួប និង​ធនធាន​​ដែល​​អ្នក​ត្រូវការ​ដើម្បី​គាំទ្រ​​ឲ្យ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ​ឡើង។ បន្ទាប់​មក​​បង្ហាញ​លទ្ធផល​បណ្តើរៗ​​ឲ្យ​ចៅហ្វាយ​របស់​អ្នក​​បាន​ឃើញ​ថា ការងារ​របស់​អ្នក​មាន​​ផលិតភាព។ រីឯ​នៅ​ចំណុច​ចុងក្រោយ អ្នក​ត្រូវ​កំណត់​ឲ្យ​ឃើញ​ពី​បញ្ហា​ដែល​ជា​មូលហេតុ​ក្រុមហ៊ុន​ជួល​អ្នក​មក​ឲ្យ​ដោះស្រាយ។ សូម​ចាំ​ថា ​អ្នក​មិន​ចាំបាច់​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ​ឲ្យ​បាន​នៅ​​ត្រឹម​រយៈពេល ត្រឹម ៩០​ថ្ងៃ​នោះ​ទេ។ អ្នក​គ្រាន់តែ​បង្ហាញ​ចៅហ្វាយ​របស់​អ្នក​ថា អ្នក​ពិត​ជា​មាន​ការ​ប្ដេជ្ញាចិត្ត​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ ហើយ​សម្រេច​បាន​លទ្ធផល​បន្តបន្ទាប់​​ពិតប្រាកដ​មែន។

៣.​ធ្វើ​បទ​បង្ហាញ​​ដ៏​ល្អ​មួយ​ទៅ​កាន់​ក្រុម​ការងារ
នៅ​ក្នុង​រយៈពេល ៣ ខែ​នៃ​​ការ​សាកល្បង​ការងារ​នេះ អ្នក​គួរ​រៀបចំ​ការ​ប្រជុំ​មួយ​​ ហើយ​អ្នក​ត្រូវ​ធ្វើ​បទ​បង្ហាញ​ប្រកបដោយ​វិជ្ជាជីវៈ និង​​មាន​តម្លៃ​សម្រាប់​អ្នក​ចូលរួម​ដែល​ពាក់ព័ន្ធ​ទៅ នឹង​លទ្ធផល​ការងារ​របស់​អ្នក។ នៅ​​ពេល​ធ្វើ​បទ​បង្ហាញ បើ​ទោះបី​ជា​កិច្ចប្រជុំ​នោះ​មិន​ផ្លូវការ​ក្តី ឬ​ផ្លូវការ​ក្តី អ្នក​ត្រូវ​ពិនិត្យ​ឡើង​វិញ​ពី​គោលបំណង​របស់​អ្នក និង​​វាយតម្លៃ​លទ្ធផល​របស់​អ្នក។ ជា​ទូទៅ ចៅហ្វាយ​របស់​អ្នក​ចង់​ដឹង​ថា ​ តើ​អ្នក​បាន​​រួមចំណែក​ផ្តល់​ផល​ជា​វិជ្ជមាន​​​ក្នុង​កម្រិត​ណា​ដល់​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន? វា​ជា​រឿង​ល្អ​ណាស់ ប្រសិន​បើ​អ្នក​លើកឡើង​ពី​សមិទ្ធផល​របស់​អ្នក​​ជា​ទិន្នន័យ ជាជាង​​បាន​ត្រឹមតែ​​មតិ ឬ​ទស្សនៈ​យល់​ឃើញ​។ 

បន្ទាប់​ពី​​បាន​ពិនិត្យ​មើល​​​ការ​អនុវត្ត​ការងារ​របស់​អ្នក​សម្រាប់​រយៈពេល ៣​ខែ​បាន​ចប់​សព្វគ្រប់​អស់​ហើយ អ្នក​​គួរ​​ឆ្លៀត​​ឱកាស​ បង្កើត​និង​បង្កើន​ទំនាក់ទំនង​​តាម​រយៈ​ការ​ផ្ញើ​អ៊ីមែល ឬ ​​ស្នើសុំ​​​​ក្រុម​ការងារ​ដែល​ពាក់ព័ន្ធ​សំខាន់ៗ​ដើម្បី​សង្ខេប វាយតម្លៃ​ការងារ​រយៈពេល ៩០​ ថ្ងៃ​ដំបូង​របស់​អ្នក​។ ទន្ទឹម​នឹង​នេះ អ្នក​គួរ​សរសេរ​ថ្លែង​អំណរគុណ ​ដល់​​អ្នក​ទាំង​នោះ​ដែល​បាន​ចូលរួម​ការ​វាយតម្លៃ​នេះ ព្រម​ទាំង​បង្ហាញ​​ពួកគេ​ពី​ផែនការ​អនាគត​របស់​អ្នក​​។ ចំណាប់​អារម្មណ៍​របស់​អ្នក​ពិត​ជា​សំខាន់​ណាស់ ហើយ​​បើ​អ្នក​បាន​បំពេញ​ចំណុច​ទាំងអស់​នេះ ចៅហ្វាយ​របស់​អ្នក​​នឹង​ពិបាក​ក្នុង​ការ​បញ្ឈប់​អ្នក​ណាស់៕

ប្រភព៖ theladders 

X
5s