សង្ឃឹមជាប់តិចណាស់ ប្រសិនបើអ្នកច្រឡំនិយាយពាក្យ ៩ ឃ្លានេះនៅពេលសម្ភាសន៍ការងារ!
ការសម្ភាសន៍ការងារប្រៀបដូចជា ការត្រៀមខ្លួនមួយដើម្បីប្រឡងបញ្ចប់ការសិក្សារបស់អ្នកដែរ។ ក៏ប៉ុន្តែខុសពីការប្រឡងដែលផ្តោតសំខាន់លើចំណេះដឹងខ្លាំងជាង ការសម្ភាសន៍ការងារទាមទារឲ្យអ្នកត្រូវរៀបចំឲ្យបានត្រឹមត្រូវតាំងពីការស្លៀកពាក់ ឫកពារ អាកប្បកិរិយា ការប្រើប្រាស់ពាក្យពេចន៍ និងសមត្ថភាពលើការងារដែលអ្នកកំពុងដាក់ពាក្យជាដើម។
៩ ចំណុចខាងក្រោមនេះ ជាបញ្ហាសំខាន់មួយដែលអ្នកសម្ភាសន៍ត្រូវយកចិត្តទុកដាក់នៅក្នុងចំណោមចំណុចសំខាន់ៗជាច្រើនទៀតពីព្រោះថា វាសនាបានការងារធ្វើរបស់អ្នកនឹងធ្លាក់បើអ្នកពិតជាមានចេតនាយកពាក្យពេចន៍ទាំងនេះមកប្រើនៅពេលសម្ភាសន៍ការងារ៖
១.តើក្រុមហ៊ុនអ្នករកស៊ីអ្វី?
ការសួរសំនួរនេះទៅកាន់អ្នកសម្ភាសន៍វាបានឆ្លុះបញ្ចាំងថា អ្នកកំពុងធ្វេសប្រហែស និងមិនចាប់អារម្មណ៍ក្រុមហ៊ុនដែលអ្នកកំពុងដាក់ពាក្យសុំធ្វើការងារធ្វើទាល់តែសោះ។ ដូចនេះហើយវាជារឿងល្អបំផុតដែលអ្នកត្រូវស្រាវជ្រាវ មើលប្រវត្តិក្រុមហ៊ុនជាមុន នៅមុនសម្ភាសន៍ ហើយក៏មិនចាំបាច់ត្រូវសួរសំនួរនេះឡើយទោះបីជាដឹង ឬមិនបានដឹងក៏ដោយ។
២.តើអ្នករៀបការហើយឬនៅ? តើអ្នកកំពុងមានផ្ទៃពោះមែនទេ?
អ្នកមិនត្រូវសួរសំនួរទាក់ទងទៅនឹងជីវិតផ្ទាល់ខ្លួនដល់អ្នកសម្ភាសន៍ ឬសំនួរផ្សេងៗទៀតដែលអាចធ្វើឲ្យអ្នកសម្ភាសន៍អាក់អន់ចិត្តឡើយ។ សំនួរនេះបានបង្ហាញថា អ្នកជាមនុស្សចង់ដឹងពីជីវិតឯកជនរបស់អ្នកដទៃជាជាងឲ្យតម្លៃលើសារសំខាន់ការងារ។
៣.ខ្ញុំចង់បានការងាររបស់អ្នក
តើអ្នកចង់ជួលមនុស្សដែលគិតតែពីចង់បានការងារធ្វើមកធ្វើការឲ្យអ្នកដែរឬទេ? ចម្លើយប្រហែលជាមិនចង់បានបុគ្គលិកបែបនេះឡើយ។ អ្វីដែលសំខាន់ អ្នកមិនត្រូវផ្តោតខ្លាំងពេកដល់ការងារនោះទេ ហើយងាកមកផ្តោតលើអ្វីដែលអ្នកកំពុងសម្ភាសន៍វិញល្អប្រសើរជាង។
៤.និយាយអ្វីដែលបង្ហាញថា ក្រុមហ៊ុនដែលអ្នកកំពុងសម្ភាសន៍ មិនស្ថិតនៅក្នុងជម្រើសសំខាន់ជាងគេរបស់អ្នក
បើទោះបីជាអ្នកមិនអាចដឹងមុនថា អ្នកនឹងធ្វើការនៅក្នុងក្រុមហ៊ុននេះបានយូរប៉ុណ្ណា វាមិនចាំបាច់ទេដែលអ្នកបង្ហាញឲ្យអ្នកសម្ភាសន៍បានដឹងថា អ្នកមិនសូវឲ្យតម្លៃក្រុមហ៊ុនរបស់ពួកគេនោះ។ ជាទូទៅ អ្នកសម្ភាសន៍នឹងមិនជ្រើសរើសបុគ្គលិកណាដែលចង់ជិះក្របីចម្លងភក់នោះឡើយ។ សុំកុំធ្វើឲ្យអ្នកសម្ភាសន៍មានអារម្មណ៍ថា អ្នកមិនឲ្យតម្លៃក្រុមហ៊ុនរបស់ពួកគេ។
៥.និយាយអ្វីដែលបង្ហាញការគំរាម ឬដាក់សម្ពាធលើអ្នកសម្ភាសន៍
នៅពេលអ្នកដាក់ពាក្យធ្វើការ វាបានបង្ហាញរួចទៅ ហើយថា អ្នកកំពុងត្រូវការប្រាក់ ចំណេះដឹង និងបទពិសោធន៍សម្រាប់អាជីពការងាររបស់អ្នក។ ហេតុដូច្នេះ ការប្រើប្រាស់ភាសាឆ្គាំឆ្គងដែលបង្ហាញកាយវិការដាក់សម្ពាធ យកប្រៀប ឬក៏បែបអំនួតដល់អ្នកសម្ភាសន៍ វាមិនមែនជារឿងចាំបាច់ដែលអ្នកត្រូវធ្វើឡើយ។ ទោះជាបានដឹងថា អ្នកអាចជាប់ ឬធ្លាក់ក៏ដោយ អ្នកត្រូវបង្ហាញឥរិយាបថថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។
៦.និយាយកុហក
សូមកុំ និយាយកុហក! បើអ្នកសម្ភាសន៍ដឹងថា អ្នកនិយាយកុហក អ្នកនឹងធ្លាក់ដោយស្វ័យប្រវត្តិ។ បើសិនជាអ្នកជាប់ដោយសារនិយាយកុហក ចាត់ទុកថា អ្នកមានសំណាងទៅចុះ។ ក៏ប៉ុន្តែមុននឹងក្រោយ ការកុហករបស់អ្នកនឹងត្រូវបានលាតត្រដាង។ នេះបានបង្ហាញថា នៅពេលសម្ភាសន៍ការងារ ភាពស្មោះត្រង់គឺជាគោលការណ៍ដ៏ល្អ និងត្រឹមត្រូវបំផុត។
៧.កុំធ្វើឲ្យអ្នកសម្ភាសន៍មានអារម្មណ៍ថា ពួកគេមានកំហុស
ជាទូទៅអ្នកសម្ភាសន៍មិនមែនដើរតួជាអ្នកដែលត្រូវផ្តល់ការងារឲ្យអ្នកធ្វើនោះទេ។ ពួកគេមិនចាប់អារម្មណ៍ថា អ្នកឆ្លងកាត់ការលំបាកប៉ុណ្ណាទើបឆ្លងកាត់ដល់វគ្គសម្ភាសន៍ចុងក្រោយនោះទេ ឬក៏ថា អ្នកសម្រេចចិត្តបោះបង់ការងារចាស់ចោលដោយសារមូលហេតុអ្វីនោះដែរ។ សូមកុំធ្វើឲ្យពួកគេមានអារម្មណ៍ថា មានកំហុសដែលមិនជ្រើសរើសអ្នក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង្ហាញសមត្ថភាពរបស់អ្នកឲ្យពួកគេបានដឹងទៅបានហើយ។
៨.ចង់ចែចង់អ្នកសម្ភាសន៍
ហាមដាច់ខាតប្រើប្រាស់ពាក្យពេចន៍បែបផ្អែមល្ហែមលែបខាយក្នុងន័យស្នេហាទៅកាន់អ្នកសម្ភាសន៍។ អ្នកទៅសម្ភាសន៍ការងារ មិនមែនទៅសុំស្រលាញ់អ្នកសម្ភាសន៍ទេ។ ដូច្នេះ ការធ្វើបែបនេះគឺជារឿងមិនស័ក្តិសម និងមិនមានវិជ្ជាជីវៈ។
៩.ខ្ញុំដឹងថា ខ្ញុំមិនមែនជាបេក្ខជនល្អបំផុតទេ ប៉ុន្តែ...
បើអ្នកនិយាយពាក្យនេះចេញមក អ្នកសម្ភាសន៍នឹងមិនស្ទាក់ស្ទើរក្នុងការនិយាយថា អ្នកមិនស័ក្តិសមមុខតំណែងនេះឡើយ។ វាមិនចាំបាច់ទេដែលត្រូវនិយាយពាក្យនេះចេញមក បើទោះបីជាអ្នកគិតថា អ្នកផ្សេងគេពូកែ ឬខ្លាំងជាងអ្នកក៏ដោយ។ អ្នកមានសមត្ថភាពឬអត់ គឺត្រូវឆ្លងកាត់ការសម្ភាសន៍សិនទើបដឹងលទ្ធផល៕
ប្រភព៖ Businessinsider