អ្នក​ជំនាញ​​បង្ហាញ​​គន្លឹះជំនាញចំនួន ៦​ ​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​​លេចធ្លោ​ជាងគេ​នៅ​កន្លែង​ការងារ​



ភាព​ជា​បុគ្គលិក​ល្អ និង​លេចធ្លោ​ជាងគេ មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ទេ។ វា​ទាមទារ​​ឲ្យ​មាន​ធាតុផ្សំ​ជាច្រើន​ដូច​ជា សមត្ថភាព ចំណេះដឹង ចំណេះ​ធ្វើ ​គំនិត​ច្នៃប្រឌិត និង​សីលធម៌​ជាដើម។ នៅ​ខាងក្រោម​នេះ អ្នក​នឹង​បាន​សិក្សា​លម្អិត​បន្ថែម​ទៀត​ពី​ប្រធានបទ​នេះ។ ប្រសិន​បើ​អ្នក​ជា​បុគ្គលិក សូម​អនុវត្ត​តាម​ចំណុច​នីមួយៗ ហើយ​តាមដាន​ខ្លួនឯង​មួយ​រយៈ​ អ្នក​នឹង​សង្កេត​ថា លទ្ធផល​របស់​អ្នក​ទទួល​បាន​ល្អ​ប្រសើរ​ជាង​មុន។ ​​

១.មាន​​គំនិត​​លេចធ្លោ​​ មិនមែន​ផ្តោត​តែ​ទៅ​លើ​ទង្វើ​ល្អ​របស់​អ្នក​ទេ
ការ​ផ្ដោត​តែ​លើ​​ទង្វើ​ល្អ​របស់​អ្នក​​មួយ​តែ​មួយមុខ​នៅ​កន្លែង​ការងារ មិន​អាច​ជួយ​ឲ្យ​អ្នក​ឡើង​តំណែង​បាន​ទេ។ ​ភាព​សកម្ម​ក្នុង​ការ​​ផ្ដួចផ្ដើម​គំនិត សំបូរ​គំនិត​ល្អៗ​ ភាព​ច្នៃប្រឌិត ​ការ​ចូលរួម​ផ្តល់​មតិ​យោបល់ និង​គុណភាព​ការងារ​​របស់​​អ្នក​​ទាក់ទង​ទៅ​នឹង​មុខ​ជំនួញ​ប្រចាំ​ថ្ងៃ​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ឱកាស​​អភិវឌ្ឍ​អាជីព​ការងារ​របស់​អ្នក​បាន។

២.ភាព​ជា​អ្នក​ចង់​ចេះ​ចង់​ដឹង
ការ​ចង់​ចេះ​ចង់​ដឹង​ចង់​ឃើញ មិនមែន​ជា​សំនួរ​បែប​ច្រំដែល​គ្មានប្រយោជន៍​របស់​អ្នក​​នោះ​ទេ។ ការ​ចង់​​ចេះ​ចង់​ដឹង​ គឺ​ជា​ទម្លាប់​​មួយ​ដែល​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ និង​ការ​លើក​ទឹកចិត្ត​​​។ វា​ក៏​ជា​​សកម្មភាព​ដែល​បង្ហាញ​ថា ​អ្នក​ជា​មនុស្ស​ឈានមុខ​គេ​ក្នុង​ការ​​បង្កើត​ឲ្យ​ម​​មាន​ភាព​ច្នៃប្រឌិត ជាពិសេស​នៅ​កន្លែងធ្វើការ។​  លោក​បាន​ណែនាំ​​ឲ្យ​អ្នក​បង្កើត​ទម្លាប់​មួយ​ក្នុង​ការ​សួរ​សំណួរ​​ភ្លាមៗ ឬ បន្ទាប់​ពី​មាន​ការ​វិភាគ​ថ្លឹងថ្លែង​បន្តិច​រួចមក។  ការ​ចង់​ចេះ​ចង់​ដឹង​ និង​ទម្លាប់​នៃ​ការ​សួរ​សំនួរ​ អាច​ជួយ​ឲ្យ​អ្នក​បញ្ជ្រាប​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​ទៅ នឹង​គម្រោង​ការងារ​ដែល​មិន​ទាក់ទង​នឹង​​អ្នក និង​អាច​ស្នើ​គំនិត​យោបល់​បន្ថែម​​ពី​ក្រុម​ការងារ។

៣.ជា​អ្នក​ផ្តល់​ថាមភាព និង​ជា​អ្នក​ផ្តល់​​ដំណោះស្រាយ 
អ្នក​ដែល​​ជោគជ័យ​លេចធ្លោ​ជាងគេ កម្រ​នឹង​ត្អូញត្អែរ​ទៅ​នឹង​​បញ្ហា​ជាច្រើន​ដែល​កើត​មាន​នៅ​ថ្ងៃ​ធ្វើការ​ដើម​សប្តាហ៍​នោះ​ឡើយ។ ​ពួកគេ​ កម្រ​នឹង​និយាយ​បដិសេធន៍​ ឬ​និយាយ​​ឲ្យ​តែ​រួច​ពី​ខ្លួន​នៅ​ពេល​មាន​​សំណើ​អ្វី​មួយ​កើត​មាន​ឡើង។ ប៉ុន្តែ​បុគ្គលិក​លក្ខណៈ​សំខាន់​របស់​មនុស្ស​​ប្រភេទ​នេះ​ គឺ​ជា​អ្នក​​ដែល​អាច​ផ្តល់​ថាមភាព និង​ជា​អ្នក​ផ្តល់​​ដំណោះស្រាយ​​សម្រាប់​គម្រោង​ការងារ​របស់​ក្រុមហ៊ុន។ ទន្ទឹម​នឹង​នេះ អ្នក​ទាំង​នេះ គឺ​ជា​មនុស្ស​ដែល​​មាន​ផ្នត់គំនិត​វិជ្ជមាន ​ពូកែ​ប្រមូល​ផ្តុំ​​គំនិត​​ពី​មនុស្ស​ជុំវិញ​​ខ្លួន ​ឬ​ជា​អ្នក​ដែល​បង្កើត​គម្រោង​ផ្សេងៗ ហើយ​​អាច​សហការ​ជាមួយ​​ក្រុម​ការងារ​ដើម្បី​​អនុវត្ត និង​​​លើកឡើង​ពី​​ដំណោះស្រាយ។

៤.ហ៊ាន​និយាយ​បដិសេធន៍​ដោយ​មិន​រុញរា
អ្នក​ដែល​ជោគជ័យ​លេចធ្លោ​ជាងគេ មាន​ព្រំដែន​កំណត់​របស់​ខ្លួន។ ពួកគេ​មិនមែន​ចេះ​តែ​យល់​ស្រប​រាល់ពេល​ដែល​មាន​សំណើ ឬ​ការ​ផ្តល់​គំនិត​ណា​មួយ​ពី​ក្រុម​ការងារ​នោះ​ឡើយ​ដែល​ផ្ទុយ​ពី​បុគ្គលិក​ធម្មតា​ដែល​ចូលចិត្ត​បង្កើត​ទម្លាប់​មួយ​គឺ​ចេះ​តែ​យល់ស្រប​គ្រប់ពេល។ ខុស​ពី​បុគ្គលិក​ទូទៅ​ដែល​ចូលចិត្ត ដោះសា គេចវេស ត្អូញត្អែរ បុគ្គល​ដែល​មាន​សមត្ថភាព​លេចធ្លោ មិន​ចាត់ទុក​ថា ខ្លួនឯង​ជា​ជនរងគ្រោះ​​​​ក្នុង​បញ្ហា​ការងារ​ឡើយ។ ពួកគេ​ជា​អ្នក​ជំរុញ​ឲ្យ​មាន​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​មួយ​របស់​​អ្នក​គ្រប់គ្រង​លើ​គម្រោង​ការងារ និង​បង្ហាញ​ការ​បដិសេធន៍​ដោយ​ស្មោះត្រង់ ព្រម​ទាំង​​ឆ្លើយតប​ដោយ​ផ្តល់​មូលហេតុ ឬ​មតិ​កែលំអ​​​ដោយ​សមហេតុ​ផល។

៥.អនុវត្ត​តាម​គម្រោង​ការងារ និង​សម្រេច​លទ្ធផល​បាន​ជាទី​គាប់ចិត្ត
បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន​សុទ្ធតែ​រួមចំណែក​ដល់​ភាព​ជោគជ័យ​នៃ​គម្រោង​ការងារ។ ប៉ុន្តែ​ខុស​ពី​បុគ្គលិក​ទូទៅ បុគ្គលិក​ដែល​លេចធ្លោ អនុវត្ត​ការងារ​ជាមួយ​នឹង​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់ និង​មាន​គោលដៅ​ច្បាស់លាស់។ នេះ​បាន​ជំរុញ​ឲ្យ​ខ្លួន​​​សម្រេច​​បាន​លទ្ធផល​ដូច​ការ​គ្រោង​ទុក ​និង​​នាំមុខ​អ្នកដទៃ​ជានិច្ច។

៦.គិត​​ឲ្យ​បាន​ ២​ជំហាន​មុន​លើ​អាជីព​ការងារ​របស់​ខ្លួន
ស្រប​ពេល​ដែល​មនុស្ស​ភាគច្រើន​ផ្តោត​សំខាន់​លើ​​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បុគ្គលិក​ដែល​លេចធ្លោ ​បាន​បង្កើត​ទស្សនវិស័យ​ផ្ទាល់​ខ្លួន​មួយ​​សម្រាប់​អនាគត​អាជីព​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ពី​ជំហាន​មុន។ បុគ្គលិក​ប្រភេទ​នេះ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ថា តើ​ខ្លួន​នឹង​ត្រូវ​​កាន់​តួនាទី​បែប​ណា​ពី​តំណែង​បច្ចុប្បន្ន? ​ក្លាយ​ជា​អ្វី​នៅ​ពេល​អនាគត​​? សម្រាប់​អ្នក​វិញ ក្នុង​ករណី​នេះ​អ្នក​អាច​សម្រេច​ជោគជ័យ​បាន​លុះត្រា​តែ​អ្នក​មាន​ភាព​សកម្ម​ទៅ​នឹង​គម្រោង​ការងារ​ណា​ដែល​អ្នក​យល់​ថា ​មាន​សារ​សំខាន់​សម្រាប់​ឱកាស​អភិវឌ្ឍ​អាជីព​ការងារ​នៅ​ពេល​អនាគត​នោះ៕

ប្រភព៖ Businessinsider 

X
5s