បើ​មាន​សញ្ញាណទាំង ៨នេះ​បញ្ជាក់​ថា អ្នក​​រៀន​​ខុស​ជំនាញ​​​ហើយ!​



តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​បង្កើត​កំហុស​ជ្រើសរើស​ជំនាញ​មក​រៀន​ខុស​ដែរ​ឬទេ? បើ​អ្នក​​ឆ្លើយ​ថា “មិន​សោកស្តាយ”  ហើយ​កំពុង​សប្បាយចិត្ត​ទៅ​នឹង​លទ្ធផល​ដែល​​អ្នក​បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ​​ក្នុង​ការ​ជ្រើសរើស​ជំនាញ​របស់​អ្នក សូម​ចូលរួម​អបអរ​ផង។ ក៏ប៉ុន្តែ​បើ​ចម្លើយ​ថា ស្រប​ទៅ​នឹង​សំនួរ​នេះ​វិញ មានន័យ​ថា អ្នក​បាន​កសាង​កំហុស​ធំៗ​មួយ​នៅក្នុង​ជីវិត​មហាវិទ្យាល័យ។ 

ចុះ​សម្រាប់​អ្នក​​កំពុង​ប្រឡូក​ក្នុង​មហាវិទ្យាល័យ​វិញ ​ធ្វើ​ម៉េច​ទើប​ដឹង​ថា ជំនាញ​ដែល​ខ្លួន​កំពុង​រៀន​ខុស​ឬ​ត្រូវ? ខាងក្រោម​នេះ​ជា​សញ្ញាណ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា អ្នក​កំពុង​រៀន​​ខុស​ជំនាញ​៖ 

១) ទទួល​បាន​លទ្ធផល​មិន​ល្អ
តាមពិត​ទៅ លទ្ធផល​មិន​ល្អ​​វា​មិនមែន​មានន័យ​ថា អ្នក​រៀន​ជំនាញ​ខុស​ទេ។ ពិន្ទុ GPA របស់​អ្នក​ល្អ ឬ​មិន​ល្អ វា​អាស្រ័យ​លើ​​កត្តា​ជាច្រើន​ដូច​ជា មុខ​ជំនាញ​ដែល​អ្នក​រៀន​ជា​ជំនាញ​លំបាក​ស្រាប់ អ្នក​​មិន​សូវ​ខំ​រៀន​​តាំង​ពី​តូច​មក តម្រូវការ​របស់​សាលា សមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ​​នៅ​មាន​កម្រិត​ជាដើម។ ក៏ប៉ុន្តែ​បើ​អ្នក​យល់​ថា ​អ្នក​ប្រឹងប្រែង​អស់​ហើយ​នៅតែ​​​ទទួល​បាន​លទ្ធផល​មិន​ល្អ នោះ​មានន័យ​ថា អ្នក​គួរ​​រៀន​ជំនាញ​អ្វី​ផ្សេង​ពី​នេះ​ដែល​អ្នក​យល់​ថា អ្នក​ចាប់​អារម្មណ៍​ និង​​មាន​សមត្ថភាព​ខ្ពស់។

២) អ្នក​មិន​អាច​ពន្យល់​បាន​ថា ហេតុ​អ្វី​អ្នក​ជ្រើសរើស​ជំនាញ​មួយ​នេះ
និស្សិត​ខ្លះ​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នេះ​មិន​ដឹង​ខ្លួន រហូត​ដល់​ចប់​ឆ្នាំ​ហើយ​នៅ​​តែ​មិន​អាច​ដឹង​បាន​ហេតុផល​ដែល​ខ្លួន​ត្រូវ​រៀន​ជំនាញ​​​នោះ។ រឿង​ដ៏​ងាយ​យល់​នៅ​ទី​នេះ​គឺ​ថា បើ​អ្នក​មិន​​អាច​កំណត់​បាន​មូលហេតុ​ដែល​អ្នក​​បាន​ជ្រើសរើស​ជំនាញ​ដែល​អ្នក​​​​កំពុង​រៀន​ទេ វា​មានន័យ​ថា អ្នក​គ្មាន​មហិច្ឆតា​ដើម្បី​ធ្វើ​ឲ្យ​ជំនាញ​នោះ​ក្លាយ​ជា​ជំនាញ​ដ៏​ចាំបាច់​បំផុត​ដើម្បី​អនាគត​អាជីព​ការងារ​របស់​អ្នក​ទេ។

៣) អ្នក​​មាន​អារម្មណ៍​​ថា ស្ត្រេស​ខ្លាំង​ពេល​រៀន​មុខ​ជំនាញ​របស់​អ្នក​​
និស្សិត​ទាំងអស់​មិន​ថា អ្នក​ពូកែ ឬ​រៀន​ខ្សោយ​នោះ​ទេ​ គឺ​ពេល​ខ្លះ​ធុញថប់​ទៅ​នឹង​កិច្ចការ​ស្រាវជ្រាវ​​របស់​ខ្លួន។ ទោះបី​ជា​អ្នក​ចូលចិត្ត​មុខវិជ្ជា​​ទាំង​នោះ​ប៉ុណ្ណា​ អារម្មណ៍​ធុញថប់ ឈឺក្បាល ឬ​ស្ត្រេស្ត​ ​នឹង​កិច្ចការ​ស្រាវជ្រាវ​ទាំង​នោះ គឺ​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​​កាលៈទេសៈ​​ណាមួយ​។ ក៏ប៉ុន្តែ​ អារម្មណ៍​ទាំង​នេះ វា​មិន​គួរ​ជា​អារម្មណ៍​ស្ថិត​នៅ​ជាប់​ហ្នឹង​អ្នក​រហូត​នោះ​ទេ។ មុខជំនាញ​ដែល​អ្នក​រៀន​ គួរតែ​មុខជំនាញ​​ដែល​អ្នក​ពេញចិត្ត​បំផុត​​បើ​ទោះបី​ពេល​ខ្លះ​ហត់នឿយ​បន្តិច​ក្តី។ ក៏ប៉ុន្តែ​បើ​អ្នក​យល់​ថា ​វា​គ្មាន​អ្វី​គួរ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​​ក្រៅតែ​ពី​ធ្វើ​ឲ្យ​អ្នក​​ធុញថប់​​ហើយ​នោះ មានន័យ​ថា អ្នក​​កំពុង​ស្ថិត​នៅ​ក្នុង​សញ្ញាណ​អវិជ្ជមាន​លើ​ជំនាញ​ដែល​អ្នក​កំពុង​រៀន​ហើយ។

៤) ជ្រើសរើស​ជំនាញ​ដោយសារ​តែ​​ស្រួល​រៀន
ហេតុផល​មួយ​តែមួយគត់​​ដែល​និស្សិត​ជា​ច្រើន​បាន​សម្រេច​ជ្រើសរើស​ជំនាញ​ណាមួយ​មក​ពី​ពួកគេ​យល់​ថា  ​វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ  និង​អាច​រក​ចំណូល​បាន​ច្រើន​នៅ​ពេល​អនាគត​ជាដើម។ វា​មិនមែន​ជា​រឿង​ខុស​ទេ​ដែល​អ្នក​យល់ឃើញ​​បែប​នេះ។ ក៏ប៉ុន្តែ​បើ​​ហេតុផល​ដែល​អ្នក​ជ្រើសរើស​ជំនាញ​ណាមួយ​មក​រៀន​ដោយសារតែ​អ្នក​យល់​ថា ​វា​ងាយស្រួល នោះ​គឺ​ជា​ការ​គិត​ខុស​ ហើយ​មានន័យ​ថា អ្នក​ក៏​កំពុង​រៀន​ជំនាញ​ខុស​ដែរ​។ ការ​រើស​ជំនាញ​មក​រៀន​នៅ​ក្នុង​មហាវិទ្យាល័យ ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង ត្រូវ​ការ​​ការ​ស្រាវជ្រាវ​ខ្ពស់ និង​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​បំផុត ព្រម​ទាំង​មាន​មហិច្ឆតា​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​អនាគត​ជីវិត​របស់​អ្នក​នៅ​ពេល​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ទៅ​។ 

៥) ជ្រើសរើស​ជំនាញ​តាម​ការ​បង្គាប់​របស់​​ឪពុកម្តាយ​
ការ​អនុញ្ញាត​ឲ្យ​ឪពុកម្ដាយ​របស់​អ្នក​គ្រប់គ្រង​ការ​សម្រេចចិត្ត​របស់​អ្នក​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ណាមួយ​មក​រៀន​ទាំង​ខ្លួន​អ្នក​មិន​សប្បាយចិត្ត​ គឺ​ជា​​ការ​បង្កើត​បទពិសោធន៍​គួរ​ឲ្យ​​សោកស្តាយ​មួយ​នៅ​ក្នុង​ជីវិត​មហាវិទ្យាល័យ។ ភាព​យុត្តិធម៌​មួយ​របស់​អ្នក គឺ​​ធ្វើ​​យ៉ាងណា​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​សប្បាយ​រីករាយ មាន​ចំណង់ចំណូលចិត្ត និង​មាន​មោទកភាព​ក្នុង​ការ​រៀន​ជំនាញ​ដែល​អ្នក​បាន​ជ្រើសរើស។ យ៉ាងណាមិញ ប្រសិន​បើ​ជម្រើស​របស់​អ្នក​ត្រូវ​បាន​ឪពុកម្ដាយ​របស់​អ្នក​កំណត់ វា​ស្មើ​នឹង​អ្នក​កំណត់​ព្រំដែន​ភាព​ជោគជ័យ​របស់​អ្នក​ឲ្យ​នៅ​កន្លែង​តូច​ចង្អៀត​មួយ​ដូច្នេះ​ដែរ។

៦) យល់​ថា ជំនាញ​ដែល​អ្នក​​កំពុង​រៀន​អាច​​រក​ប្រាក់​ចំណូល​បាន​ច្រើន
ការ​មាន​ក្តី​សង្ឃឹម​ទុកជាមុន​លើ​សក្ដានុភាព​​នៃ​​​ជំនាញ​របស់​អ្នក​នៅ​ពេល​អនាគត​គឺ​ជា​រឿង​ល្អ​បំផុត​មួយ។ ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​​រៀន​​​ជំនាញ​របស់​អ្នក ហើយ​អ្នក​យល់​ឃើញ​ថា ជំនាញ​នេះ​នឹង​ជួយ​ឲ្យ​​អ្នក​មាន​ឱកាស​​ច្រើន​នៅ​ក្នុង​ទីផ្សារ​ការងារ  សូម​បន្ត​រៀន​ជំនាញ​របស់​អ្នក​ចុះ! ក៏ប៉ុន្តែ​ អ្នក​មិន​គួរ​ជ្រើសរើស​ជំនាញ​ណាមួយ​មក​រៀន​ដោយសារតែ​វា​ជា​ការងារ​រក​ចំណូល​បាន​ច្រើន​តែ​មួយ​មុខ​នោះ​ទេ​​។ ជា​ការពិត វា​ជា​ការងារ​ដែល​ធ្វើ​ឲ្យ​អ្នក​​រក​​លុយ​បាន។ ផ្ទុយ​មកវិញ ការ​បង្ខំ​ខ្លួនឯង​ឲ្យ​រៀន​ជំនាញ​ដែល​ខ្លួន​មិន​ស្រលាញ់ និង​គ្មាន​មហិច្ឆតា​ចង់​រៀន​ អ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់​ប្រៀប​ដូច​ជា​បង្ខំ​ខ្លួនឯង​ឲ្យ​ជិះ​កង់​បញ្ច្រាស​ខ្យល់ ​ដូច្នេះ​ដែរ។

៧) អ្នក​​​​នៅតែ​​​មើល​មិន​​ដឹង​ថា រៀន​ចប់​ហើយ​ទៅ​ធ្វើ​អ្វី​
និស្សិត​ ២​នាក់​ដែល​រៀន​​ជំនាញ​ដូចគ្នា​មិន​ប្រាកដ​ថា រៀនចប់​ហើយ​មាន​អនាគត​ល្អ​ដូចគ្នា​នោះ​ទេ។ អ្នក​​ខ្លះ​អាច​ជោគជ័យ​តាម​​អ្វី​ដែល​ខ្លួន​ចង់​បាន ខណៈ​អ្នក​​ខ្លះ​ទៀត​​ធ្វើ​ការ​នៅ​មុខ​ជំនាញ​ដែល​ខ្លួន​មិន​ស្រលាញ់។ ដូចនេះ ​វា​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង ឱកាស ឬ​​កាលៈទេសៈ​ដែល​ផ្តល់​ឲ្យ។ សម្រាប់​​អ្នក​វិញ អ្នក​ត្រូវ​តែ​ដឹង​ថា មុខ​ជំនាញ​ដែល​អ្នក​រៀន​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំនាញ​អ្វី​មួយ​នៅ​ពេល​អនាគត។ អ្នក​ត្រូវ​ដឹង​ថា តើ​ជំនាញ​នេះ​ធ្វើ​ឲ្យ​អ្នក​អាច​សម្រេច​បាន​ក្តី​សុបិន​របស់​អ្នក​ដោយ​របៀបណា? បើ​អ្នក​នៅ​មាន​ភាព​ស្រពិចស្រពិល ឬ​មើល​​មិន​ឃើញ​ពី​លទ្ធផល​ដែល​អ្នក​នឹង​ទទួល​បាន​​ពី​ការ​រៀន​ជំនាញ​របស់​អ្នក​ទៅ​អនុវត្ត​ក្នុង​អាជីព​ការងារ​របស់​អ្នក​ទេ​នោះ អ្នក​គួរ​​ពិចារណា​ឡើង​វិញ​ថា គួរ​បន្ត​ឬ​អត់?

៨) ចាប់​អារម្មណ៍​លើ​ជំនាញ​​ផ្សេង​របស់​មិត្តភក្ដិ​​ជាង​ជំនាញ​​ដែល​ខ្លួន​កំពុង​រៀន
ជា​ទូទៅ បើ​​អ្នក​ជ្រើសរើស​ជំនាញ​អ្វី​មក​រៀន​ហើយ​​មានន័យ​ថា អ្នក​ស្រលាញ់​ជំនាញ​នោះ។ យ៉ាងណាមិញ បើ​អ្នក​រៀន​ជំនាញ​ទីផ្សារ ប៉ុន្តែ​ស្រលាញ់​ជំនាញ​វិស្វករ​ដែល​មិត្តភក្ដិ​របស់​​អ្នក​បាន​ជ្រើសរើស​ នេះ​បញ្ជាក់​ថា  ជីវិត​មហាវិទ្យាល័យ​របស់​អ្នក​កំពុង​មាន​បញ្ហា។ អ្នក​ត្រូវ​​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការ​រៀនសូត្រ​លើ​ជំនាញ​របស់​អ្នក​បើ​មិន​ដូច្នេះ​ទេ អ្នក​គួរ​ជ្រើសរើស​ជំនាញ​ថ្មី​មក​រៀន​តាម​ចំណង់ចំណូលចិត្ត​របស់​អ្នក​ប្រសើរ​ជាង៕ ​

ប្រភព៖ Businessinsider 

X
5s