ជំនាញ​នៅ​ក្នុង​ជីវិត​​​​ដ៏​មាន​តម្លៃ​ចំនួន ៦​ ​ដែល​យុវជន​គួរ​រៀនសូត្រ​



ខណៈ​ដែល​មនុស្ស​ជា​ច្រើន​យល់​ថា ការ​អប់រំ​នៅ​ក្នុង​សាលា​​គឺ​ជា​វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​​​ផ្តល់​ចំណេះដឹង​យ៉ាង​ច្រើន​​​ដល់​អនាគត​ពួកគេ យុវជន​ទាំងអស់​ក៏​មិន​គួរ​មើល​រំលង​​ជំនាញ​​ដ៏​មាន​តម្លៃ​ចំនួន ៦ នេះ​ដែរ​ត្បិតអី​នៅ​ក្នុង​ថ្នាក់រៀន វា​មិន​ត្រូវ​បាន​គេ​បណ្តុះបណ្តាល ឬ​​យក​ទៅ​បង្រៀន​​​ឲ្យ​បាន​ទូលំទូលាយ​​នោះ​ឡើយ។ 

ដើម្បី​ទទួល​បាន​ជំនាញ​ទាំង​នេះ​តិច​ឬ​ច្រើន និង​មាន​ប្រសិទ្ធភាព​ឬ​អត់ ​វា​អាស្រ័យ​លើ​ការ​​ខិតខំ​​ប្រឹងប្រែង​របស់​​​អ្នក​ប៉ុណ្ណោះ។ អ្នក​ប្រហែល​ជា​មិន​ទាន់​មើល​ឃើញ​ពី​ភាព​ចាំបាច់​របស់​វា​នោះ​ទេ​នៅ​ពេល​នេះ។ ក៏ប៉ុន្តែ​ក្នុង​អនាគត​​​យូរ​ឬ​ឆាប់ អ្នក​នឹង​ដឹង​ថា វា​ពិត​ជា​សំខាន់​សម្រាប់​អ្នក។ សូម​ចាប់​ផ្តើម​រៀន​ជំនាញ​ទាំង​នេះ​ ហើយ​​ស្វែងយល់​​មើល៍​ថា អ្នក​ខ្វះ​ជំនាញ​ទាំង​នេះ​ឬ​អត់? 

​​​១.ការ​ទទួលយក​អ្វី​ដែល​​អ្នក​មាន​
ដោយសារតែ​នៅ​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ម្នាក់ៗ​​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​លិចលង់​ដោយ​រូបភាព​ និង​សារ​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ដែល​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​ខ្លួនឯង​ នេះ​វា​ងាយ​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ទាំង​នោះ​ណាស់។​ នៅពេល​អ្នក​​កំពុង​ប្រឈម​មុខ​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​​​ខ្លួនឯង ​គ្មាន​នរណា​ម្នាក់​អាច​មក​បង្រៀន​អ្នក​ពី​របៀប​​ឲ្យ​ចេះ​រៀន​ទទួលយក​នូវ​អ្វី​ដែល​អ្នក​មាន​ឡើយ។

ការ​ទទួលយក​អ្វី​ដែល​អ្នក​មាន​ វា​គឺ​ជា​ការងារ​​មួយ​ផ្តើម​ចេញ​ពី​ក្នុង​ខ្លួន​​អ្នក​ ហើយ​វា​ជា​​ចេតនា​មួយ​ក្នុង​ការ​ជ្រើសរើស​ខ្លួនឯង​ជាង​អ្នកដទៃ។​ សូម​ចាំ​ថា សុភមង្គល ​និង​សន្តិភាព​ផ្លូវចិត្ត​របស់​អ្នក​ គឺ​ជា​រឿង​អាទិភាព​របស់​អ្នក​លើ​មិត្តភក្ដិ​ ក្រុម​គ្រួសារ និង​ពិភពលោក​ទាំងមូល។ នៅពេល​ដែល​អ្នក​មាន​បំណង​ទទួល​យក​នូវ​អ្វី​ដែល​អ្នក​មាន ​និង​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​លើ​លោក​នេះ  អ្នក​នឹង​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​អ្នក​ដើម្បី​រៀន​ពី​របៀប​​គោរព​ខ្លួនឯង​មិន​ថា នៅ​ផ្ទះ នៅ​កន្លែង​ការងារ និង​កន្លែង​ផ្សេងៗ​ទៀត​នោះ​ឡើយ។

២.ការ​មើលថែ​ខ្លួនឯង
តើ​ការ​មើលថែ​ខ្លួនឯង​គឺ​ជា​អ្វី? មនុស្ស​មួយ​ចំនួន​​​មើល​ថែ​ខ្លួនឯង​ដោយ​ទៅ​ហាត់ប្រាណ​ដើម្បី​សុខភាព​ ធ្វើ​សមាធិ អាន​សៀវភៅ ឬ​​​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ខ្លួន​សប្បាយ​ចិត្ត។ ទោះបី​ជា​បែប​នេះ​ក្តី គ្មាន​រូបមន្ត​ជាក់លាក់​​​ណាមួយ​​ដែល​អាច​យក​ទៅ​អនុវត្ត​សម្រាប់​មនុស្ស​គ្រប់គ្នា​​បាន​ឡើយ។ ការ​យកចិត្ត​ទុកដាក់​មើលថែ​ខ្លួនឯង​របស់​អ្នក​ប្រហែល​អាច​ផ្សេង​ពី​នេះ​។ អ្នក​ប្រហែល​​ចូលចិត្ត​មើល​ភាពយន្ត ​ជួបជុំ​មិត្តភក្ដិ ឬ​ចូលចិត្ត​ដើរ​កម្សាន្ត។ នេះ​​មានន័យ​ថា ដរាបណា​អ្នក​កាន់តែ​ឆាប់​​រៀន​​ស្វែងយល់​ពី​តម្រូវការ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ស្រស់ស្រាយ និង​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​មាន​អារម្មណ៍​ល្អ អ្នក​នឹង​កាន់តែ​ឆាប់​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ជីវិត​។

​៣.ការ​​​លើកលែងទោស​​ឲ្យ​អ្នកដទៃ​
ការ​​​រៀន​​លើកលែង​ទោស​​ឲ្យ​អ្នកដទៃ​​​ គឺ​ជា​មេរៀន​ជីវិត​មួយ​ទៀត​ដែល​អ្នក​ត្រូវ​រៀនសូត្រ​ដោយ​ខ្លួនឯង ។ គ្មាន​អ្នកណា​ម្នាក់​មក​ពន្យល់​អ្នក​ថា ហេតុ​អ្វី​អ្នក​​ចាំបាច់​ត្រូវ​អភ័យទោស​ឲ្យ អ្នកដទៃ​នោះ​​ទេ។ មនុស្ស​​មួយ​ចំនួន​អាច​ប្រាប់​អ្នក​ថា​   ការ​អភ័យទោស​អនុញ្ញាត​ឲ្យ​អ្នក​ដោះលែង​ខ្លួនឯង​ពី​​កំហឹង និង​ការ​អាក់អន់​ចិត្ត​​នៅក្នុង​ខ្លួន​   ជួយ​រក្សា​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ប្រសើរ​  ឬ​​ដើម្បី​​​បង្ហាញ​ការ​អាណិតអាសូរ និង​ការយោគយល់​ចំពោះ​អ្នកដទៃ​ជាដើម​។

ក៏ប៉ុន្តែ​នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អ្នក​យល់​ថា គួរ​លើកលែងទោស​​ឲ្យ​អ្នកណា​ម្នាក់ វា​មាន​ការ​លំបាក​សម្រាប់​អ្នក​ទោះបី​ជា​អ្នក​មាន​ហេតុផល​ត្រឹមត្រូវ​មួយ​ដើម្បី​លើកលែង​ទោស​ក៏ដោយ។ យ៉ាងណាមិញ អ្នក​ត្រូវ​តែ​រៀន​មេរៀន​មួយ​នេះ បើ​ទោះបី​ជា​អ្នក​ឈឺចាប់ ឬ​លំបាក​ខ្លាំង​ក៏ដោយ។ វា​ជា​មេរៀន​​ជីវិត​ដ៏​ល្អ ពីព្រោះ​​បុគ្គលិក​លក្ខណៈ​មួយ​នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​មួយ​ដែល​ឆ្លុះបញ្ចាំង​ថា អ្នក​ជា​មនុស្ស​មាន​សុទិដ្ឋិនិយម​មើល​ឃើញ​វែងឆ្ងាយ​ខុស​ពី​មនុស្ស​ធម្មតា។

៤.សិល្បៈ​នៃ​ការ​រៀនសូត្រ
សាលារៀន មិនមែន​មនុស្ស​គ្រប់គ្នា​អាច​ចូល​​រៀន​បាន​ទេ។  នៅ​ពេល​អ្នក​សម្លឹង​មនុស្ស​ជុំវិញ​អ្នក អ្នក​​នឹង​ដឹង​ថា មនុស្ស​គ្រប់គ្នា​មិន​អាច​បង្រៀន​អ្នក​ថា តើ​អ្នក​ចាំបាច់​ត្រូវ​រៀន​ដោយ​វិធី​ណា​ទេ? អ្នក​ខ្លះ​រៀន​តាមរយៈ​ការ​ធ្វើការ។ អ្នក​ខ្លះ​ទៀត​រៀន​តាមរយៈ​ការ​អាន ស្តាប់ ទស្សនា សរសេរ ឬ​វិធី​ផ្សេងៗ​ទៀត​ដែល​ពួកគេ​បាន​ពើបប្រទះ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ អ្នក​អាច​រៀន​តាមរយៈ​​គ្រូបង្រៀន ឬ​ការ​ចូលរួម​សិក្ខាសាលា។ វិធី​រៀនសូត្រ​មិន​ដូចគ្នា​ទេ។ ក៏ប៉ុន្តែ​គោលដៅ​នៃ​ការ​រៀនសូត្រ​គឺ​ថា បើ​អ្នក​​ចាប់​ផ្តើម​រៀន​​កាន់តែ​ឆាប់​កាលណា អ្នក​នឹង​ឆាប់​ជោគជ័យ​មិនថា​​រៀន​នៅ​សាលា ​ក្នុង​អាជីព​ការងារ ឬ​ក្នុង​ជីវិត​របស់​អ្នក​នោះ​ទេ។

៥.ការរស់នៅ​ប្រកបដោយ​វិចារណញ្ញាណ
មួយ​នាទី​ដែល​អ្នក​ចំណាយ​ដើម្បី​រៀន​ស្តាប់​ពី​តម្រូវការ​​ផ្នែក​​រាងកាយ​របស់​អ្នក មានន័យ​ថា អ្នក​យកចិត្ត​ទុកដាក់​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ល្អ​ប្រសើរ​ឡើង​។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវការ​ទឹក​មួយ​កែវ ហេតុ​អ្វី​​អ្នក​មិន​អើពើ​​​​នឹង​អារម្មណ៍​​នៃ​តម្រូវការ​មួយ​នេះ​? បើ​អ្នក​កំពុង​ធ្វើ​អ្វី​មួយ អ្នក​គួរ​ឈប់​មួយ​ភ្លែត​សិន​ទៅ ហើយ​​ប្រញាប់​ទៅ​​យក​​ទឹក​មួយ​កែវ​​មក​ទទួលទាន​​ទៅ។ ប្រសិន​បើ​អ្នក​កំពុង​មាន​អារម្មណ៍​ធុញថប់ វា​អាស្រ័យ​​ទៅ​លើ​អ្នក​ថា តើ​អ្នក​គួរ​ផ្អាក​​ ឬ​បន្ត​ធ្វើ​ការងារ​ដ៏​គួរឲ្យ​ធុញថប់​ទាំងនោះ?  ការ​រស់នៅ​ប្រកបដោយ​វិចារណញ្ញាណ ​គឺ​ជា​មធ្យោបាយ​ចុងក្រោយ​ដើម្បី​​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​រីករាយ​នឹង​ជីវិត​យ៉ាង​ពិតប្រាកដ​សម្រាប់​ខ្លួនឯង និង​តម្រូវការ​របស់​អ្នក​។

៦.​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង
អតីត​អ្នក​នយោបាយ​អាមេរិក​ដ៏​ល្បីល្បាញ​របស់​អាមេរិក​គឺ​លោកស្រី Eleanor Roosevelt ធ្លាប់​បាន​មាន​ប្រសាសន៍​​ថា “គ្មាន​អ្នកណា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ជា​មនុស្ស​អន់​​ប្រសិន​បើ​គ្មាន​ការ​យល់ព្រម​ពី​អ្នក”។ នេះ​ជា​ប្រសាសន៍​ដ៏​ត្រឹមត្រូវ​មួយ។ ទំនុកចិត្ត​កើត​ចេញ​ពី​ខ្លួន​អ្នក។ ប៉ុន្តែ​គួរឲ្យ​ស្តាយ​ គ្មាន​នរណា​ម្នាក់​មក​បង្រៀន​អ្នក​​ថា តើ​អ្នក​ត្រូវ​រៀន​​បណ្ដុះ​ទំនុកចិត្ត​របស់​អ្នក​ឲ្យ​ខ្លាំងក្លា​ឡើង​តាម​របៀបណា​នោះ​ទេ? នេះ​ហើយ​​ជា​ភាព​ចាំបាច់​មួយ​ដែល​​បញ្ជាក់​ថា អ្នក​ត្រូវ​រៀន​​ពី​អ្វី​ដែល​អ្នក​ត្រូវការ ឬ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ដែល​ធ្វើ​ឲ្យ អ្នក​មាន​អារម្មណ៍​ថា​ អ្នក​​គឺ​ជា​មនុស្ស​តែម្នាក់​គត់​ដែល​ជា​កាពីទែន​ (អ្នកដឹកនាំ) ជីវិត​របស់​អ្នក៕

ប្រភព៖​ Businessinsider 

 

 

 

 

X
5s