សម្រាប់ប្អូនទី១២ទើបប្រឡងជាប់! ម្ចាស់ក្រុមហ៊ុនមួយរូបប្រាប់ជំនាញមួយកំពុងត្រូវប៉ាន់
ការជ្រើសរើសមុខជំនាញសិក្សាក្នុងថ្នាក់ឧត្ដមជារឿងមួយដែលសំខាន់ និងអាចនិយាយថាជាការចាប់ផ្ដើមកំណត់គោលដៅសម្រាប់ជីវិតខ្លួនឯង។ ប្អូនៗទី១២ដែលទើបបានប្រឡងជាប់កាលពីពេលថ្មីៗ ប្រហែលជាពួកគាត់មួយចំនួនបានជ្រើសរើសជំនាញដែលខ្លួនស្រលាញ់រួចហើយ ប៉ុន្តែក៏ប្រហែលជាមានមួយចំនួនផងដែរដែលមិនទាន់ដឹងថាត្រូវសិក្សាលើជំនាញអ្វីនៅឡើយ ដើម្បីឲ្យត្រូវតម្រូវការទីផ្សារ។ ជាការចែករំលែក លោក រេន ស៊ីណា ស្ថាបនិកក្រុមហ៊ុនសំណង់ អេស៊ា ផញថ៍ អ៊ិនវេសម៉ិន & ឌីវេឡុបម៉ិន (Asia Point Investment & Development) ប្រាប់ថាជំនាញក្នុងវិស័យសំណង់កំពុងមានតម្រូវការទីផ្សារ។
ស្ថាបនិកក្រុមហ៊ុន លោក រេន ស៊ីណា ប្រាប់ថា ដោយប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយលោកសង្កេតឃើញថាតួលេខក្នុងវិស័យសំណង់ក្នុងមួយឆ្នាំអាចកើនឡើងពីចន្លោះ១៥% ទៅ ២០% ហើយកំណើននេះបានកើនឡើងរហូតពីមួយឆ្នាំទៅមួយឆ្នាំ។ លោកថា បើប្រៀបធៀបវិស័យសំណង់រវាងកម្ពុជា និងប្រទេសជិតខាងវិញឃើញថាយើងនៅមានចំនួនតិចតួចឡើយ ដូច្នេះក្នុងវិស័យនេះគឺនៅត្រូវការធនធានជាច្រើនទៀតសម្រាប់ការអភិវឌ្ឍ។
បន្ថែមពីលើចំណុចខាងលើ ស្ថាបនិករូបនេះបន្តថា ជំនាញនៅក្នុងវិស័យសំណង់នេះ នៅពេលដែលបញ្ចប់ការសិក្សាយើងក៏អាចបើកអាជីវកម្មមួយដោយខ្លួនបានថែមទៀត។ លោកថា ការដែលលើកឡើងបែបនេះគឺមិនមែនបង្អាប់មុខជំនាញដទៃថាមិនល្អនោះទេ ពោលគឺជំនាញនីមួយៗតែងមានចំណុចល្អរៀងៗខ្លួន ប៉ុន្តែប្រសិនបើប្អូនទី១២មួយចំនួនដែលមិនទាន់រកឃើញជំនាញណាមួយនៅឡើយទេ ហើយគិតថាខ្លួនពូកែមុខវិជ្ជាវិទ្យាសាស្ត្រពិតផង គួរពិចារណាលើជំនាញនេះ។
ជាការលើកទឹកចិត្តលោក ស៊ីណា ប្រាប់ថា ចំពោះវិស័យសំណង់ ប្រសិនបើយើងដាក់ចិត្តនិងខិតខំប្រឹងប្រែង យើងនឹងមានឱកាសច្រើនក្នុងការមានអនាគតល្អប្រសើរ ព្រោះក្រៅពីទទួលបានចំណូលគួរសមហើយ យើងក៏អាចសាងកេរ្តិ៍ឈ្មោះក្នុងសង្គមបានទៀតផង៕
ដោយ៖ ជួប ស្រីរ័ត្ន