នេះជាជំនាញចំនួន ៧ ដែលអ្នកត្រូវរៀនសូត្រពេញមួយជីវិតរបស់អ្នក
មនុស្សភាគច្រើនអាចនឹងយល់ថា ការរៀននៅសាលាបានផ្តល់ចំណេះដឹងយ៉ាងច្រើនដល់ពួកគេ។ ក៏ប៉ុន្តែផ្អែកលើទិដ្ឋភាពជាក់ស្តែង មេរៀនជីវិតឯណេះទេដែលបានផ្តល់ចំណេះដឹង និងបទពិសោធន៍ជីវិតយ៉ាងច្រើនសម្រាប់មនុស្សម្នាក់ៗ។ ខណៈដែលអ្នកខ្លះអាចឈប់រៀននៅពេលរៀនអស់ថ្នាក់ ការសិក្សារៀនសូត្រលើជំនាញ ៧ នេះ មិនមែនចប់ដូចមេរៀននៅក្នុងសាលាទូទៅនោះឡើយ។ អ្នកត្រូវរៀនជំនាញនេះជាប្រចាំ និងបន្តរហូតដល់ពេញមួយជីវិតរបស់អ្នក។
១.ទំនាក់ទំនង
ជំនាញដ៏សំខាន់បំផុតនៅពេញមួយជីវិតរបស់អ្នក គឺទំនាក់ទំនង។ មិនថា ទំនាក់ទំនងប្រចាំថ្ងៃទាំងក្នុង ឬក្រៅការងារ អ្នកត្រូវរៀនអភិវឌ្ឍជំនាញមួយនេះជាប្រចាំ។ ប្រសិនបើអ្នកជាអ្នកដឹកនាំគេ ដូចជានៅក្នុងក្រុមហ៊ុន និងស្ថាប័នផ្សេងៗជាដើម គុណភាពនៃទំនាក់ទំនងរបស់អ្នកមានឥទ្ធិពលដល់ភាពជោគជ័យរបស់ក្រុមការងារទាំងមូល។ ជំនាញមួយនេះ អ្នកមិនអាចរៀនត្រឹមមួយថ្ងៃចប់ឡើយ។
២.ស្តាប់
ថ្វីត្បិតតែជំនាញទំនាក់ទំនងសំខាន់ ក៏ប៉ុន្តែអ្នកក៏ត្រូវពង្រឹងសមត្ថភាពក្នុងការរៀនស្តាប់ឲ្យបានច្រើនដែរជាពិសេសអ្នកដឹកនាំតែម្តង។ ជំនាញមួយនេះទាមទារឲ្យអ្នករៀនសូត្រគ្មានថ្ងៃឈប់សម្រាកពេញមួយ ជីវិតរបស់អ្នក។ អ្នកស្តាប់កាន់តែច្រើន អ្នកអាចយល់ពីអ្នកដទៃ និងអាចទទួលបានចំណេះដឹងថ្មីៗកាន់តែច្រើន។ ជាគោលការណ៍ អ្នកដឹកនាំគេជាមនុស្សពូកែស្តាប់នេះឯង មិនមែនបានត្រឹមតែនិយាយនោះឡើយ។
៣.ការស្គាល់ពីខ្លួនឯង
ក្រៅពីជំនាញសំខាន់ៗ ២ខាងលើ អ្នកក៏ត្រូវពង្រឹងជំនាញមួយទៀតគឺការស្គាល់ពីខ្លួនឯង។ អ្នកត្រូវដឹងថា អ្នកកំពុងធ្វើអ្វី? ចង់បានអ្វីនៅពេលអនាគត? ដោយរបៀបណា? តើអ្នកត្រូវការអ្វីខ្លះ?។ល។ អ្នកត្រូវដុសខាត់ជំនាញមួយនេះឲ្យកាន់តែរឹងមាំពីព្រោះថា វាអាចជំរុញឲ្យអាជីពការងាររបស់អ្នករីកចម្រើននាពេលអនាគតក៏ដូចជាជួយបង្កើនសមត្ថភាពលើជំនាញផ្សេងៗទៀត។ ប្រសិនបើអ្នកក្លាយជាអ្នកដឹកនាំគេ អ្នកចាំបាច់ត្រូវស្គាល់ពីខ្លួនឯង ហើយការស្គាល់ខ្លួនឯងនេះក៏ទាមទារមតិរិះគន់កែលំអពីអ្នកដទៃផងដែរ។
៤.ចិត្តសាស្ត្រ
មនុស្សដែលពូកែចិត្តសាស្ត្រ ជាមនុស្សដែលអាចមើលធ្លុះពីចរិតរបស់មនុស្ស។ បើអ្នកជំនួញវិញ អាចមើលធ្លុះពីតម្រូវការទីផ្សារ ឬអតិថិជន។ បើអ្នកនយោបាយអាចមើលធ្លុះចិត្តសាស្ត្ររបស់ប្រជាជន ហើយបើមេដឹកនាំវិញ អាចមើលធ្លុះទឹកចិត្តកូនចៅម្នាក់ៗបានយ៉ាងច្បាស់។ នេះជាគុណសម្បត្តិពីជំនាញខាងចិត្តសាស្ត្រដែលអ្នកត្រូវរៀនសូត្រពង្រឹងជំនាញនេះគ្រប់ពេលវេលាជាមួយមនុស្សដែលនៅជុំវិញអ្នក។ ស្គាល់មនុស្សច្បាស់ អ្នកនឹងអាចកំណត់បានថា អ្នកណាខ្លះគឺជាសត្រូវ ឬមិត្តរបស់អ្នក។ អ្នកណាខ្លះជាមនុស្សគួរឲ្យចង់រាប់អាន។
៥.ផ្តល់អំណាចដល់អ្នកដទៃ
ការរៀនជំនាញលើកទឹកចិត្តអ្នកដទៃក៏ជាគន្លឹះដ៏សំខាន់ផងដែរនៅពេលនិយាយពីការគ្រប់គ្រងសមាសភាពក្រុមការងាររបស់អ្នក។ ជំនាញនេះសំខាន់ណាស់សម្រាប់ដឹកនាំនៅក្នុងស្ថាប័នផ្សេងៗ ពីព្រោះវាអាចជួយឲ្យក្រុមការងារបំពេញភារកិច្ចបានជោគជ័យ និងប្រកបដោយគុណភាព។ ដើម្បីចេះផ្តល់អំណាចឲ្យអ្នកដទៃ អ្នកក៏ត្រូវរៀនចេះផ្តល់ទំនុកចិត្តដល់ក្រុមការងារដើម្បី ធ្វើកិច្ចការរបស់ពួកគេផងដែរ។ ជំរុញឲ្យពួកគេធ្វើការប្រកបដោយភាពច្នៃប្រឌិត មានទំនុកចិត្ត និងឲ្យតម្លៃលើគំនិតទស្សនៈរបស់ពួកគេ។
៦.ភាពច្នៃប្រឌិត
ក្រៅពីជំនាញប៉ុន្មានខាងលើនេះ ភាពច្នៃប្រឌិតគឺជាជំនាញសំខាន់បំផុតមួយទៀតនៅ ក្នុងសតវត្សទី ២១នេះ។ មិនចំពោះថា អ្នកជាបុគ្គលិក មន្ត្រីរាជការ ឬអ្នកជំនួញជាដើម ភាពច្នៃប្រឌិតនេះអាចជួយឲ្យអ្នក និងស្ថាប័នរបស់អ្នកមានការផ្លាស់ប្ដូរ។ ភាពច្នៃប្រឌិតធ្វើឲ្យអ្នកឈានមុខគេ។ ភាពច្នៃប្រឌិតជួយឲ្យបង្កើតសមិទ្ធផលខុសប្លែកពីគេដែលរួមចំណែកដល់ការអភិវឌ្ឍពិភពលោកទាំងមូល។ ក៏ប៉ុន្តែដើម្បីទទួលបានភាពច្នៃប្រឌិត អ្នកត្រូវតែសិក្សារៀនសូត្រជាប្រចាំតាមរយៈការអង្កេតមើល គិត ស្តាប់ ស្រាវជ្រាវ និងវិភាគជាដើម។
៧.ការគិតបែបវិជ្ជមាន
ថ្ងៃនេះអាចជាថ្ងៃអាក្រក់ ឬថ្ងៃល្អសម្រាប់អ្នក។ លទ្ធផលបែបណា វាអាស្រ័យលើការគិត និងទង្វើរបស់អ្នក។ ការគិតបែបវិជ្ជមានគឺជាសញ្ញាណមួយបញ្ជាក់ថា អ្នកជាមនុស្សមានសុទិដ្ឋិនិយមខ្ពស់ចំពោះអ្វីៗនៅជុំវិញខ្លួន។ ប្រសិនបើអ្នកខិតខំ ពង្រឹងសមត្ថភាពរៀនសូត្រអភិវឌ្ឍជំនាញនេះឲ្យបានកាន់តែរឹងមាំល្អពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនឹងធ្វើឲ្យខ្លួនឯងក៏ដូចជាក្រុមការងារ និងស្ថាប័នវិវត្តទៅមុខក្នុងផ្លូវវិជ្ជមានប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ដែលនាំមកនូវការផ្លាស់ប្ដូរ៕
ប្រភព៖ Inc