តើ​អ្នក​ស្គាល់​តួ​សម្ដែង​ជា​តួអង្គ​ ឆាវ ឆាវ ក្នុង​រឿង​សាមកុក​ជា​នរណា​ទេ?​



រឿង​សាមកុក (Three Kingdoms) ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​ចិន ដែល​និយាយ​អំពី​យុទ្ធសាស្ត្រ​ជាច្រើន​នៅ​ក្នុង​សម័យ​សង្គ្រាម​ចិន​បុរាណ ត្រូវ​បាន​ផលិតករ​ចិន​យក​មក​ថត​ជា​ខ្សែ​ភាពយន្ត ជា​ច្រើន​លើក​រួច​មក​ហើយ។ ផលិតករ​ខ្លះ ក៏​បាន​ដកស្រង់​ក្នុង​សាច់​រឿង​នេះ មក​បង្កើត​ជារឿង​ខ្លី​មួយ​ផ្សេង​ទៀត​ក៏​មាន ដូច​ជា​រឿង​សង្គ្រាម​នៅ​ឈើពី (Red Cliff) ជាដើម។

នៅ​ពេល​នេះ គេហទំព័រ Bizkhmer សុំ​លើក​យក​ប្រវត្តិ​សង្ខេប​របស់​លោក Chen Jian Bin ដែល​ជា​តារា​មាន​ទេពកោសល្យ​ខ្ពស់ ក្នុង​ការ​សម្ដែង​ជា​តួអង្គ ឆាវ ឆាវ ដែល​ជា​តួ​អង្គ​សំខាន់​បំផុត​នៅ​ក្នុង​រឿង​សាមកុក។ លោក Chen Jian Bin កើតនៅថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ១៩៧០ នៅ​ប្រទេស​ចិន។ លោក Chen Jian Bin ជា​តារា​សម្ដែង​ប្រុស នៅ​ក្នុង​ភាពយន្ត ​និង​រឿង​ភាគ​ទូរទស្សន៍​របស់​ចិន។​

លោក បាន​សម្ដែង​ទាំង​រឿង​ភាពយន្ត​ចាក់​បញ្ចាំង​ក្នុង​រោងកុន​​ ​និង ​រឿង​ភាគ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ បានជាង២០រឿង ដែល​ក្នុង​នោះ​រឿង​ដែល​ធ្វើ​អោយ​លោក Chen Jian Bin ល្បីល្បាញ​ជាង​គេ គឺ​លោក​សម្តែង​ជាតួអង្គ ឆាវ ឆាវ ក្នុង​រឿង​សាមកុក (Three Kingdom) ។ លោក Chen Jian Bin ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ដូចជា Best Actor, Person of the Year, Best Supporting Actor, Golden Eagle Awards of Best Actor ជាដើម។

នៅ​ក្នុង​ការ​សម្ដែង​ក្នុង​រឿង​សាមកុក លោក Chen Jian Bin ទទួល​បាន​ពានរង្វាន់​ដល់​ទៅ​ពីរ គឺ​ពានរង្វាន់​ ​Best Actor ពី​ប្រទេស​កូរ៉េខាងត្បូង និង​ ​ពានរង្វាន់ Person of the Year ពី​ប្រទេស​ចិន។ លោក​ Chen Jian Bin បាន​រៀបការ​ជា​មួយ​តារា​សម្តែង​ស្រី​ នាង Jiang Qinqin ក្នុងឆ្នាំ២០០៦។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ មាន​កូន​ប្រុស​ម្នាក់​អាយុ​៩ឆ្នាំឈ្មោះថា Chen Pu ។

រឿង​សាមកុក (Three Kingdoms) ដឹកនាំ​ផលិត​ដោយ​ផលិតករ​លោក Gao Xixi ចំណាយ​ប្រាក់​អស់​ប្រមាណ​ជា​១៨០​លាន​យ៉ន់ ស្មើនឹង៣០លានដុល្លារ។​ រឿង​នេះ​ជា​រឿង​ភាគ មាន​រយៈពេល​៤២៧៥​នាទី បាន​ចាក់​បញ្ចាំង​នៅ​ខែ​ឧសភា ឆ្នាំ២០១០ និង រក​ចំណូល​បាន​សរុប​ទាំង​ក្នុង​ស្រុក​និង​ក្រៅស្រុក បាន​ប្រមាណ ជា ៨០០លានយ៉ន់ ស្មើនឹង​១៣៣,៣លានដុល្លារ ក្នុង​រយៈ​ពីរ​ឆ្នាំ។

ប្រែសម្រួល៖ សុខា នីកា ប្រភព៖ amazon.com

X
5s