៧ចំណុចដែលអាចឲ្យអ្នកដទៃវាយតម្លៃថា អ្នកជាមនុស្សប្រភេទណា
អ្នកដទៃអាចវាយតម្លៃអ្នកបានតាមរយៈរូបភាពជាច្រើន។ ប៉ុន្តែនេះជាចំណុចទាំង៧យ៉ាងដែលគេតែងប្រើសម្រាប់វាយតម្លៃពីអ្នក កំណត់ថាអ្នកជាមនុស្សប្រភេទណា៖
១) អក្សរសរសេរដៃរបស់អ្នក៖ តាមរយៈការសិក្សាមួយបានសរសេរថាការសរសេរនិងទំហំអក្សររបស់ពួកគេគឺអាចបង្ហាញពីមនុស្សម្នាក់នោះយ៉ាងច្បាស់។ ការស្រាវជ្រាវមួយដែលបានដឹកនាំដោយNational Pen Company បានឲ្យដឹងថាអ្នកសរសេរអក្សររាងតូចគឺតែងជាមនុស្សមានការអៀនខ្មាសច្រើន និងជាមនុស្សផ្ចិតផ្ចង់។
២) ពណ៌ដែលអ្នកចូលចិត្ត៖ តាមរយៈអត្ថបទមួយរបស់Pschology Today ពណ៌ដែលអ្នកចូលចិត្តពាក់ជារឿយៗនោះវាអាចបង្ហាញបានថាអ្នកជាមនុស្សដូចម្ដេច។ អ្នកដែលចូលចិត្តពណ៌ខ្មៅត្រូវបានដឹងថាជាមនុស្សដែលប្រុងប្រយ័ត្ន និង សិល្បៈនិយម។
៣) ការខាំក្រចក៖ យោងតាមការស្រាវជ្រាវបានបង្ហាញថាអ្នកដែលចូលចិត្តខាំក្រចកដៃខ្លួនឯងច្រើនជាមនុស្សសុក្រឹតនិយម ហើយក៏អាចជាមនុស្សភ័យខ្លាចច្រើនផងដែរ។
៤) ស្បែកជើងរបស់អ្នក៖ អ្នកចិត្តវិទ្យាបាននិយាយថាយើងអាចដឹងពីបុគ្គលម្នាក់នោះបានដោយគ្រាន់តែសម្គាល់ទៅលើស្បែកជើងរបស់ពួកគេ។ អ្នកស្រាវជ្រាវម្នាក់ឈ្មោះថាOmri Gillath មកពីសកលវិទ្យាល័យ Kansas បាននិយាយថាដោយគ្រាន់តែសង្កេតមើលស្បែកជើងរបស់ពួកគេអ្នកអាចទាយដឹងពីចំណូលប្រចាំខែ អាយុនិងភេទរបស់គេបាន។
៥) សម្លឹងកែវភ្នែក៖ ភ្នែកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នក។ ភ្នែកអ្នកអាចប្រាប់ថាតើអ្នកកំពុងគិតអ្វីនិងមានអារម្មណ៍យ៉ាងណា។
៦) ភាពទៀងទាត់របស់អ្នក៖ ភាពទៀងទាត់របស់អ្នកអាចបញ្ជាក់អំពីភាពវិជ្ជមាននិងភាពអវិជ្ជមានរបស់អ្នកបាន។ បើអ្នកជាមនុស្សទៀងទាត់ម្នាក់វាបញ្ជាក់ថាអ្នកតែងខ្វាយខ្វល់ដល់ពេលវេលាអ្នកដទៃ។
៧) ការចាប់ដៃ៖ អ្នកដែលប្រើប្រាស់កម្លាំងដៃខ្លាំងក្នុងការចាប់ដៃបង្ហាញថាគេជាមនុស្សពោរពេញដោយភាពក្លាហាន។ សម្រាប់អ្នកប្រើកម្លាំងដៃខ្សោយវិញបញ្ជាក់ថាគេជាមនុស្សទន់ខ្សោយហើយចូលចិត្តធ្វើកិច្ចការងាយៗ៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org