សញ្ញាទាំង៤យ៉ាងដែលបង្ហាញថា អ្នកគួរតែប្តូរការងារថ្មី ឬចូលនិវត្តន៍
ជីវិតជាបុគ្គលិកបម្រើការងារឱ្យគេ មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺត្រូវតែបម្រើការងារឱ្យសមនឹងប្រាក់ខែដែលទទួលបាន ឬត្រូវបំពេញឱ្យលើសហ្នឹងផង។ ការធ្វើការងារដដែលៗ ច្បាស់ជាមានការធុញថប់ជាមិនខាន។ ខាងក្រោមនេះ ជាសញ្ញាដែលអ្នកគួរតែប្តូរការងារថ្មី ឬ ចូលនិវត្ត។
១) បញ្ហាសុខភាព៖ នៅពេលដែលការងារមួយប៉ះពាល់ដល់សុខភាព វាប្រហែលជាដល់ពេលដែលអ្នកទៅធ្វើការផ្លាស់ប្តូរការងារថ្មីហើយ។ ការមិនពេញចិត្តចំពោះការងារ ឬ កត្តាការងារអាចកើតមានបញ្ហាសុខភាពមួយចំនួនដូចជា៖ ការគេងមិនលក់ ភាពមិនសប្បាយចិត្ត ស្រកគីឡូ។ល។
២) ភាពធុញថប់៖ ការធុញថប់គឺជាអារម្មណ៏មួយដែលមនុស្សមួយចំនួនអាចជួបប្រទះនៅកន្លែងការងារ។ ប៉ុន្តែ វាគឺជាសញ្ញាមួយដែលបង្ហាញថា ការងារហ្នឹងស្រួលពេក ឬ ម្នាក់នឹងមិនពេញចិត្តនឹងការងារ។ មនុស្សជាច្រើនត្រូវការភាពពេញចិត្តដើម្បីធ្វើការងារឱ្យបានល្អ។
៣) ភាពភ័យខ្លាច៖ ជីវិតយើងគឺខ្លីណាស់។ ដូច្នេះហើយ យើងមិនគួរចំណាយពេលទៅព្រួយបារម្ហអំពីការងារច្រើនពេកនោះទេ។ បើសិនជាអ្នកទៅធ្វើរាល់ថ្ងៃដោយក្តីបារម្ហនោះ នេះប្រហែលជាដល់ពេលដែលអ្នកត្រូវរកកន្លែងថ្មីដែលអ្នកអាចមានក្តីរីករាយជាងនេះប្រសើរជាង។
៤) ជីវិត និងគ្រួសារ៖ ការងារខ្លះ អាចទាមទារច្រើនពីបុគ្គលិក។ ការងារខ្លះអ្នកត្រូវទទួលទូរស័ព្ទរាល់ម៉ោង។ បន្ថែមពីនេះទៅទៀត អ្នកអាចនឹងត្រូវថែមម៉ោងដើម្បីបញ្ចប់ការងារថែមទៀតផង។ អ្នកខ្លះមិនសប្បាយចិត្តនោះទេ ព្រោះថាពួកគេមិនមានពេលសម្រាប់គ្រួសារដូចជាកម្មវិធីខួបកំណើតរបស់សមាជិករបស់គ្រួសារដែលពួកគេមិនអាចចូលរួមបានឬមិនអាចដាក់ច្បាប់ការងារទៅណាទៅណីបាន៕
ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.ehow.com